អ្នក​ផ្លាស់ប្តូរ​សកលលោក​ឆ្នាំ​២០១៨ ៖ ប្រធានាធិបតី​សម្រេចចិត្ត​លឿនៗ ដូ​ណា​ល់ ត្រាំ​

1304
ចែករម្លែក

​រដ្ឋមន្ត្រី​ការពារជាតិ​លាលែង​ពី​តំណែង​ដើម្បី​តវ៉ា​ចំពោះ​របៀបវារៈ​គោលនយោបាយ​ការបរទេស​របស់​មេដឹកនាំ​របស់ខ្លួន ការ​ដកទ័ព​អាមេរិក​ចេញ​ពុំបាន​ពិគ្រោះ​យោបល់​ជាមួយ​សម្ព័ន្ធមិត្ត អង្គការ​មូលនិធិ​សប្បុរសធម៌​របស់លោក​ប្រធានាធិបតី​ត្រូវបាន​ចោទប្រកាន់​ពី​ប្រព្រឹត្ត​ខុសច្បាប់​និង​ត្រូវ​បង្ខំ​ឱ្យ​បិទទ្វារ អតីត​ទីប្រឹក្សា​សំខាន់​កំពុង​ឡើង​តុលាការ និង រដ្ឋាភិបាល​ត្រូវបាន​បិទ​នៅ​ថ្ងៃបុណ្យ​ណូអែល​។​

​មួយឆ្នាំ​កន្លងទៅ​គឺជា​ឆ្នាំ​ដ៏​អស្ចារ្យ​សម្រាប់​មេដឹកនាំ​ភាគច្រើន​។ ហើយពីរ​បី​ថ្ងៃ​នៅ​ចុងក្រោយ​នៃ​ខែធ្នូ​ក៏​ចាត់ទុកថា​អស្ចារ្យ​សម្រាប់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​ដែរ​។​

ប្រធានាធិបតី​អាមេរិក លោក​ដូ​ណា​ល់ ត្រាំ

​ក្នុង​ឆ្នាំ ២០១៨ លោក​ត្រាំ​បាន​បន្ត​វិធីសាស្ត្រ​វាយ​សំពង​មិន​ប្រណី​ដៃ​ក្នុង​វិស័យ​ការទូត​របស់គាត់ ខណៈដែល​គណបក្ស​ប្រជាធិបតេយ្យ​បាន​វាយ​សំពង​មួយ​ព្រនុង​វិញ​នៅក្នុង​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​មកលើ​របៀបវារៈ​ក្នុងស្រុក​របស់​រដ្ឋបាល​ត្រាំ ហើយ​ការស៊ើបអង្កេត​របស់លោក​មូល​ល័​រ​អំពី​រុស្ស៊ី​ជ្រៀតជ្រែក​ការបោះឆ្នោត​អាមេរិក កាន់​តែមាន​សភាព​ក្តៅគគុក​ឡើង​។​

​ពិភពលោក​មិនដែល​ឃើញ​មេដឹកនាំ​ណា​ម្នាក់​ដូចជា​លោក​ត្រាំ​ទេ​។ គាត់​ជា​ប្រធានាធិបតី​ដែល​បានធ្វើឱ្យ​សណ្តាប់ធ្នាប់​អន្ដរជាតិ​ក្រឡាប់ចាក់ និង​បង្កើតឱ្យមាន​ការបែកបាក់​នៅក្នុង​ស្រុក​គ្រាន់តែ​ចូលកាន់​តំណែង​នៅ​សេត​វិមាន​បាន​ទើបតែ​២​ឆ្នាំ​។​

​សម្ព័ន្ធមិត្ត​អាមេរិក​កំពុង​បែកបាក់ កិច្ចព្រមព្រៀង​ពហុភាគី​ត្រូវបាន​បោះបង់ចោល និង​សង្គ្រាម​ពាណិជ្ជកម្ម​កំពុង​ផ្ទុះឡើង​។​

​គ្រាន់តែ​ក្នុង​ឆ្នាំ ២០១៨ លោក​ត្រាំ​បាន​នាំ​សហរដ្ឋអាមេរិក​ចាក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ គំរាម​លុបចោល​កិច្ចព្រមព្រៀង​ទប់ស្កាត់​ការដាក់​ពង្រាយ​កាំជ្រួច​នុយក្លេអ៊ែរ INF ជាមួយ​រុស្ស៊ី ប្រកាស​ដក​កងទ័ព​អាមេរិក​ចេញពី​ប្រទេស​ស៊ី​រី និង​ត្រូវគេ​រំពឹងថា​នឹង​បន្ត​ដកទ័ព​ចេញពី​អា​ហ្វ​ហ្កា​នី​ស្ថាន​ទៀត​។​

​គាត់​បាន​បាត់បង់​នាយអគ្គសេនាធិការ រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ដ្រី​ការពារជាតិ ទីប្រឹក្សា​សន្តិសុខ​ជាតិ រដ្ឋមន្ត្រី​មហាផ្ទៃ អគ្គ​រដ្ឋអាជ្ញា ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ ទីប្រឹក្សា​សេដ្ឋកិច្ច​ជាន់ខ្ពស់ និង មេធាវី​ប្រចាំ​សេត​វិមាន ហើយ​ទាំងនោះ​គឺ​សុទ្ធតែជា​ការចាកចេញ​ពី​តំណែង​នៅ​ថ្នាក់​កំពូល​។​

​នៅលើ​ឆាក​អន្តរជាតិ លោក​ត្រាំ​បានរៀបចំ​កិច្ចប្រជុំ​ជា​ប្រវត្តិសាស្ត្រ​ជាមួយនឹង​មេដឹកនាំ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​លោក​គីម ជុង​អ៊ុន ឈ្លោះ​ជាមួយ​នាយករដ្ឋមន្ត្រី​កាណាដា​លោក​ចា​ស្ទី​ន ទ្រូ​ដូ និង​ឈ្លោះ​ជាមួយ​ប្រធានាធិបតី​បារាំង​លោក​អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង ព្រមទាំង​មេដឹកនាំ​ប្រទេស​ដទៃទៀត​ផងដែរ និង​រៀបចំ​កិច្ចប្រជុំ​កំពូល​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន​។​

​រុស្ស៊ី​នៅតែ​ស្ថិតក្នុង​ចិត្ត​របស់​ប្រធានាធិបតី​ត្រាំ​ពេញ​មួយឆ្នាំ​ខណៈ​លោក​មូល​ល័​រ​កំពុងធ្វើការ​ស៊ើបអង្កេត​អំពី​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុងការ​បោះឆ្នោត​អាមេរិក​ឆ្នាំ ២០១៦ និង​ការឃុបឃិត​របស់​រុស្ស៊ី​ជាមួយ​យុទ្ធនាការ​បោះឆ្នោត​របស់​លោក​ត្រាំ ដោយ​ញ៉ាំងឱ្យ​លោក​ត្រាំ​ឆ្លើយតប​ជា​ទៀងទាត់​នៅលើ Twitter ដើម្បី​បដិសេធ​រាល់​ការ​ចោត​ប្រកាន់​ទាំងនោះ​។​

​គោលនយោបាយ​ពាណិជ្ជកម្ម​ដ៏​គឃ្លើន​របស់​ត្រាំ​បានឃើញ​ការ​វាយ​ពន្ធ​បន្ថែម​ទៅលើ​ចិន​ជប៉ុន​កាណាដា​ម៉ិ​ក​ស៊ិ​ក​ឥណ្ឌា​និង​សហភាព​អឺរ៉ុប​ជាហេតុ​ធ្វើឱ្យ​ទីផ្សារ​នានា​ជួប​ហានិភ័យ​ខ្ពស់​និង​ធ្វើឱ្យ​ទីផ្សារ​ភាគហ៊ុន​នៅ​អាមេរិក​ធ្លាក់ចុះ​នៅ​ដំណាច់ឆ្នាំ ២០១៨ ខណៈ​ហុច​ផល​ខ្លះ​ដែរ​សម្រាប់​ប្រធានាធិបតី​អាមេរិក​។ ការចរចា​ជាមួយ​ចិន​និង​សហភាព​អឺរ៉ុប​កំពុងដំណើរការ ប៉ុន្តែ​ការធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង NAFTA ដែល​មិនទាន់​ត្រូវ​បានផ្តល់​សច្ចាប័ន​នោះ ត្រូវបាន​យល់ព្រម ហើយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ថ្មី​ជាមួយ​សាធារណរដ្ឋ​កូរ៉េ​ត្រូវបាន​ចុះហត្ថលេខា​។​

​រឿងរ៉ាវ​ដំណឹង​ល្អ​សម្រាប់​ត្រាំ គឺ​កំណើនសេដ្ឋកិច្ច​និង​ការធ្លាក់ចុះ​នៃ​អត្រា​អត់​ការងារ​ធ្វើ ពុំមាន​គេ​ចាប់អារម្មណ៍​ទេ​នៅមុន​ការបោះឆ្នោត​ពាក់កណ្តាល​អាណ​ត្តិ នៅពេល​សវនាការ​រប​ស់​តុលាការ​កំពូល​លើ​លោក ប្រេត កា​វ៉ា​ណូ (Brett Kavanaugh) បាន​គ្របដណ្ដប់​ពេញ​បណ្តាញ​ផ្សព្វផ្សាយ ហើយ​លោក​ប្រធានាធិបតី​ត្រាំ​បានធ្វើ​យុទ្ធនាការ​លើ​បញ្ហា​ស្នូល​របស់គាត់​គឺ​អន្តោប្រវេសន៍​ពេញ​មួយឆ្នាំ នៅពេលដែល​ក្រុម​អ្នកសង្កេតការណ៍​ភ្ញាក់ផ្អើល​ខ្លាំង​ចំពោះ​គោលនយោបាយ​បំបែកបំបាក់​គ្រួសារ​ជនអន្តោប្រវេសន៍​នៅ​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក​។​

​ការ​សង្កត់ធ្ងន់​អំពី​អន្តោប្រវេសន៍​នេះ​មិនបាន​ជួយ​ដល់​គណបក្ស​សាធារណរដ្ឋ​តាមរយៈ​ការបោះឆ្នោត​ទេ ដោយ​គណបក្ស​នេះ​បាន​ចាញ់​ក្នុង​សភាតំណាងរាស្ដ្រ ដោយ​បាត់បង់​រហូតដល់​ទៅ ៨ ពិន្ទុ​នៅក្នុង​ការបោះឆ្នោត​ទូទាំងប្រទេស និង​កើន​អាសនៈ​ព្រឹទ្ធសភា​តែ​២​ប៉ុណ្ណោះ ទោះបីជា​ផែនទី​បោះឆ្នោត​បង្ហាញ​ការគាំទ្រ​ខ្លាំងក្លា​មកលើ​គណបក្ស​របស់​ប្រធានាធិបតី​យ៉ាងណាក៏ដោយ​។​

​អ្នកគាំទ្រ​នៅ​តំបន់​ជាយក្រុង​អាមេរិក ដែល​ស្មើនឹង ៥១ ភាគរយ​នៃ​អ្នកបោះឆ្នោត បាន​ងាក​ទៅរក​គណបក្ស​ប្រជាធិបតេយ្យ ដែល​នេះ​ជា​សញ្ញា​ព្រមាន​ដ៏​សំខាន់​មួយ​សម្រាប់​លោក​ត្រាំ នៅពេលដែល​យុទ្ធនា​ការបោះឆ្នោត​ប្រធានាធិបតី​ចាប់ផ្តើម​នៅ​ឆ្នាំ ២០២០​។ គូប្រជែង​របស់​ត្រាំ​នៅពេលនោះ​គឺ​មិន​ត្រឹមតែ​អ្នក​ឯករាជ្យ​និង​ពួក​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ពួក​សាធារណរដ្ឋ​ខ្លួនឯង​ផ្ទាល់​ទៀតផង​។​

​លោក​ត្រាំ​សប្បាយ​នឹង​ជះ​កំហឹង​ដាក់​អ្នកដទៃ​ណាស់ ជាពិសេស​អ្នកកាសែត​ក្នុង​ឆ្នាំ ២០១៨ ប៉ុន្តែ​នៅ​ឆ្នាំ​ខាងមុខ​គាត់​នឹង​ជួបប្រទះ​នឹង​សត្រូវ​ពូកែ​បង្កបញ្ហា​ខ្លាំង​ជាង​គូប្រជែង​នៅ​សេត​វិមាន​ទៅទៀត​។ សភា​តំណាង​របស់​បក្ស​ប្រជាធិបតេយ្យ​នឹង​ផ្លាស់ប្តូរ​សក្ដានុពល​នៃ​តំណែង​ប្រធានាធិបតី​របស់លោក​ត្រាំ ពោល​ការរៀបចំ​ការស៊ើបអង្កេត​នានា​និង​ការជាប់គាំង​ការអនុម័ត​ច្បាប់​នៅ​សភា​កំពុង​ស្ថិតនៅក្នុង​សន្លឹក​បៀរ ហើយ​ការស៊ើបអង្កេត​របស់លោក​មូល​ល័​រ​ក៏​ជិត​រួចរាល់​ទៅទៀត​។​

​ជាមួយ​ភាព​តានតឹង​ពាណិជ្ជកម្ម​មិនទាន់មាន​ភាពស្ងប់ស្ងាត់ សញ្ញា​ព្រមាន​នានា​កំពុង​បង្ហាញ​មកលើ​សេដ្ឋកិច្ច និង លទ្ធភាព​នៃ​ការប៉ុនប៉ង​ចោទប្រកាន់​ទម្លាក់​តំណែង​លោក​ត្រាំ​អាច​នឹង​កើតឡើង​នោះ រថភ្លើង​ឡើង​ចុះៗ​របស់​ត្រាំ​ទំនងជា​នឹងមិន​បង្អង់​ល្បឿន​នោះឡើយ​ក្នុង​ឆ្នាំ ២០១៩ ខាងមុខ​៕ ដោយ៖ កញ្ញាដាលីស

​ប្រភព​៖ CGTN