អ្នក​ប្រដាល់​សាកល​កម្ពុជា ៧ រូប បរាជ័យ ក្នុងការ​ប្រកួត​បើកទូលាយ នៅ​ប្រទេស​ថៃ​

666
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: អ្នក​ប្រដាល់​សាកល​កម្ពុជា ៧ រូប ដែល​ក្នុងនោះ ២ រូប ជា​កីឡាការិនី​នោះ បានទទួល​បរាជ័យ នៅ​ជុំ​ទី​១ ក្នុង​ព្រឹត្តិការណ៍ The 1st Thailand Open International Boxing នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​ហើយ ។​

​លោក វ៉ែន សុផល គ្រូបង្វឹក​កីឡាប្រដាល់ ជម្រើសជាតិ បាន​រាយការណ៍ ពី​ទីក្រុង​បាងកក ប្រទេស​ថៃ ដែលជា​ទីកន្លែង​ប្រកួត​មក​ថា កីឡាករ​-​កីឡាការិនី​កម្ពុជា សុទ្ធតែ​ចាញ់ នៅ​ជុំ​ទី​១ ទាំងអស់គ្នា ។ អ្នក​ប្រដាល់ សៅ រង្សី ទម្ងន់ ៤៩ គីឡូក្រាម ដែលជា​អ្នក​ប្រដាល់​វ័យក្មេង គួរ​ឲ្យ​ទុកចិត្ត​នោះ បាន​ចាញ់​អ្នក​ប្រដាល់​ស្រីលង្កា Mutunaka Pedi Geda ។​

​អ្នក​ប្រដាល់ បាង ដុន ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៥៦ គីឡូក្រាម ប្រកួត​ចាញ់​អ្នក​ប្រដាល់​ចិន ឈ្មោះ Chen Zhihao​។ អ្នក​ប្រដាល់​កណ្ដាប់ដៃ​ធ្ងន់ ណាត សៀក និ​ន ដែល​គេ​ស្គាល់​ជាទូទៅ​ថា ពេជ្រ ម្ទេសខ្មាំង នោះ ចាញ់​អ្នក​ប្រដាល់​ចិន Shan Jun អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម​។​

​អ្នក​ប្រដាល់ យ៉ុ​ន ដា​រ័ត្ន ដែល​ប្រកួត ក្នុង​ប្រភេទ​ទម្ងន់ ៦៤ គីឡូក្រាម​នោះ ប្រកួត​ចាញ់​អ្នក​ប្រដាល់​ស្រីលង្កា Ponna Wila Vigawalage Don Drindu Du ។ អ្នក​ប្រដាល់ វី សុ​ភ័ស្ស ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៦៩ គីឡូក្រាម​នោះ ប្រកួត​ចាញ់​អ្នក​ប្រដាល់​ឥណ្ឌា Ashish ។​

​ចំពោះ​កីឡាការិនី ទាំង ២ រូប​វិញ​នោះ កីឡាការិនី នូវ ស្រី​ពៅ ដែលជា​កីឡាការិនី គួរ​ឲ្យ​សង្ឃឹម​ជាងគេ​នោះ ប្រកួត​ចាញ់​កីឡាការិនី​ឥណ្ឌា Nikhat Zareen ។ កីឡាការិនី​រូបនេះ ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម ។ កីឡាការិនី វី ស្រី​ខួច ដែល​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម​នោះ ប្រកួត​ចាញ់​កីឡាការិនី ឥណ្ឌូណេស៊ី Hasanah Huswatun ។​

​ព្រឹត្តិការណ៍​នេះ គឺជា​ឱកាស​មួយ សម្រាប់​អ្នក​ប្រដាល់​កម្ពុជា វាស់​ស្ទង់​សមត្ថភាព ព្រោះ​ឆ្នាំនេះ ជា​ឆ្នាំ​ស៊ី​ហ្គេម តែ​តាមរយៈ​ការប្រកួត​នេះ បង្ហាញថា អ្នក​ប្រដាល់​សាកល​កម្ពុជា នៅមានកម្រិត​ទាប​ណាស់ ។ ការប្រកួត​ក្នុងស្រុក មិនមាន អ្នក​ប្រដាល់ មួយចំនួន បាន​ឆ្លៀត​លួច ទៅ​ប្រកួត​គុន​ខ្មែរ ដើម្បី​បាន​លុយកាក់​ខ្លះ ដើម្បី​ចាយវាយ ។​

​ការ​ចេញទៅ​ប្រកួត​គុន​ខ្មែរ និង​ខ្លះទៀត ចេញទៅ​ប្រកួត​យុទ្ធសិល្ប៍​ចម្រុះ ដែល​គេ​ហៅថា MMA (Mixed Martial Art) នោះ ហើយ​ដែល​ធ្វើ​ឲ្យ​ពួកគេ វ៉ៃ​សាកល​មិនសូវ​ច្បាស់​នោះ ដែល​នេះ​ជា​ផ្នែក​មួយ ធ្វើ​ឲ្យ​ប្រដាល់​សាកល បង្ហាញ​ពី​ការស្រុតចុះ​នោះ ៕v

អ្នក​ប្រដាល់​សាកល​កម្ពុជា ពេល​ចេញទៅ​ប្រកួត​នៅ​ថៃ​
អ្នក​ប្រដាល់​សាកល​កម្ពុជា ពេល​ចេញទៅ​ប្រកួត​នៅ​ថៃ​
អ្នក​ប្រដាល់​សាកល​កម្ពុជា ពេល​ចេញទៅ​ប្រកួត​នៅ​ថៃ​
អ្នក​ប្រដាល់​សាកល​កម្ពុជា ពេល​ចេញទៅ​ប្រកួត​នៅ​ថៃ​