អ្នក​ប្រដាល់​ម្នាក់​ត្រូវ​ដឹក​ទៅ​មន្ទីរពេទ្យ​វះកាត់​ខួរក្បាល​ជាបន្ទាន់ ក្រោយ​ត្រូវ​មួយ​ដៃ​ចំក្បាល​សន្លប់​ធំ​នៅ​ទឹក​ទី​១០

1866
ចែករម្លែក

​អ្នក​ប្រដាល់ ផា​ទ្រី​ក ដេ (Patrick Day) បានទទួល​ការវះកាត់​ខួរក្បាល​ជាបន្ទាន់ បន្ទាប់ពី​ទទួលរង​ការ​ប្រកាច់ ក្រោយ​ត្រូវ​វាយ​ឱ្យ​សន្លប់​ដ៏​ធ្ងន់ធ្ងរ​នៅក្នុង​ការប្រកួត​ជាមួយ ឆា​លី ខុន​វែ​ល (Charles Conwell)​។​

​ដេ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​បន្ទាប់ពី​ត្រូវបាន​វាយ​ឱ្យ​សន្លប់​យ៉ាង​អាក្រក់​អា​ក្រី​នៅ​ទឹក​ទី ១០ ពី​សំណាក់​ខុន​វែ​ល​នៅក្នុង​ទីក្រុង​ឈី​កា​ហ្គោ​កាលពី​យប់​ថ្ងៃ​សៅរ៍​ទី​១២​តុលា​។​

​យោងតាម​ទូរទស្សន៍ ESPN បានឱ្យដឹងថា ដេ​បាន​សន្លប់​ធំ បន្ទាប់ពី​ការវះកាត់​លើ​ខួរក្បាល​របស់គាត់ ទោះបីយ៉ាងណា​គេ​មិនដឹង​ទេ​ថា​តើ​នោះ​មកពី​ការចាក់​ថ្នាំ​សន្លប់​ឬ​យ៉ាងណា​នោះទេ​។​

​ដេ អាយុ​២៧​ឆ្នាំ បាន​រង​នូវ​កណ្តាប់​ដៃស្តាំ​មួយ​ទំហំ​ពី​សំណាក់​ខុន​វែ​ល​នៅ​ដើម​ទឹក​ទី​១០ នៅក្នុង​ការប្រកួត​គីឡូ​ធ្ងន់ ដោយ​បណ្តាលឱ្យ​ដួលសន្លប់​និង​ប្រកាច់​នៅលើ​សង្វៀន ហើយ​ត្រូវបាន​ពេទ្យ​ព្យាបាល​នៅលើ​សង្វៀន​បន្ទាន់ មុនពេល​ក្រុម​អ្នក​សង្គ្រោះ​ដឹកយក​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ​បន្ថែមទៀត​៕ ដោយ៖ កញ្ញាដាលីស