អ្នក​មុជទឹក​ជនជាតិ​ជប៉ុន​ចុះ​ថើប​ត្រី​យក្ស ដែលជា​មិត្តភក្តិ​នឹង​គ្នា​ជាង ២៥ ឆ្នាំ នៅ​បាតសមុទ្រ​

1123
ចែករម្លែក

គេ​និយាយថា សុនខ​ជា​មិត្ត​ល្អ​បំផុត​របស់​មនុស្ស ប៉ុន្តែ​វីដេអូ​នេះ​បង្ហាញ ពី​របៀប​ដែល​អ្នក​មុជទឹក​ជនជាតិ​ជប៉ុន​ម្នាក់​បង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ​យូរអង្វែង​ជាមួយ​ត្រី​មួយ​ក្បាល​។

​លោក​ហ៊ី​រ៉ូ​យូគី អា​រ៉ា​កា​វ៉ា អាយុ ៧៩ ឆ្នាំ និយាយថា គាត់​ជា​មិត្តភក្តិ​ជាមួយ​ត្រី​ចម្លែក​យក្ស​អាស៊ី​ឈ្មោះ យ៉ូ​រី​កូ ជាង ២៥ ឆ្នាំ​មកហើយ​។

លោក​អា​រ៉ា​កា​វ៉ា​បានឃើញ​ត្រី​នេះ​ជិត​ស្លាប់ ហើយ​យក​វា​មកឱ្យ​ចំណី​ក្តាម ៥ ក្បាល​ក្នុង​មួយថ្ងៃ សម្រាប់​រយៈពេល ១០ ថ្ងៃ រហូត​វា​មាន​កម្លាំង​ឡើងវិញ​។

នៅពេល​ត្រី​ញី​នេះ​ជាសះស្បើយ​មាន​កម្លាំង​ពលំ​ឡើងវិញ ពួកគេ​ទាំងពីរ​បាន​បង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ រាប់​ឆ្នាំ​រហូតមកទល់​បច្ចុប្បន្ន​។

ជាការ​ពិត វីដេអូ​ថ្មី​មួយ​នេះ​បានបង្ហាញ​មិត្តសម្លាញ់​មិន​ទំនង​ទាំងពីរ​លេង​កម្សាន្ត​ជាមួយគ្នា​នៅក្រោម​ទឹក​។ យ៉ូ​រី​កូ​ថែមទាំង​ឱ្យ​លោក​អា​រ៉ា​កា​វ៉ា​អង្អែល​ខ្លួនប្រាណ និង ថើប​ក្បាល​វា​ទៀតផង​។​

ទន្ទឹមនេះ ត្រី​ផ្សេងទៀត បែរជា​នាំគ្នា​រត់គេច ព្រោះ​វា​មាន​មាឌធំ​ពេក​។

លោក អា​រ៉ា​កា​វ៉ា ដែល​ចាប់ផ្តើម​មុជទឹក​តាំងពី​គាត់​មាន​អាយុ ១៨ ឆ្នាំ និយាយថា គាត់​គិតថា យ៉ូ​រី​កូ គឺមាន​មុខមាត់​ដូច​មនុស្ស​ណាស់​បើ​មើល​ពី​ចំហៀង ហើយ​គាត់​ប្រាកដ​ណាស់ ត្រី​នេះ​ស្គាល់មុខ​គាត់​ដូច​ស្គាល់​មនុស្ស​គ្នាឯង​។

លោក​បាន​ប្រាប់​វេ​ប​សាយ Great Big Story ថា “​ខ្ញុំ​ទាយ​ថា វា​ដឹងថា​ខ្ញុំ​បាន​សង្គ្រោះ​វា ពេល​វា​រងរបួស​ធ្ងន់​។ ខ្ញុំ​គិតថា គ្រប់គ្នា​អាច​យកចិត្ត​សត្វ​បាន​តាមរយៈ​ការឱ្យ​ចំណី​វា​ស៊ី​”៕ ​ដោយ ៖កញ្ញាដាលីស

លោក​ហ៊ី​រ៉ូ​យូគី អា​រ៉ា​កា​វ៉ា និង​ត្រី យ៉ូ​រី​កូ ក្លាយជា​មិត្ត​នឹង​គ្នា​ជាង ២៥ ឆ្នាំ បន្ទាប់ពី​គាត់​សង្គ្រោះ​វាពី​សេចក្តីស្លាប់
#