អ្នក​ប្រដាល់​សិច​ស៊ី​ជប៉ុន​កំពុង​ធ្វើឱ្យ​កក្រើក​ពេញ​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត​

1060

​នាង ថូ​ម៉ូ​មី តា​កា​ណូ (Tomomi Takano) ដែលជា​តារា​បង្ហាញ​ម៉ូត​និង​ជា​អ្នក​ប្រដាល់​អាជីព​នៅ​ទីក្រុង​តូ​ក្យូ ថ្មីៗ​នេះ បានធ្វើឱ្យ​កក្រើក​បណ្តាញ​សង្គម Instagram ជាមួយ​សមត្ថភាព​រប​ស់​នាង​ក្នុងការ​រួមបញ្ចូល​សម្រស់​និង​កម្លាំង​របស់​នាង​។​

​ជាធម្មតា កីឡាប្រដាល់​ត្រូវបាន​គេ​មើលឃើញថា​ជា​កីឡា​សម្រាប់​បុរស​។ ទោះយ៉ាងណា មាន​នារី​កាន់តែ​ច្រើនឡើង​បានបង្ហាញ​ថា កីឡា​នេះ​មិន​ត្រឹមតែ​សម្រាប់​បុរស​ទេ ហើយ ថូ​ម៉ូ​មី តា​កា​ណូ គឺជា​កីឡាការិនី​ម្នាក់​ក្នុងចំណោម​ពួកគេ​។ អ្នក​ប្រដាល់​ស្រី​អាយុ ៣០ ឆ្នាំ​មកពី​សង្កា​ត់ស៊ូ​មី​ដា ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​រូបនេះ បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​មនុស្ស​គ្រប់គ្នា​នៅលើ​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត ជាមួយ​រូបភាព​បង្ហោះ​លើ​គណនី Instagram របស់​នាង​បាន​ផ្ទុះឡើង​យ៉ាង​កក្រើក​។​

​មើល​មួយ​ភ្លែត នារី​ជើងវែង​រាង​ស្លី​ម​ខ្ពស់​ទាក់ទាញ​រូបនេះ​មើលទៅ​ហាក់ដូចជា​នាង​មិន​ចូលរួម​នៅក្នុង​ប្រភេទ​កីឡា​ប្រយុទ្ធ​ទេ ជាពិសេស​នៅពេល​គេ​ឃើញ​នាង​នៅ​ខាងក្រៅ​សង្វៀន​។ ប៉ុន្តែ​ឥឡូវ​នាង​បាន​បូជាជីវិត​នាង​ទាំងស្រុង​ដើម្បី​កីឡាប្រដាល់ ដែល​តម្រូវឱ្យ​នាង​អនុវត្តតាម​កាលវិភាគ​ហ្វឹកហាត់​ដ៏​តឹងរ៉ឹង​ដើម្បី​រក្សា​រាងកាយ​មាំមួន​ខ្លាំងក្លា​។​

​នាង​ថូ​ម៉ូ​មី​បាន​ហ្វឹកហាត់​ប្រដាល់​រាប់​ឆ្នាំ​កាល​នៅ​រៀន​វិទ្យាល័យ ប៉ុន្តែ​នាង​បានចាប់ផ្តើម​ជា​អ្នក​ប្រដាល់​អាជីព​ដំបូង​នៅ​ខែមេសា ឆ្នាំ​២០១៣​។ ចាប់តាំងពី​ពេលនោះ​មក​នាង​មិនដែល​បញ្ឈប់​ការទាក់ទាញ​ចំណាប់អារម្មណ៍​សាធារណជន​ជាមួយ​ការតស៊ូ​ព្យាយាម​និង​ការប្តេជ្ញាចិត្ត​របស់​នាង​ម្តងណា​ឡើយ​។​

​ទន្ទឹមនឹង​នេះដែរ នាង​មិនបាន​បោះបង់ចោល​នូវ​ភាពជា​ស្ត្រី​ស្រស់ស្អាត​របស់​នាង​នោះដែរ​។ អម​ជាមួយនឹង​រូបថត​និង​វី​ឌី​អូ​នៃ​ការហ្វឹកហាត់​របស់​នាង ថូ​ម៉ូ​មី​ក៏​ធ្វើឱ្យ​អ្នក​ចុច Subscribe វីដេអូ​របស់​នាង​ភ្ញាក់ផ្អើល​ជាខ្លាំង​ផងដែរ ជាមួយនឹង​សម្រស់ និង​រាងកាយ​ស្អាត​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​របស់​នាង​៕ ដោយ៖ កញ្ញាដាលីស

នាង ថូ​ម៉ូ​មី តា​កា​ណូ