អ្នក​ប្រដាល់​រុស្ស៊ី​អាយុ​២៨​ឆ្នាំ​ស្លាប់ បន្ទាប់ពី​រងរបួស​ខួរក្បាល​ក្នុង​សង្វៀន​

312
ចែករម្លែក

​អ្នក​ប្រដាល់​រុស្ស៊ី​ឈ្មោះ ម៉ា​ស៊ីម ដា​ដា​សេវ (Maxim Dadashev) អាយុ​២៨​ឆ្នាំ បាន​ស្លាប់​កាលពី​ថ្ងៃ​អង្គារ ទី​២៣​កក្កដា ពោលគឺ​៤​ថ្ងៃ​បន្ទាប់ពី​រងរបួស​ខួរក្បាល​នៅក្នុង​ការប្រកួត​គ្នា​នៅ​រដ្ឋ​ម៉ា​រី​លែ​ន​។

​សហព័ន្ធ​កីឡាប្រដាល់​រុស្ស៊ី​បាន​និយាយថា ដា​ដា​សេវ​បាន​ទទួលរង​នូវ​ការ​ហើម​ខួរក្បាល​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ក្នុង​ការប្រកួត​ប្រដាល់​ទម្ងន់​ស្រាល​ជាមួយ​អ្នក​ប្រដាល់​ឈ្មោះ ស៊ូ​ប​ធឺ ម៉ា​ធៀ​ស (Subter Matias) នៅឯ​សង្វៀន MGM National Harbor ក្នុង​ទីក្រុង​អូ​សូន​ហ៊ីល រដ្ឋ​ម៉ា​រី​លែ​ន​។ សហព័ន្ធ​បាន​និយាយថា អ្នក​ប្រដាល់​រូបនេះ​បានទទួល​ការវះកាត់​ប៉ុន្តែ​បេះដូង​របស់គាត់​ឈប់​ដើរ​កាល​ពីថ្ងៃ​អង្គារ​។​

​ដា​ដា​សេវ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទី​ពេទ្យ UM Prince George ភ្លាមៗ​បន្ទាប់ពី​ការប្រយុទ្ធ​គ្នា ដែល​ត្រូវបាន​បោះ​កន្សែងស​ចុះចាញ់​ដោយ​អ្នក​ឱ្យ​ទឹក​របស់គាត់ ក្រោយពី​ការប្រកួត​បាន​១១​ទឹក បន្ទាប់ពី​ដា​ដា​សេវ​រង​ការ​វាយ​ជាច្រើន​ដៃ​ចំក្បាល​។​

​វីដេអូ​ពី​ការប្រកួត​នេះ​បានបង្ហាញ ដា​ដា​សេវ ងក់ក្បាល​ជាស​ញ្ញា​ថា​មិន​អី​នោះទេ​ទៅកាន់​អ្នក​ឱ្យ​ទឹក​របស់គាត់ ខណៈដែល​គ្រូបង្វឹក​ឈ្មោះ បាត់​ឌី ម៉ាក​ហ្គឺ​ត បាន​អង្វរ​គាត់​ឱ្យ​ចុះចាញ់ ដោយ​ប្រាប់​គាត់​ថា “​ឯង​កំពុង​ទទួល​កណ្តាប់ដៃ​ច្រើនពេក​ហើយ សូមឱ្យ​ខ្ញុំ​បញ្ឈប់​ការប្រកួត​នេះ​ទៅ​”​។​

​មិនយូរប៉ុន្មាន អាជ្ញាកណ្តាល​បាន​បញ្ឈប់​ការប្រកួត តាម​សំណើ​របស់លោក​ម៉ាក​ហ្គឺ​ត​។​

​អគ្គលេខាធិការ​សហព័ន្ធ​ប្រដាល់​រុស្ស៊ី​លោក អ៊ូ​ម៉ា ក្រឹម​ឡេវ បាន​និយាយថា សហព័ន្ធ​នឹង​ស៊ើបអង្កេត​ថា​តើ​មាន​នរណាម្នាក់​ប្រព្រឹត្ត​កំហុស​ទេ​ចំពោះ​ការស្លាប់​របស់​ដា​ដា​សេវ​៕ ដោយ៖ កញ្ញាដាលីស

ដា​ដា​សេវ (​ឆ្វេង​) ស្លាប់​បន្ទាប់ពី​រងរបួស​ខួរក្បាល​នៅលើ​សង្វៀន​ប្រកួត​នៅ​រដ្ឋ​ម៉ា​រី​លែ​ន