អ្នក​ផលិត​ជម្នះ​ឧបសគ្គ​ក្នុង​ការធ្វើ​ស្ករត្នោត​ប្រកបដោយ​គុណភាព​និង​រក្សា​កេរ​ឈ្មោះ​តំបន់​

612
ចែករម្លែក

ដោយ​បូកគោ​/​កំពត​:​បម្រែបម្រួល​អាកាសធាតុ​បាននិងកំពុង​ជះឥទ្ធិពល​អាក្រក់​ដល់​អ្នក​ផលិត​ស្ករត្នោត​ដោយ​ទិន្នផល​ដែល​ទទួលបាន​មាន​បរិមាណ​ថយចុះ​ស្ទើរ​ពាក់កណ្តាល​នៃ​បណ្តា​ឆ្នាំមុនៗ​។

ទោះបី​ការលំបាក​កំពុង​កើត​ឡើងលើ​ច្រើន​ករណី​តែ​អ្នក​ផលិត​បាន​តាំងចិត្ត​ជម្នះ​នូវ​ឧបសគ្គ​ទាំងនោះ​បំណង​ផលិត​ស្ករត្នោត​ប្រកបដោយ​គុណភាព​និង​រក្សា​កេរ​ឈ្មោះ​តំបន់​ដែល​ធ្លាប់​ល្បីល្បាញ​ត​មិនឱ្យ​បាត់បង់​។​

ក្នុង​វ័យ​៤២​ឆ្នាំ​កសិករ​អែ​ង៉េ​ន​រស់នៅ​ភូមិ​ព្រៃ​តុម្ព​ឃុំ​ព្រៃ​ឃ្មុំ​ស្រុក​ទឹកឈូ​ខេត្តកំពត​បាន​រៀបរាប់ថា​ក្រៅពី​ការងារ​ស្រែវស្សា​ខ្លួន​ប្រក​បរបរ​ធ្វើ​ស្ករត្នោត​រយៈពេល​ជាង​២០​ឆ្នាំ​មកហើយ​ពោលគឺ​ចាប់តាំងពី​ក្រោយ​រៀប​មង្គលការ​ម្ល៉េះ​។​មុខរបរ​នេះ​រវល់​រួមគ្នា​ទោះបី​មានការ​ចាំបាច់​នៅ​ខាងក្រៅ​ក៏ត្រូវ​ធ្វើឱ្យ​រួចរាល់​ដែរ​ទើប​អាច​ចេញដំណើរ​បាន​។

កសិករ​រូប​នោះបាន​បន្តថា​ពីមុន​ងាយស្រួល​តាំងពី​កា​រក​អុស​មក​ដុត​រំងាស់​ដោយ​ដើរ​កាប់​នៅ​តំបន់​ជិតៗ​ហើយ​ទិន្នផល​ក៏​ទទួលបាន​ច្រើន​ដែរ​។​ប៉ុន្តែ​បច្ចុប្បន្ន​ពិសេស​ឆ្នាំនេះ​បរិមាណ​ស្ករ​ទទួលបាន​ត្រឹម​ប្រាំបី​គីឡូក្រាម​ប៉ុណ្ណោះ​ខណៈដែល​បណ្តា​ឆ្នាំមុនៗ​មាន​រហូតដល់​១៥​គីឡូក្រាម​ក្នុង​មួយថ្ងៃ​សម្រាប់​ការឡើង​ត្នោត​ចំនួន​១២​ដើម​ដដែល​នោះ​។

​ចំណែក​អុស​ដុត​រំងាស់​វិញ​ត្រូវ​ទិញ​មួយ​គោយន្ត​តម្លៃ​២០​ម៉ឺន​រៀល និង​ជួល​គេ​ពុះ​បន្ថែមទៀត​។ ការធ្លាក់ចុះ​បរិមាណ​ទឹកត្នោត​អាច​បណ្តាលមកពី​មេឃ​ក្តៅ​ក៏​ថា​បាន​ហើយ​ដើម​ភាគច្រើន​ធ្លាក់​ធាង​សំ​យ៉ុង​ប្រែ​ពណ៌​ក្រហម​ខ្សោយកម្លាំង​ធ្វើឱ្យ​ស្ករ​បាន​តិច​។​កសិករ​អែ​ង៉េ​ន​បាន​បញ្ជាក់ថា​ស្ករត្នោត​ខេត្តកំពត ពិសេស​នៅ​ឃុំ​ព្រៃ​ឃ្មុំ​ធ្លាប់​មានឈ្មោះ​ល្បី​ថា​ជា​ស្ករ​សុទ្ធ និង​មានគុណ​ភាពល្អ​។

​សព្វថ្ងៃ​ហាក់ដូចជា​ចាញ់​ស្ករ​កំពង់ស្ពឺ​ដោយសារ​អ្នក​ផលិត​ខ្លះ​យក​ស្ករ​សម​កលាយ​ធ្វើឱ្យ​អតិថិជន​បាត់​ជំនឿ​ព្រោះតែ​ទុក​មិន​បានយូរ​ក្លាយជា​ពពុះ​និង​មាន​ក្លិនស្អុយ​។​ប៉ុន្តែ​សម្រាប់​ខ្លួន​ទោះបី​ទទួល​ទិន្នផល​ទាប​យ៉ាងណា​ក៏​មិន​កែប្រែ​ដាច់ខាត គឺ​នៅតែ​បន្តធ្វើ​តាមបែប ធម្មជាតិ​ដើម្បី​ស្ករ​មាន​គុណភាព និង​រក្សា​កេរ​ឈ្មោះ​ធ្លាប់​ល្បីល្បាញ​ជា​យូរ​មកហើយ​។

​អ្នក​ផលិត​ស្ករ​ដដែល​បាន​បន្តថា​កាលពី​អ្នកផ្សេង​នាំគ្នា​បែកគំនិត​លាយ​ស្ករស​ខ្លួន​ជួប​ការលំបាក​ព្រោះ​តម្លៃ​របស់គេ​ថោក​ជាង​តែ​ក្រោយពី​អ្នកទិញ​ភាគច្រើន​បាន​យល់​ពេលនេះ​ខ្លួន​ធ្វើ​មិន​គ្រប់​ឱ្យ​ភ្ញៀវ​ផង​ដោយ​អ្នកខ្លះ​ក​ម្ម៉​ង់​ទុក​សម្រាប់​ផ្ញើ​បងប្អូន​នៅក្រៅ​ប្រទេស​ក៏មាន​។​

​លោក​ជួន​សា​រ៉ា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពត​បានបញ្ជាក់​ថា​ករណី​ដើមត្នោត​ធ្លាក់​ធាង​សំ​យ៉ុង​នោះ​ដោយសារ​អាកាសធាតុ​ក្តៅ​មិនមែន​បណ្តាលមកពី​កើត​ជំងឺ​ទេ​។​ត្នោត​ក៏​ដូច​រុក្ខជាតិ​ដទៃ​កាលណា​កម្លាំង​ខ្សត់ខ្សោយ នោះ​ការផ្តល់​ទិន្នផល​ក៏​ថយចុះ​ដែរ​៕S/