អ្នក​ប្រដាល់​ជើង​ខ្លាំង​នៅ​រាជធានី​ភ្នំពេញ​

1042
ចែករម្លែក

​ភ្នំពេញ​: ការប្រកួត​ប្រដាល់​ជើងឯក​រាជធានី​ភ្នំពេញ ប្រចាំឆ្នាំ​២០១៧ ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២៤​មក​នោះ បាន​ត្រូវ​បញ្ចប់​ហើយ នៅ​ថ្ងៃទី​២៨​កក្កដា នា​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​(​ស្ដា​ត​ចាស់​)​។​

​អ៊ុក ចន្ថា អនុប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា មាន​ក្លិប​ប្រដាល់​គុន​ខ្មែរ​ចំនួន​៧ ចំណុះ​រាជធានី​ភ្នំពេញ ដែលមាន​អ្នក​ប្រដាល់​ចំនួន​៣១​នាក់ ក្នុង​ប្រភេទ​ទម្ងន់​ចាប់ពី​៥១​គីឡូក្រាម ដល់​៧១​គីឡូក្រាម ចូលរួម​ប្រកួត​។ ក្រៅពីនោះ មាន​អ្នក​ប្រដាល់​សាកល​ចាប់ពី​ប្រភេទ​ទម្ងន់​៤៥ ដល់​៦៩​គីឡូក្រាម ចំនួន​១៦​នាក់ បាន​ចូលរួម​ប្រកួត​ដែរ​។​

​លោក​អនុប្រធាន​មន្ទីរ​បាន​ចាត់ទុកថា នេះ​ជាការ​ប្រកួត​ដ៏​ល្អ​មួយ ដោយ​ទាំង​អាជ្ញាកណ្ដាល​-​ចៅក្រម បាន​បំពេញការងារ​ដោយ​យុត្តិធម៌ ឯ​អ្នក​ប្រដាល់​ក៏មាន​វិន័យ​ល្អ​គោរព​ពេល​ម៉ោង​ប្រកួត ប្រធាន​ក្លិប​គ្រូ​ប្រដាល់​ក៏​គ្រប់គ្រង​កីឡាករ​របស់ខ្លួន​បានល្អ និង​គោរព​ពេលវេលា​ប្រកួត​ទៀតផង​។​

​លោក​ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន បាន​មានប្រសាសន៍​ដែរ​ថា ការប្រកួត​លើក​នេះ សមត្ថភាព​អ្នក​ប្រដាល់​មានការ​រីកចម្រើន​ជាង​លើក​ណាៗ​ទាំងអស់​។ លោក​បាន​សំណូមពរ​ឲ្យ​អ្នក​ប្រដាល់​ទាំងអស់​ប្រកួត​គ្នា​ក្នុងន័យ​សាមគ្គី​មិត្តភាព អធ្យាស្រ័យ ញញឹម​រកគ្នា គឺ​ប្រកួត​គ្នា​តែ​លើស​ង្វៀន​បាន​ហើយ​។​

​ចំពោះ​អាជ្ញាកណ្ដាល​-​ចៅក្រម ដែល​បំពេញការងារ​បានល្អ​ហើយ​នោះ ត្រូវ​បន្ត​ពង្រឹង​នូវ​ការងារ​របស់ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។​

​គួ​បញ្ជាក់ថា ឆ្លងកាត់​ការប្រកួត​រយៈពេល​៥​ថ្ងៃនេះ ក្លិប​អេ​ភូ​ថង​កីឡា​បានទទួល​ពាន​ធំ​ក្នុងឋានៈ​ជា​ក្លិប​ដែល​ដណ្ដើមបាន​មេដាយ​ច្រើនជាងគេ ឯ​លេខ ២​បាន​ទៅ​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ និង​លេខ​៣ បាន​ទៅ​ក្លិប​និរោធ​ន៍​មានជ័យ​៕ ដោយ​៖ រ៉ូ​ហ្សា​