អ្នក​មុជទឹក​អង់គ្លេស ដែល​ជួយ​ក្មេង​ថៃ​ជាប់​ល្អាង នឹង​ប្តឹង​លោក អេ​ឡុ​ន ម៉ាស ដែល​ហៅ​គាត់​ថា “​ជន​រំលោភ​កុមារ​”

764
ចែករម្លែក

​អ្នក​មុជទឹក​ជនជាតិ​អង់គ្លេស​ម្នាក់ ដែល​ជួយសង្គ្រោះ​ក្មេងប្រុស ១២ នាក់​ពី​ល្អាង​ភ្នំ​នៅ​ថៃ បាន​និយាយថា គាត់​អាច​ប្តឹង​លោក អេ​ឡុ​ន ម៉ាស បន្ទាប់ពី​សហគ្រិន​រូប​នេះ​បាន​ហៅ​គាត់​ថា “​ជន​រំលោភ​កុមារ​” នៅលើ Twitter ។​

​លោក វើ​ណុន អាន់​ស្វត ដែល​ប្រើ​ចំណេះដឹង​ជំនាញ​របស់គាត់​ដើម្បី​ជួយ​ស្វែងរក​និង​សង្គ្រោះ​ក្មេងប្រុស​ជាប់​ល្អាង បាន​និយាយថា គាត់​មិន​បានឃើញ Tweet របស់លោក​ម៉ាស​ទេ ហើយនឹង​ថ្លឹងថ្លែង​ពី​ជម្រើស​របស់គាត់ នៅពេល​គាត់​ត្រឡប់​ទៅ​ប្រទេស​អង់គ្លេស​វិញ​។​

​នៅពេល​សួរថា​តើ​គាត់​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ប្រឆាំងនឹង​លោក​ម៉ាស​ឬ​យ៉ាងណា គាត់​និយាយថា “​ប្រសិនបើ​វា​ជា​អ្វីដែល​ខ្ញុំ​គិតថា​ជាការ​ពិតជា​មែន​នោះ ខ្ញុំ​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​” មុននឹង​បន្ថែមថា “​រឿង​នៅ​មិនទាន់​ចប់​ទេ​” ។​

​លោក​អាន់​ស្វត​បានចាប់ផ្តើម​មាន​ជម្លោះ​ជាមួយ​មហាសេដ្ឋី​បច្ចេកវិជ្ជា​រូបនេះ បន្ទាប់ពី​ចោទប្រកាន់​លោក​ម៉ាស ថា​បានរៀបចំ “​ព្រឹត្តិការណ៍​ដណ្តើម​ការ​ចាប់អារម្មណ៍​ពី​សាធារណជន​” ដោយ​ការសាងសង់​កូន​នាវាមុជទឹក​ខ្នាត​ល្អិត ដើម្បី​ជួយសង្គ្រោះ​ក្មេងប្រុស​ជាប់​ល្អាង​។​

​លោក​បាន​និយាយថា គំរូ​កូន​នាវា​របស់លោក​ម៉ាស​នឹង​គ្មាន​ឱកាស​ជួយ​ក្មេងៗ​ឱ្យមាន​ប្រសិទ្ធភាព​ឡើយ​។​

​លោក​បាន​និយាយថា “​ខ្ញុំ​ជឿថា កូន​នាវាមុជទឹក​នោះ​មាន​ប្រវែង ១,៧ ម៉ែត្រ រឹង​ឆ្តុប ដូច្នេះ​វា​មិនអាច​បត់បែន ឬ ឆ្លងកាត់​ឧបសគ្គ​ណាមួយ​បានឡើយ​”​។​

​បន្ទាប់មក លោក​ម៉ា​សបាន​វាយបក​វិញ​កាលពី​ថ្ងៃអាទិត្យ​ទី​១៥​កក្កដា​ក្នុង Twitter ប្លែកៗ​ជា​ហូរហែ ដែល​ក្នុងនោះ​គាត់​បាន​សន្យា​ផលិត​វីដេអូ​បង្ហាញថា កូន​នាវា​នោះ​ពិត​ជាមាន​ប្រសិទ្ធភាព​។

​លោក​ម៉ាស​និយាយ​សំដៅទៅ​លោក​អាន់​ស្វត​ថា “​សុំទោស បុរស​ខ្ទើយ​រំលោភ​កុមារ លោក​ឯង​ពិតជា​បានមក​សុំ​កូន​នាវា​នេះ​មែន​”​។

​នៅពេល​មនុស្ស​ចង្អុល​ថា គាត់​បាន​ហៅ​បុរស​ដែល​ជួយសង្គ្រោះ​ក្មេងៗ​ថា​ជា​ជន​រំលោភ​កុមារ លោក​ម៉ាស​បាន​បន្ថែមថា “​ហ៊ាន​ភ្នាល់​ដាក់​លុយ វា​ជា​ការពិត​”​។

​ក្រោយមក លោក​ម៉ា​សបាន​លុប Tweet នោះ​ចោល និង​មិនបាន​ឆ្លើយតប​នឹង​សំណើសុំ​ការបញ្ចេញមតិ​តាមរយៈ​ក្រុមហ៊ុន Tesla នោះទេ​៕ ដោយ៖ កញ្ញាដាលីស

លោក វើ​ណុន អាន់​ស្វត (​ឆ្វេង​) នឹង​ប្តឹង​លោក អេ​ឡុ​ន ម៉ាស រឿង​ហៅ​គាត់​ថា ជន​រំលោភ​កុមារ