អ្នក​ផ្លាស់ប្តូរ​សកលលោក​ឆ្នាំ​២០១៨ ៖ វ្ល៉ា​ឌី​មៀរ ពូ​ទីន បុរស​ខ្លាំង​នៅលើ​ឆាក​ពិភពលោក​

1338
ចែករម្លែក

​វ្ល៉ា​ឌី​មៀរ ពូ​ទីន ៖ “​មនុស្ស​ក្នុងតួនាទី​ដូចជា​ខ្ញុំ​ពុំមាន​សិទ្ធិ​បង្ហាញ​ភាពទន់ខ្សោយ​បានឡើយ​”​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន លោកពូ​ទីន​ហាក់ដូចជា​ពុំ​ចាប់អារម្មណ៍​ចំពោះ​ការដាក់ទណ្ឌកម្ម​របស់​លោកខាងលិច​ឡើយ ដោយ​បង្ហាញ​ពី​ទំនុកចិត្ត​ដែល​លោក​បាន​រក្សា​ចាប់តាំងពី​ការកាន់កាប់​អធិបតេយ្យភាព​មួយ​របស់​រុស្ស៊ី​ឡើងវិញ ដែល​គេ​មិន​ធ្លាប់​ឃើញ​ចាប់តាំងពី​ការដួលរលំ​នៃ​របប​សហភាពសូវៀត​។​

បុរស​ខ្លាំង​រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន

​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​រុស្ស៊ី​នៅ​ឆ្នាំ ២០០០ អតីត​វរសេនីយឯក​របស់​ទីភ្នាក់ងារ​ចារកម្ម KGB រូបនេះ​បាន​ជួយ​ឱ្យ​ប្រទេស​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក​នេះ​ចាក​ផុតពី​ភាពចលាចល​ក្នុងអំឡុង​ការគ្រប់គ្រង​ជាច្រើន​ឆ្នាំ​របស់លោក​បូរី​ស យែ​ល​ស៊ីន ក្រោយពី​ការដួលរលំ​សហភាពសូវៀត​។ ទោះបី​រុស្ស៊ី​ជា​ស្រមោល​នៃ​អតីតសម័យ​រុងរឿង​ចាស់​របស់ខ្លួន ក៏ប៉ុន្តែ​ភាពប៉ិនប្រសព្វ​ក្នុង​ការដឹកនាំ​ក្នុងស្រុក​និង​ការ​ស្គាល់​ច្បាស់​ភូមិសាស្ត្រ​នយោបាយ​របស់​លោកពូ​ទីន​បាន​ជួយ​លើកស្ទួយ​មុខមាត់​របស់​ប្រទេស​នេះ​ឡើងវិញ​ក្នុងសម័យ​ក្រោយ​សង្គ្រាមត្រជាក់​។​

​បុរស​ខ្លាំង​ដែល​បាន​ដឹកនាំ​រុស្ស៊ី​យូរ​ជាង​អ្នកណា​ទាំងអស់​លើកលែងតែ​លោក​យ៉ូ​សេប ស្តា​លីន បាន​ស្បថ​ចូលកាន់​តំណែង​អាណត្តិ​ទី​៤​នៅ​និ​ទាឃ​រដូវ​ឆ្នាំ ២០១៨​។ ដោយ​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ ៧៦,៧ ភាគរយ គាត់​បានឈ្នះ​ឆ្នោត​យ៉ាង​ងាយ​បំផុត ដោយ​ពង្រីក​អាណត្តិ​របស់គាត់​រហូត​ដល់​ឆ្នាំ ២០២៤​។ “​ពូ​ទីន​ជា​រុស្ស៊ី រុស្ស៊ី​ជា​ពូ​ទីន​” បាន​ក្លាយទៅជា​ពាក្យស្លោក​ថ្មី​មួយ​នៅ​ទូទាំង​ទឹកដី​ដ៏​ធំ​សម្បើម​នេះ​។ នៅក្នុង​ក្រសែភ្នែក​របស់​ប្រជាជន​រុស្ស៊ី​ភាគច្រើន មេដឹកនាំ​ពោរពេញ​ដោយ​ជំនាញ​រូបនេះ​គឺ​ថ្នឹក​ទៅនឹង​ការ​ប្រឈម​នឹង​របៀបរបប​របស់​ពួកលោក​ខាងលិច​ដើម្បី​ការពារ​ផលប្រយោជន៍​ដ៏​សំខាន់​របស់​រុស្ស៊ី​។​

  • ការពិត​ដែល​គេ​មិនទាន់​ដឹង​អំពី​ពូ​ទីន​ត្រូវបាន​លាតត្រដាង​

​ជិត​មួយ​សប្តាហ៍​មុន​ការបោះឆ្នោត ភាពយន្ត​ឯកសារ​ថ្មី​ឈ្មោះ “Putin” បានក្លាយ​ជាការ​ពិភាក្សា​គ្រប់​ច្រកល្ហក​។ ក្នុងអំឡុង​រយៈពេល​២​ម៉ោង​នៃ​ខ្សែភាពយន្ត​ថត​ដោយ​លោក​អង់​ដ្រេ កូន​ដ្រា​សេវ (Andrei Kondrashev) ជា​អ្នកសារព័ត៌មាន​និង​ជា​លេខាធិការ​សារព័ត៌មាន​សម្រាប់​យុទ្ធនាការ​របស់​លោកពូ​ទីន លោក​បានបង្ហាញ​ពី​ផ្នែក​មួយ​របស់​លោកពូ​ទីន​ដែល​គេ​មិន​ធ្លាប់​បានឃើញ​កាលពីមុន ដោយ​រ៉ាយរ៉ាប់​អំពី​ថ្ងៃ​កាន់តំណែង​ប្រធានាធិបតី​ដំបូង​របស់​ពូ​ទីន សោកនាដកម្ម​លិច​នាវាមុជទឹក Kursk ការប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម និង​កេរ្តិ៍ដំណែល​គ្រួសារ​របស់គាត់​។​

​លោក​បានបង្ហាញ​ឱ្យដឹង​អំពី​ដំណើរការ​នៃ​ការសម្រេចចិត្ត​របស់គាត់​ដូចជា​នៅពេល​គាត់​បញ្ជា​ឱ្យ​បាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​មួយគ្រឿង​ដែល​ហោះ​ឆ្ពោះទៅកាន់​អូឡាំពិក​រដូវរងា​នៅ​ក្រុង​សូ​ជី​ក្នុង​ឆ្នាំ​២០១៤ បន្ទាប់ពី​ទទួលបាន​ការហៅ​ទូរស័ព្ទ ដែល​វា​អាចជា​ករណី​ប្លន់​យន្តហោះ​។ ប៉ុន្តែ​ក្រោយមក​គាត់​បាន​លុបចោល​បញ្ជា​នោះ​វិញ ដោយសារតែ​វា​ជាការ​ជូនដំណឹង​មិន​ពិត ធ្វើឡើង​ដោយ​អ្នកដំណើរ​ស្រវឹង​ម្នាក់​។​

​លោកពូ​ទីន​ក៏​និយាយ​ផងដែរ​អំពី​ទំនាក់ទំនង​របស់​ជីតា​គាត់​ឈ្មោះ​ស្ពី​រី​ដុន ពូ​ទីន (Spiridon Putin) ជាមួយ​ថ្នាក់ដឹកនាំ​នយោបាយ​ជាន់ខ្ពស់​បំផុត​របស់​ប្រទេស ដោយ​កត់សម្គាល់ថា ជីតា​គាត់ “​គឺជា​ចុងភៅ​នៅផ្ទះ​របស់​លេនីន និង​ក្រោយមក​នៅផ្ទះ​របស់​ស្តា​លីន​នៅ​ទីក្រុង​មូ​ស្គូ​។ ខ្សែភាពយន្ត​ឯកសារ​ដែល​ថត​រយៈពេល ១០ ខែ​លាតសន្ធឹង​ពី​ទីក្រុង​មូ​ស្គូ ទីក្រុង​កំណើត​សេន​ភី​ត​ធឺ​ស្បឺ​ក​របស់គាត់ តំបន់​គ្រី​មេ និង​កន្លែង​ដទៃទៀត​នោះ មាន​អ្នកទស្សនា​ចំនួន ១០ លាន​ដង​ក្នុង​រយៈពេល​២​ថ្ងៃ​។ យោងតាម​សារព័ត៌មាន Vesti News បានឱ្យដឹងថា ចំនួន​នៃ​ការបើក​មើល​តាម​អ៊ី​ន​ធឺ​ណេ​ត​បាន​កើន​ឡើងដល់ ២០.០០០ ក្នុង​មួយ​នាទី​។ លើសពីនេះទៅទៀត វីដេអូ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នៃ​ជីវិត​ផ្ទាល់ខ្លួន​របស់​បុរស​ខ្លាំង​រូបនេះ​ក៏បាន​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ហួស​ពី​ប្រទេស​រុស្ស៊ី​ផងដែរ​។​

  • ជំនួប​ជាមួយ​ត្រាំ​

​ប្រធានាធិបតី​រុស្ស៊ី​រូបនេះ​បានបង្ហាញ​ភាពខ្លាំង​ផ្នែក​ការទូត​នៅ​ឆ្នាំនេះ ដោយ​បង្ហាញ​ពី​ការ​ប្រកាន់ខ្ជាប់​ដ៏​រឹងមាំ​លើ​បញ្ហា​វិវាទ​ជាមួយ​សហរដ្ឋអាមេរិក​។ លោក​ត្រាំ​និង​លោកពូ​ទីន​បាន​ជួបគ្នា​នៅ​ខែកក្កដា​ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល​រុស្ស៊ី​-​អាមេរិក​ឆ្នាំ ២០១៨ នៅក្នុង​ប្រទេស​ហ្វាំ​ង​ឡង់​។ ក្រោយមក​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ មេដឹកនាំ​ទាំង​២​បាន​និយាយ​ទាក់ទង​នឹង​ការជ្រៀតជ្រែក​នៃ​ការបោះឆ្នោត​របស់​រុស្ស៊ី ជម្លោះ​នៅក្នុង​ប្រទេស​ស៊ី​រី និង​តំបន់​គ្រី​មេ​ក៏ដូចជា​ប្រេង​ផងដែរ​។ សារព័ត៌មាន​អាមេរិក​ភាគច្រើន​បាន​ចុះផ្សាយ​អំពី​ពាក្យ​ចចាមអារ៉ាម​ផ្សេងៗ​និង​សូម្បី​ការរំពឹងទុក​នានា ខណៈ​ការស៊ើបអង្កេត​ក្នុងស្រុក​អំពី​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុងការ​បោះឆ្នោត​នៅ​អាមេរិក​ឆ្នាំ ២០១៦ កាន់​តែមាន​សភាព​ក្តៅគគុក ដោយ​នាំឱ្យមាន​ការចោទប្រកាន់​ពួក​មន្ត្រី​ស៊ើបការណ៍​យោធា​រុស្ស៊ី ១២ នាក់​។​

​ទោះបី​ប្រទេស​ទាំង​២​ចៀសវាង​ភាពជិតស្និទ្ធ​នឹង​គ្នា​ចាប់តាំងពី​រដ្ឋបាល​លោក​អូ​បា​ម៉ា ក៏ប៉ុន្តែ​លោក​ត្រាំ​បាន​បញ្ចេញ​សំឡេង​ទន់ភ្លន់​ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល ដែល​ត្រូវបាន​អ្នកនយោបាយ​និង​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​រិះគន់​ពេល​ត្រឡប់​មកដល់​ស្រុក​វិញ​។ ក្រុម​អ្នក​រិះគន់​បាន​និយាយថា លោក​ត្រាំ​មិនបាន​ប្រកាន់​ជំហរ​រឹងមាំ​ទាក់ទង​នឹង​ការជ្រៀតជ្រែក​នៃ​ការបោះឆ្នោត​ពី​សំណាក់​រុស្ស៊ី ដោយ​ចោទប្រកាន់​លោក​ប្រធានាធិបតី​អាមេរិក​នេះ​ថា​ទទួលយក​ការបដិសេធ​របស់លោក​ពូ​ទីន​អំពី​ការចោទប្រកាន់​នេះ​ជំនួស​ឱ្យ​ការជឿជាក់​មកលើ​សហគម​ន៍​ស៊ើបការណ៍​ផ្ទាល់​របស់គាត់​។ អតីត​នាយក CIA លោក​ច​ន ប្រេន​ណាន ដែល​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​ដោយ​លោក​ត្រាំ​នៅ​ឆ្នាំ ២០១៧ បាន​និយាយថា របៀប​ដឹកនាំ​របស់​ត្រាំ​គឺ​គ្មាន​អី​ខុសពី “​ការ​ក្បត់ជាតិ​” នោះឡើយ​។

​ទូរទស្សន៍ Al Jazeera បានបង្ហាញ​ចំណងជើង​មួយ​សរសេរថា “​ពូ​ទីន​យកឈ្នះ​លើ​ត្រាំ​នៅឯ​កិច្ចប្រជុំ​កំពូល​អាមេរិក​-​រុស្ស៊ី​” ដោយ​លើកឡើង​ពីស​ម្តី​មន្ត្រី​និង​អ្នកវិភាគ​រុស្ស៊ី​ដែល​សរសើរ​អំពី​ទីបញ្ចប់​នៃ “​សង្គ្រាមត្រជាក់ ២.០” ដោយសារតែ​វោហា​សាស្ត្រ​សម្រុះសម្រួល​របស់​ប្រធានាធិបតី​អាមេរិក​។ ការមិនទុកចិត្ត​ដោយ​ទីភ្នាក់ងារ​សន្ដិសុខ​ជាតិ​អាមេរិក​ក៏មាន​សភាព​ជ្រាលជ្រៅ​ផងដែរ ដោយសារ​បាល់ទាត់​មួយ​គ្រាប់​ដែល​លោកពូ​ទីន​ផ្តល់ឱ្យ​លោក​ត្រាំ​ជា​កាដូ​អំឡុង​សន្និសីទកាសែត​ត្រូវបាន​គេ​យកទៅ​ស្កែ​នរក​មើល​ឧបករណ៍​ស៊ើបការណ៍​។ ទន្ទឹមនឹង​នេះដែរ លោកពូ​ទីន​បាន​ធ្វើតាម​កាយវិការ​រ​បស់​លោក​ត្រាំ ដោយនិយាយ​ថា​លោក​នឹង​ជួយ​ដល់​ការស៊ើបអង្កេត​របស់លោក​មូល​ល័​រ​អំពី​ការជ្រៀតជ្រែក​ការបោះឆ្នោត​។​

​សរុបមក​កិច្ចប្រជុំ​នេះ​មិនបាន​បង្កើត​នូវ​ការប្តេជ្ញាចិត្ត​ខាង​នយោបាយ​ណាមួយ​ទេ ប៉ុន្តែ​វា​ជា​រឿងចម្រូងចម្រាស់​មួយ​ដោយសារ​ការពិត​គឺថា​លោក​ត្រាំ​មិនបាន​ប្រើប្រាស់​អានុភាព​របស់​អា​មេ​រិ​ក​ដើម្បី​ដាក់​សម្ពាធ​លើ​រុស្ស៊ី​លើ​បញ្ហា​ដែល​ប្រទេស​ទាំង​២​ខ្វែងគំនិត​គ្នា​។​

  • ការព្យាករណ៍​សម្រាប់​ឆ្នាំ ២០១៩

​អំឡុង​ឆ្នាំ ២០១៨ លោកពូ​ទីន​បានទទួល​ជោគជ័យ​ក្នុងការ​ជំរុញឱ្យមាន​ស្ថិរភាព​នៅក្នុង​ប្រទេស​រុស្ស៊ី​និង​លើកស្ទួយ​មុខមាត់​លើ​ឆាក​អន្តរជាតិ​របស់ខ្លួន​ចំពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​ក្នុងស្រុក​។ ការដាក់ទណ្ឌកម្ម​ថ្មីៗ​របស់​អាមេរិក​ចំពោះ​អង្គភាព​និង​បុគ្គល​រុស្ស៊ី​មិនអាច​បំបាក់​គាត់​បានឡើយ ហើយ​សូម្បី​ភាព​តាង​តឹង​ខ្លាំង​ឡើង​រវាង​ប្រទេស​គាត់​និង​អឺរ៉ុប​បន្ទាប់ពី​ជម្លោះ​រវាង​រដ្ឋាភិបាល​ក្រុង​ឡុង​ដ៍ និង មូ​ស្គូ​ជុំវិញ​ការប៉ុនប៉ង​បំពុល​ទៅលើ​ចារកម្ម​រុស្ស៊ី​និង​កូនស្រី​របស់គាត់​នៅឯ​ទីក្រុង​សាលី​ស្បឺ​រី​របស់​ចក្រភព​អង់គ្លេស​ក៏​មិនអាច​បំបាក់​គាត់​បានដែរ​។​

​នៅ​សន្និសីទ​សារព័ត៌មាន​ដំណាច់ឆ្នាំ​ដែលមាន​រយៈពេល​៤​ម៉ោង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​ប្រធានាធិបតី​ពូ​ទីន​បាន​និយាយ​អំពី​រឿង​ជាច្រើន​រាប់​ចាប់ពី​ស៊ី​រី​រហូតដល់​ចក្រភព​អង់គ្លេស​។ លោក​បាន​និយាយថា​លោក​យល់​ស្របតាម​សេចក្តីសម្រេចចិត្ត​របស់​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ​ក្នុង​ការដក​កងទ័ព​អាមេរិក​ចេញពី​ប្រទេស​ស៊ី​រី​ប៉ុន្តែ​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ស្ថានភាព​នាពេល​អនាគត​ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចាក​ចេញពី​សន្ធិសញ្ញា​កង​កម្លាំង​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម​។ គាត់​ចង់​ស្តារ​ទំនាក់ទំនង​ជាមួយ​ចក្រភព​អង់គ្លេស​និង​ធ្វើឱ្យ​ចំណងទាក់ទង​ធម្មតា​ឡើងវិញ​ជាមួយ​សហរដ្ឋអាមេរិក​។ នៅលើ​ឆាក​ក្នុងស្រុក​វិញ លោកពូ​ទីន​បានកំណត់ “​គោលដៅ​សម្រេច​ឱ្យបាន​មួយ​” ដើម្បីឱ្យ​រុស្ស៊ី​ក្លាយជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​លេខ ៥ នៅ​ឆ្នាំ ២០២១​។​

​ទោះយ៉ាងណា គ្មាន​គោលដៅ​ណាមួយ​ក្នុងចំណោម​នោះ​ងាយស្រួល​សម្រេចបាន​នោះឡើយ​។ វិបត្តិ​អ៊ុយ​ក្រែ​ន​ដែល​ទើបតែ​ក្តៅ​ឡើងវិញ​ថ្មីៗ​នេះ នឹង​ក្លាយទៅជា​បន្លា​ដ៏​ស្រួច​នៅក្នុង​ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​លោកខាងលិច​។ ប្រទេស​ដទៃទៀត​លើ​ពិភពលោក​ក៏​កំពុង​សម្លឹងមើល​របៀប​ដែល​ចំណាត់ការ​របស់​មូ​ស្គូ​នៅក្នុង​ប្រទេស​ស៊ី​រីនឹង​ចេញមក​យ៉ាងម៉េច​ផងដែរ​។ ដោយហេតុថា​អត្រា​ភាពក្រីក្រ​មាន​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ជាច្រើន​ទសវត្សរ៍​មកនេះ គម្លាត​អ្នកមាន​និង​អ្នកក្រ​កាន់តែ​ធំ និង​ក្រុមមនុស្ស​វណ្ណៈ​កណ្តាល​កាន់តែ​ថយចុះ នោះ​ការកាត់បន្ថយ​ចំនួន​ប្រជាជន​រុស្ស៊ី​ដែល​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ​នៅត្រឹម​ពាក់កណ្ដាល​ឆ្នាំ ២០២៤ ដូចដែល​គាត់​បាន​សន្យា​នោះ គឺជា​កិច្ចការ​ដ៏​លំបាក​ខ្លាំងណាស់​។​

​ពីរ​បី​ថ្ងៃ​មុនពេល​សន្និសីទ​សារព័ត៌មាន​ដ៏​យូរ ប្រក្រតិទិន​ឆ្នាំ ២០១៩ ដែលមាន​រូប​ពូ​ទីន​សាច់ដុំ​ធំៗ​បាន​លក់ដាច់​ជាង​រូប​តារា​ជប៉ុន​ល្បីៗ​នៅក្នុង​ប្រទេស​ជប៉ុន​ទៅទៀត​។ ពិភពលោក​កំពុង​មើល​មក​គាត់​មិន​ត្រឹមតែ​គោលនយោបាយ​មុតមាំ​របស់គាត់​នៅក្នុង​វិមាន​ក្រឹម​ឡាំង​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​រូប​កាយ​មាំមួន​របស់គាត់​នៅក្រៅ​ឆាកនយោបាយ​ទៀតផង​៕ ដោយ៖ កញ្ញាដាលីស

ប្រភព​៖ CGTN