អ្នក​ប្រឡង​បវរកញ្ញា​វគ្គ​ផ្តាច់ព្រ័ត្រ​សិង្ហ​បុរី​ច្រើន​នាក់​កំពុង​កើត​ជំងឺផ្លូវចិត្ត ដោយសារ​ការរិះគន់​អវិជ្ជមាន​ពី​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​

1855
ចែករម្លែក

​អ្នករៀបចំ​កម្មវិធី​ប្រឡង​បវរកញ្ញា​សិង្ហ​បុរី គឺ​ក្រុមហ៊ុន ERM Singapore Marketing បានរៀបចំ​ការប្រឹក្សា​យោបល់​សម្រាប់​អ្នក​ប្រឡង​បវរកញ្ញា​វគ្គ​ផ្តាច់ព្រ័ត្រ បន្ទាប់ពី​ពួកនាង​ត្រូវបាន​គេ​រាយការណ៍​ថា​មាន​បញ្ហា​ផ្លូវចិត្ត​ដោយសារតែ​ពាក្យសម្តី​ប៉ះពាល់​ផ្លូវចិត្ត​ពី​សំណាក់​ពួក​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​មួយចំនួន​។​

​យោងតាម​សារព័ត៌មាន​ពី Shin Min Daily News បានឱ្យដឹងថា អ្នក​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ខ្លះ​មានការ​ភ័យខ្លាច​ក្នុងការ​បង្ហាញខ្លួន​ជា​សាធារណៈ​បន្ទាប់ពី​ឧបទ្ទវ​ហេតុនេះ​។​

​អ្នកផ្សេង​ទៀត​មាន​អារម្មណ៍​ភ័យខ្លាច​នៅពេលដែល​ពួកនាង​ឃើញ​មាន​នរណាម្នាក់​ដក​ទូរស័ព្ទ​របស់​ពួកគេ​ចេញពី​ហោប៉ៅ ដោយ​នឹក​គិតថា​ពួកនាង​នឹងត្រូវ​បាន​គេ​ថតរូប​ឬ​ថត​វីដេអូ​។​

​រឿងនេះ​កើតឡើង​បន្ទាប់ពី​មាន​ភាពច្របូកច្របល់​កាលពី​ខែកក្កដា ជាទី​ដែល​អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេ​ត​បាន​រិះគន់​អ្នក​ប្រឡង​បវរកញ្ញា​ចំនួន ១៦ នាក់​ក្នុងចំណោម ១៩ នាក់ ដោយ​និយាយថា ពួកនាង “​មិន​ស្អាត​” និង “​គួរឱ្យ​ស្អប់ខ្ពើម​”​។​

​អ្នក​ប្រកួត​ផ្ដាច់ព្រ័ត្រ​មួយរូប​ថែមទាំង​ទទួលបាន​ការឆ្លើយតប​ដោយ​និយាយថា​រូបរាង​របស់​នាង​បែប​ហ្នុ​ង​គឺ​បណ្តាលមកពី​គ្រោះថ្នាក់​ចរាចរណ៍​។​

​អ្នក​ប្រឡង​ផ្ដាច់ព្រ័ត្រ​ម្នាក់ទៀត​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​ជនរងគ្រោះ​បានទទួល​រង​ពី​ជំងឺ​ខ្វល់ខ្វាយ ហើយ​នាង​មិន​ហ៊ាន​ចេញទៅ​ក្រៅ​ទេ ហើយ​ថែមទាំង​ខកខាន​មក​ហ្វឹកហាត់​ពីរ​បី​ថ្ងៃ​ទៀតផង​។​

​អ្នក​ប្រឡង​ផ្ដាច់ព្រ័ត្រ​អាយុ ១៩ ឆ្នាំ​រូបនោះ​បាន​និយាយថា “​នៅពេល​យើង​ដឹង​អំពី​ស្ថានភាព​របស់​នាង យើង​មាន​អារម្មណ៍​សោកសៅ​ដោយសារ​សម្តី​អវិជ្ជមាន​របស់​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​។ ពួកគេ​បានធ្វើឱ្យ​យើង​អន់ចិត្ត​”​។​

​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន ERM Singapore Marketing បាន​បង្ហាញថា​ដោយសារតែ​ការរិះគន់​យ៉ាងខ្លាំង​ពេក អ្នក​ប្រឡង​ផ្តាច់ព្រ័ត្រ​ខ្លះ​មានការ​ភ័យខ្លាច​នៅពេល​ពួកនាង​ឃើញ​មាន​នរណាម្នាក់​ផ្សេងទៀត​កំពុង​ប្រើ​ទូរស័ព្ទ ដោយ​មិន​ប្រាកដថា​ពួកគេ​កំពុង​លួច​ថតរូប​ខ្លួន​ឬ​អត់​។​

​នាង​បាន​បន្ថែមថា “​អ្នក​ប្រឡង​ផ្តាច់ព្រ័ត្រ​ខ្លះ​នៅ​ក្មេង​ល្ហក់​នៅឡើយ ហើយ​ប្រហែលជា​មិនអាច​ដឹង​ពី​របៀប​ដោះស្រាយ​បញ្ហា​អវិជ្ជមាន​បានទេ​។ ដូច្នេះ​ក្រុមហ៊ុន​នេះ​បានរៀបចំ​ក្រុមប្រឹក្សា​ដើម្បី​ជួយ​ពួកនាង​ឱ្យ​រកឃើញ​ទំនុកចិត្ត​មកវិញ ពោលគឺ​មួយ​សប្តាហ៍​បន្ទាប់ពី​ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​”៕ ដោយ៖ កញ្ញាដាលីស

បេ​ក្ខ​នារី​ប្រឡង​បវរកញ្ញា​សិង្ហ​បុរី​កំពុង​កើត​ជំងឺផ្លូវចិត្ត​ពី​ការរិះគន់​មិន​សំចៃមាត់​របស់​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត