អ្នក​ប្រដាល់​អាវកាក់​ពណ៌​លឿង ជាប់គុក​មួយ​ឆ្នាំ​និង​ត្រូវ​ហាម​ចូល​ក្រុងប៉ារីស​កន្លះ​ឆ្នាំ​ដោយ​សារ​វ៉ៃ​ប៉ូលិស​

365
ចែករម្លែក
  • 43
    Shares

​អតីត​អ្នក​ប្រដាល់​បារាំង​ដែល​បាន​ចូលរួម​ក្នុង​បាតុកម្ម​នៃ​ចលនា​អាវកាក់​ពណ៌​លឿង​របស់​បារាំង​ហើយ​បាន​ក្លាយជា​វីរបុរស​ក្រោយពី​បាន​ដាល់​ប៉ូលិស​ក្នុងអំឡុង​បាតុកម្ម​មួយ​​ត្រូវបាន​ដាក់​ទោស​អោយ​ជាប់គុក​១​ឆ្នាំ​កាល​ពី​ថ្ងៃ​ពុធ​ទី​១៣​កុម្ភៈ​។​

​ក្រៅពី​ជាប់គុក​មួយឆ្នាំ អតីត​អ្នក​ប្រដាល់​រូបនេះ​ក៏​ត្រូវ​ព្យួរទោស​១៨​ខែ ហាម​មិន​អោយ​ចូល​ក្រុង​ប៉ារីស​៦​ខែ​និង​ត្រូវ​បង់ប្រាក់​ជូន​ជនរងគ្រោះ​ជា​ប៉ូលិស​ពីរ​នាក់ ម្នាក់​២០០០​អឺរ៉ូ និង​ម្នាក់​ទៀត​៣០០០​អឺរ៉ូ​។​

​ដោយ​មិន​ធ្វើ​តាម​ការទាមទារ​អោយ​ដាក់ទោស​ធ្ងន់​ពី​រដ្ឋអាជ្ញា ចៅក្រម​បាន​និយាយថា​លោក គ្រីស្តូហ្វ ដេ​តទីង​ហ្គ័​រ អតីត​ជើងឯក​ប្រដាល់​ទម្ងន់​ធ្ងន់​ជំរើស​ជាតិ ទទួល​លក្ខខណ្ឌ​​ជាប់គុក​ស្រួល គឺ​លោក​អាច​ធ្វើការ​នៅ​ពេល​ថ្ងៃ​។​

​ដេ​តទីង​ហ្គ័​រ អាយុ​៣៧​ឆ្នាំ បាន​ស្ថិត​ក្នុង​កន្លែង​ឃុំ​ខ្លួន​របស់​ប៉ូលិស​ចាប់​តាំងពី​លោក​បាន​ប្រគល់​ខ្លួន​អោយ​ប៉ូលិស​ក្រោយ​ការ​ដាល់​សមត្ថកិច្ច​កាលពី​ខែ​មុន​។​លោក​ត្រូវ​គេ​ថត​បាន​​កាលពី​ថ្ងៃ​៥​មករា ពេល​បញ្ចេញ​កណ្តាប់ដៃ​លើ​ប៉ូលិស​ម្នាក់​ក្នុងអំឡុងពេល​ប៉ះទង្គិច​នៅលើ​ស្ពាន​ថ្មើរជើង​មួយ​នៅ​ពីលើ​ទន្លេ​សែន​ក្នុង​ក្រុង​ប៉ារីស​។​រូបនោះ ត្រូវបាន​យក​ទៅ​ផ្សាយ​ក្នុង​​ទូរទស្សន៍​និង​បណ្តាញ​សង្គម និង​ក៏​ត្រូវ​ចាក់​បង្ហាញ​សាជាថ្មី​នៅក្នុង​តុលាការ​កាលពី​ថ្ងៃ​ពុធ ដែល​បង្ហាញដេ​តទីង​ហ្គ័​រ កំពស​១,៩​ម៉ែត្រ បាន​ដាល់​ប៉ូលិស​ម្នាក់ និង​បន្ទាប់មក​ធាក់​​ប៉ូលិស​ម្នាក់​ទៀត​។​

​ឪពុក​កូន​បី​រូបនេះ ដែល​មិន​ធ្លាប់​ប្រវត្តិ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ពីមុនមក បាន​សុំទោស​ចំពោះ​អំពើ​របស់​ខ្លួន​ដោយ​លោក​បាន​និយាយថា​«​ខ្ញុំ​ចង់​បញ្ឈប់​ភាពអយុត្តិធម៌ តែ​ទីបញ្ចប់​បាន​​បង្កើត​វា​មួយ​ទៀត​»​។​លោក​សោកស្តាយ​ចំពោះ​កំហុស​នេះ និង​ថា​វា​បង្កឡើង​ដោយ​កំហឹង​ចំពេល​មាន​ការប្រើ​អំពើហិង្សា​លើ​បាតុករ​។​

​ទោះជា​ត្រូវ​ដាក់ទោស ក៏​ជនជាតិ​បារាំង​ខ្លះ​ចាត់ទុកដេ​តទីង​ហ្គ័​រ ជា​វីរបុរស ដោយសារ​តែ​ហ៊ាន​ចាត់ការ​លើ​ប៉ូលិស​។​ករណី​របស់​លោក​បាន​បង្ក​សមានចិត្ត​អាណិតអាសូរ​ក្នុងចំណោម​​ពួក​អាវកាក់​ពណ៌​លឿង​និង​អ្នកគាំទ្រ ដោយ​ពួកគេ​បាននាំគ្នា​រៃ​អង្គាស​ប្រាក់​បាន​១១៧.០០០​អឺរ៉ូ ដើម្បី​ជួយ​ដេត​ទិង​ហ្គ័​របង់​ថ្លៃ​ឡើង​តុលាការ​។​

​ចលនា​អាវកាក់​ពណ៌​លឿង បាន​កើតចេញ​ពី​ការតវ៉ា​របស់​អ្នកបើកបរ​ប្រឆាំងនឹង​ការដំឡើង​ពន្ធ​ប្រេង ដោយ​វា​បាន​រីក​ធំ​ប្រែ​ក្លាយទៅជា​ចលនា​ប្រឆាំង​គោលនយោបាយ​សេដ្ឋកិច្ច​​និង​ស្ទីល​ដឹកនាំ​របស់​លោក​ប្រធានាធិបតី អេម​ម៉ានុយ​អែល ម៉ា​ក្រុង​។​

​ចាប់តាំងពី​វា​បានចាប់ផ្តើម មនុស្ស​១.៧៩៦​នាក់​ត្រូវបាន​ចោទប្រកាន់​និង​ដាក់ទោស ភាគ​ច្រើន​ចំពោះ​ការបំផ្លាញ​ទ្រព្យ​សាធារណៈ​និង​វាយ​ប៉ូលិស​។​មនុស្ស​១.៤២២​នាក់​ទៀត​នៅ​រង់​​ចាំ​ការនាំ​ឡើង​វ​សនា​ការ​,​នេះ​បើ​តាម​ការបញ្ជាក់​ពី​រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង​៕​ដោយ​៖​វាសនា​

ដេ​តទីង​ហ្គ័​រ ដាល់​ប៉ូលិស​កាលពី​ថ្ងៃ​៥​មករា នៅ​ក្រុងប៉ារីស​