អ្នក​ពន្លត់​អគ្គិភ័យ​អាម៉េរិក​៣​នាក់​ស្លាប់​ក្នុង​គ្រោះ​ធ្លាក់​យន្តហោះ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី​

102
ចែករម្លែក

​យន្តហោះ​ទម្លាក់​ទឹក​ពន្លត់ភ្លើង​មួយ​គ្រឿង​បាន​ធ្លាក់​ដោយ​ផ្ទុះ​ជា​អណ្តាតភ្លើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣​ខែ​មករា​ខណៈ​បាន​កំពុង​ពន្លត់ភ្លើង​ឆេះ​ព្រៃ​​នៅ​អូស្ត្រាលី ដោយ​បាន​បណ្តាលឱ្យ​ស្លាប់​មនុស្ស​៣​នាក់​នៅ​លើ​យន្តហោះ​នោះ​។​

​ក្រុមមន្ត្រី​បាន​បាត់​ការទាក់ទង​ជាមួយនឹង​យន្តហោះ​C-130 Hercules នៅមុន​ម៉ោង​១៣:៣០ ម៉ោង​ក្នុង​តំបន់ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​មូលហេតុ​នៃ​ការធ្លាក់​យន្តហោះ​នេះ នៅ​ភ្នំ​Snowy​នៅ​រដ្ឋ​ញូ​វ សោត​វេលស៍​មិន​ទាន់​ត្រូវ​បានគេដឹ​ង​នៅឡើយ​ទេ​។ ជនរងគ្រោះ​ទាំង​នោះ​គឺជា​ជនជាតិ​អាម៉េរិក​។​

​មាន​ភ្លើង​ឆេះ​ព្រៃ​ជាង​៨០​កន្លែង បាន​កំពុង​ឆេះ​នៅ​ទូ​ទាំង​រដ្ឋ​នេះ បន្ទាប់​ពី​អាកាសធាតុ​ក្តៅ​និង​ខ្យល់​បក់​ខ្លាំង​បាន​កើតមាន​ជា​ថ្មី​។​យន្តហោះ​នេះ បាន​ធ្លាក់​​នៅ​តំបន់​ភ្លើង​ឆេះ​ខ្លាំង នៅ​ភាគខាងត្បូង​នៃ​ទីក្រុង​កង់​បេរ៉ា​។​

​ចាប់តាំងពី​ខែ​កញ្ញា​មក អូស្ត្រាលី ក្រោម​ជំនួយ​ពី​អ្នក​ពន្លត់ភ្លើង​ទៅ​ពី​ប្រទេស​ជាច្រើន​បាននិងកំពុង​ប្រយុទ្ធប្រឆាំង​វិបត្តិ​ភ្លើង​ឆេះ​ព្រៃ​ដែល​រហូត​ដល់​ពេល​​នេះ​បាន​សម្លាប់​មនុស្ស​យ៉ាងតិចណាស់​ចំនួន​៣៣​នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn

យន្តហោះ​នេះ បាន​ធ្លាក់​នៅ​តំបន់​ភ្លើង​ឆេះ​ខ្លាំង នៅ​ភាគខាងត្បូង​នៃ​ទីក្រុង​កង់​បេរ៉ា​