អ្នក​ដែល​ត្រូវ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​លើស​ង្វៀន​អាស៊ីអាគ្នេយ៍​ថ្ងៃទី​២៣-២៤​កញ្ញា​

290

(​ភ្នំពេញ​): ថ្ងៃទី​២៣ និង ២៤​កញ្ញា​លើស​ង្វៀន​ទាំង ៥​របស់​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ គឺ​សុទ្ធតែ​មានការ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ទាំងអស់​តែម្ដង​។​

​លើស​ង្វៀន​ខា​រា់​បាវ​រសៀល​ថ្ងៃទី​២៣​កញ្ញា គឺជា​ការប្រកួត​សន្សំ​ពិន្ទុ ក្នុង​ព្រឹត្តិការណ៍​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ទម្ងន់ ៦៣,៥០​គីឡូក្រាម​។ អ្នក​ប្រដាល់ ប៉ោ ភា​រិ​ទ្ធ ក្លិប​ក្រសួងកសិកម្ម ដែលមាន​ប្រវត្តិ​ប្រកួត​ចំនួន ៧៧​ដង ឈ្នះ​៧០​ដង និង​ចាញ់​៧​ដងនោះ ត្រូវ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ កង សា​យ៉ា​ម (Kong Sayam) ដែលមាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៥​ដង ឈ្នះ​៦៣​ដង ចាញ់​១១​ដង និង​ស្មើ​ពិន្ទុ​១​ដង​។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ អ្នក​ប្រដាល់​កម្ពុជា ឌុ​ម កែវ​ដា ក្លិប​ម្កុដ​រាជសីហ៍ ដែលមាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៩​ដង ឈ្នះ​៦៥​ដង ចាញ់​១២​ដង​ស្មើ​ពិន្ទុ ២​ដងនោះ ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ ផា យ៉ាក​ឡេ​ក (Pha Yaklek) ដែលមាន​ប្រវត្តិ​ប្រកួត​ចំនួន ១០១​ដង ឈ្នះ​៧៨​ដង ចាញ់​២២​ដង​ស្មើ​ពិន្ទុ ១​ដង​។​

​លើស​ង្វៀន Ganzberg Top Fighter យប់​ថ្ងៃ​២៣​កញ្ញា​នេះដែរ ក៏មាន​ការប្រកួត​ជា​មិត្តភាព​ជាមួយ​អ្នក​ប្រដាល់​ថៃ​ចំនួន ២​គូ​ដែរ​។​

​ជ័យ ស៊ី​ណេ​ត ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ផា យ៉ា​ខា​មីន (Pha Yakhamin) ក្នុង​ប្រភេទ​ទម្ងន់ ៦០​គីឡូក្រាម​។ ចាន់ ប៊ុន​ហឿន ក្លិប​និ​រោ​ធិ៍​មានជ័យ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ផាត ឆា​យ៉ាក​ភូមិ (Phat Chha Yakphum) ក្នុង​ប្រភេទ​ទម្ងន់ ៦០​គីឡូក្រាម​ដែរ​។​

​លើស​ង្វៀន​អា​ឡិច​ហ្ស​ង់​ព្រឹក​ថ្ងៃទី​២៤​កញ្ញា អ្នក​ប្រដាល់​កម្ពុជា គង់ សំបូរ សមាគម​ប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ស៊ូ​ន តិ​ភាព (Soun Tepheap) ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០​គីឡូក្រាម​។ ឯ​គូ​ពិសេស​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ រឿ​ម វណ្ណៈ ក្លិប​រាជសីហ៍​ខេត្តបន្ទាយមានជ័យ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ទេស ជីវ៉ា ក្លិប​កងពលតូច​លេខ​៧០ ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម​។​

​លើស​ង្វៀន​បាលី​ប្លេ​ក​រសៀល​ថ្ងៃទី​២៤​កញ្ញា​នេះដែរ បឺត សង្ឃឹម ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ប្រាក់ ចាន់​បាន (Prak Chanban) ក្នុង​ប្រភេទ​ទម្ងន់ ៥៧​គីឡូក្រាម​។ ឯ មាស ច័ន្ទ​មាន សមាគម​ប្រដាល់​ក្រសួងការពារជាតិ ប្រកួត​សងសឹក​ជាមួយ​អ្នក​ប្រដាល់​ថៃ លូ​ម លេង (Loom Leng) ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០​គីឡូក្រាម​។​

​ចំពោះ​ការប្រកួត​លើស​ង្វៀន​ឆ្មា​ខ្មៅ​យប់​ថ្ងៃទី​២៤​កញ្ញា​នោះ ឡុង ជិន ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ គូក ភី​ត (Kouk Phit) ក្នុង​ប្រភេទ​ទម្ងន់ ៥៧​គីឡូក្រាម​។ អ៊ុំ ចំរើន ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ចៅ វេហា​ន (Chav Veahan) ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​៕L ដោយ​៖ រ៉ូ​ហ្សា​