អ្នក​ពន្លត់ភ្លើង​២​នាក់​ស្លាប់​នៅពេល​អណ្តាតភ្លើង​ឡោមព័ទ្ធ​ទីក្រុង​ស៊ីដនី ជាហេតុ​នាំ​អោយ​នាយករដ្ឋមន្ត្រី​កាត់បន្ថយ​ការ​ឈប់សម្រាក​លំហែកាយ​

207
ចែករម្លែក

​អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២០​ធ្នូ​ថា​ ​អ្នកស្ម័គ្រចិត្ត​ចូលរួម​ក្នុង​ប្រតិបត្តិការ​ពន្លត់ភ្លើង​នៅ​អូស្ត្រាលី​២​នាក់​បាន​ស្លាប់​ក្នុងពេល​តស៊ូ​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ​ជុំវិញ​ទីក្រុង​ស៊ីដ​នី ជាហេតុ​បង្ខំ​អោយ​នាយក​រដ្ឋមន្ត្រី ស្កត់ ម៉ូ​រី​សុន កាត់បន្ថយ​ពេល​ឈប់​លំហែកាយ​នៅ​កោះ​ហា​វ៉ៃ ។​

​អូស្ត្រាលី​បាន​និង​កំពុង​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ​នៅ​ស្ទើរតែ​ទូទាំង​ឆ្នេរ​ខាងកើត​របស់ខ្លួន​អស់​ពេល​រាប់​សប្តាហ៍​មក​ហើយ ដោយ​បណ្តាលអោយ​ស្លាប់​មនុស្ស​៨​នាក់ ឆេះ​ផ្ទះ​ជាង​៧០០​និង​ដី​ព្រៃ​ជាង​១​លាន​ហិច​តា​ត្រូវ​បំផ្លាញ​ដោយ​អណ្តាភ្លើង​។​

​នៅពេល​អគ្គិភ័យ​ជាច្រើន​កន្លែង​បាន​ឡោមព័ទ្ធ​ទីក្រុង​ស៊ីដនី ដែល​ជា​ទីក្រុង​មាន​ប្រជាជន​រស់នៅ​ច្រើន​បំផុត​នៅ​អូស្ត្រាលី រថយន្ត​អគ្គិភ័យ​មួយ​បាន​បើក​បុក​ដើមឈើ​ដោយ​​សម្លាប់​អ្នកបើកបរ​និង​អ្នកដំណើរ​ម្នាក់​។​អ្នករួមដំណើរ​៣​នាក់​ទៀត​រងរបួស​។​

​មុន​នេះ​អ្នក​ពន្លត់ភ្លើង​៣​នាក់​ក៏​ត្រូវ​អណ្តាតភ្លើង​ឡោមព័ទ្ធ​និង​រង​ខ្យល់​ក្តៅ​រួម​នឹង​ផ្សែង​ខ្លាំង​ដែល​បង្កឡើង​ពី​ភ្លើង​ឆេះ​ព្រៃ​នៅក្នុង​រដ្ឋ​ញូ​វ សោត វេស៍​។​បុរស​រង​ការ​រលាក​ដៃ​ជើង​​និង​មុខ​២​នាក់ ត្រូវបាន​ដឹក​តាម​ឧទ្ធម្ភាគចក្រ និង​ម្នាក់​ទៀត​ដឹក​តាម​រថយន្ត​ទៅកាន់​មន្ទីរពេទ្យ​។​

​សូមបញ្ជាក់​ថា ភ្លើង​ឆេះ​ព្រៃ​កើតមាន​ជា​ធម្មតា​នៅ​រដូវក្តៅ​នៅ​អូស្ត្រាលី តែ​ការមកដល់​លឿន​របស់​វា គួបផ្សំ​នឹង​ភាពរាំងស្ងួត​អូសបន្លាយ​ពេល​នៅ​អូស្ត្រាលី ធ្វើអោយ​ភ្លើងព្រៃ​នៅ​​ឆ្នាំ​នេះ​មាន​សភាព​សាហាវ​រហូត​មិន​អាច​គ្រប់គ្រង​បាន​។​

​វិបត្តិ​ធម្មជាតិ​នេះ​បង្ក​កំហឹង​ក្នុងចំណោម​សាធារណជន ដោយ​ការតវ៉ា​ប្រឆាំង​បាន​កើតឡើង​នៅ​ជុំវិញ​អូស្ត្រាលី ហើយ​កំហឹង​មួយ​ប្រហែលជា​ចេញពី​ការ​ដែល​នាយក​រដ្ឋមន្ត្រី​ទៅ​​សម្រាកកាយ​នៅ​កោះ​ហា​វ៉ៃ​ក្នុងពេល​ប្រទេស​ជួប​បញ្ហា គួបផ្សំ​នឹង​រដ្ឋាភិបាល​មិន​បាន​ដាក់ចេញ​គោលនយោបាយ​គ្រប់គ្រាន់​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​។​

​ការិយាល័យ​របស់​លោក​ម៉ូ​រី​សុន​ដំបូង​បិទបាំង​របាយការណ៍​ដែល​ថា​លោក​ទៅ​កម្សាន្ត​សម្រាកកាយ​នៅ​បរទេស តែ​ក្រោយ​ការផ្សាយ​ព័ត៌មាន​អំពី​ការស្លាប់​អ្នក​ពន្លត់​អគ្គិភ័យ លោក​​ម៉ូ​រី​សុន បាន​និយាយថា​លោក​នឹង​វិល​មក​ស្រុក​និង​ធ្វើការ​សុំទោស​៕​ដោយ​៖​វាសនា​

កាលពី​ថ្ងៃ​១៩​ធ្នូ អូស្ត្រាលី​ជួប​កំដៅ​ខ្លាំង​បំផុត​មិន​ធ្លាប់​ជួប​នៅពេល​សីតុណ្ហភាព​ជា​មធ្យម​លើ​៤២​អង្សា​សេ​