(កំពត): អ្នកភូមិដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពតស្ថិតក្នុងវ័យចំណាស់ៗ បានសម្តែងនូវក្តីភ័យព្រួយពីការបាត់បង់ចំណេះជំនាញផលិតក្អមដែលបន្សល់ទុកពីបរមបុរាណព្រោះតែ យុវវ័យជំនាន់នេះមិនចាប់អារម្មណ៍ ដោយស្រវាយកការងារផ្សេងវិញនោះ។
ស្ត្រីឈ្មោះនាក់ ស្រី អាយុ ៥៦ឆ្នាំ រស់នៅភូមិដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត បានរៀបរាប់ថា តាំងពីបរមបុរាណតរៀងមក ក្នុងភូមិនេះមិនមានផ្ទះណាមួយដែលមិនធ្វើក្អមដីលក់ នោះទេ។ ប៉ុន្តែសព្វថ្ងៃនៅមិនដល់៥០ផ្ទះផង ហើយអ្នកកំពុងធ្វើសុទ្ធតែមនុស្សវ័យចំណាស់ៗទៀតផង។ ដោយសារការងារសម្បូរ ក្មេងៗពេញកម្លាំងគេមិនខ្វល់ទេ ខ្លះនាំគ្នាចាកចេញពីភូមិស្រុក ដោយមិនបានចាប់អារម្មណ៍រឿងធ្វើក្អមដូចអ្នកជំនាន់មុនសោះ។
ស្ត្រីដដែលសម្តែងការព្រួយបារម្ភថា នៅថ្ងៃក្រោយអស់ពីចាស់ៗទៅប្រហែលជាចំណេះជំនាញនេះត្រូវបាត់បង់ហើយ។ ពាក់ព័ន្ធដំណើរការផលិតក្អម ស្ត្រីរូបនេះបានរៀបរាប់ថា ក្អមមិនមែនដីណាក៏អាចធ្វើបាននោះទេ ពោលគឺលុះត្រាតែជាប្រភេទដីបាតភ្នំ។ តាំងពីដើមរហូតដល់សព្វថ្ងៃ អ្នកភូមិនាំគ្នាទៅជីកកាយពីជើងភ្នំសែនហានក្នុងជម្រៅប្រមាណពីប្រាំទៅប្រាំមួយម៉ែត្រ។ ដំបូងឡើយ ត្រូវយកដីនោះមកបុកឱ្យម៉ដ្តហុយដូចធូលី ទើបចាក់ទឹកលាយច្របាច់រហូតសាច់ទន់អាចចាប់ធ្វើចេញជារាងបាន។ បន្ទាប់ពីនេះ ត្រូវហាលថ្ងៃឱ្យរឹងស្ងួតមុននឹងយកទៅដុត ដើម្បីបញ្ចៀសពីការផ្ទុះខាតបង់។
ស្ត្រីរូបនេះបញ្ជាក់ថា បើសិនមិនមានការរំខានដោយការមើលចៅទេនោះ ក្នុងមួយថ្ងៃគាត់អាចធ្វើបានចន្លោះពី២០ទៅ៣០ក្អម ដែលក្អមមួយលក់បានតម្លៃ៨.០០០រៀល ហើយគេមកទិញដល់ផ្ទះតែម្តង។
លោក ហ៊ុន ម៉ាន់ មេឃុំសំរោងលើបានរៀបរាប់ថា ពីមុនគេហៅក្រៅភូមិដំណាក់ចំបក់នោះថាជា ភូមិក្អមព្រោះស្ទើរតែមួយរយភាគរយនៃគ្រួសារទាំងអស់នាំគ្នាធ្វើក្អមដីលក់។ ប៉ុន្តែបច្ចុប្បន្ន ក្នុងចំណោម ពលរដ្ឋជិត៤០០គ្រួសារ នៅតែជាង៣០គ្រួសារប៉ុណ្ណោះបន្តរក្សាមុខរបរពីបរមបុរាណនេះ។
លោកមេឃុំ បញ្ជាក់ថា ការពិតចំណូលបានមកពីការធ្វើក្អមសមល្មមនឹងកម្លាំងពលកម្មដែរ តែអាចជួបការលំបាកលើបញ្ហារកអុស ចំបើងមកដុត និងខ្វះកម្លាំងក្នុងការជីកកាយដីបាតភ្នំនោះ។ ម្យ៉ាងទៀត ឮថាដីទ្រព្យសម្បត្តិរបស់រដ្ឋស្ថិតក្នុងភូមិសាស្ត្រស្រុកអង្គរជ័យដែលពួកគាត់តែងយកមកប្រើប្រាស់តាំងពីបុរាណកាលមក ត្រូវបានគេហ៊ុមព័ទ្ធប៉ុនប៉ងកាន់កាប់ជាកម្មសិទ្ធិផងដែរ។ លោកមេឃុំបានបញ្ជាក់ថា មួយផ្នែកទៀត ការ ដាំដុះដំណាំរយៈពេលខ្លី ដូចជាពោត ល្ហុង និងបន្លែផ្សេងៗអាចរកចំណូលបានច្រើនជាងទើបនាំគ្នាផ្លាស់ ប្តូរមុខរបរចាស់ចោល៕L ដោយ: បូកគោ
