អ្នក​មេម៉ាយ កែវ នីសា ធ្លាប់ធ្វើ​ឲ្យ​កំលោះ​សង្ហា​រួម​អាជីព​២​រូប​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​

2129

​កន្លងមក​អ្នក​មេម៉ាយ កែវ នីសា ធ្លាប់ធ្វើ​ឲ្យ​កំលោះ​សង្ហា ២ រូប​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​នាង ក្រោយពី​លែងលះ​ស្វាមី​ចូលមក​ប្រលូក​សិល្បៈ​។​

១/ លោក សាន ផានិត ជា​តារាចម្រៀង​ប្រុស​មួយរូប​ធ្លាប់​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ កែវ នីសា ខណៈ​លោក​នៅ​លីវ​មិនទាន់​មានគ្រួសារ​។ សូម្បីតែ​ទៅ​ច្រៀង​នៅតាម​ខេត្ត​ម្ដងៗ ម្ចាស់​បទ “​ជាប់រវល់​” រូបនេះ​បាន​ស្រែកហៅ​ឈ្មោះ កែវ នីសា មិន​ដាច់​ពី​មាត់​ឡើយ ក្នុង​គោលបំណង​ប្រាប់​ទៅកាន់​អ្នកគាំទ្រ​ថា បេះដូង​របស់លោក​បាន​ប្រគល់​ឲ្យ នីសា អស់ហើយ​។​

​បន្ថែម​ពីនេះ​ក្រោយពី​ប្រកាសប្រាប់​អ្នកគាំទ្រ​ថា​ខ្លួន​ស្រឡាញ់ កែវ នីសា រួចមក​លោក​ក៏​ធ្លាប់​សារភាព​ក្ដី​ស្នេហ៍​ទៅ​នាង​ផងដែរ តែ​លទ្ធផល​បានមក​ត្រឹមតែ​ខូចចិត្ត​ប៉ុណ្ណោះ ព្រោះ​អ្នក​មេម៉ាយ រូបនេះ​បានចាត់ទុក សាន ផានិត ត្រឹមតែ​ជា​បងប្រុស​ប៉ុណ្ណោះ​។​

​ថ្មី​នេះ​លោក សាន ផានិត បានប្រកាស​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា នឹង​លុបឈ្មោះ នីសា ដែល​សាក់​នៅលើ​ដើមទ្រូង​ខាងឆ្វេង​ចោល ដោយ​ជំនួស​មកវិញ​នូវ​ឈ្មោះ​កូនប្រុស​របស់ខ្លួន ទោះបីជា​ភរិយា​របស់លោក​ពុំ​ឲ្យ​លុប​សាក់ ក៏ដោយ​។​

២/​បើ​និយាយ​ពី​កំលោះ​សង្ហា លឹម ជា​ឡាយ វិញ​ធ្លាប់មាន​ទំនាក់ទំនង​ស្នេហា​យ៉ាង​ជ្រាលជ្រៅ​ជាមួយ កែវ នីសា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ផងដែរ​។ តែ​គួរ​ឲ្យ​ស្ដាយ​ទំនាក់ទំនង​ស្នេហា​មួយ​នេះ​ត្រូវបាន​បញ្ចប់​ទៅវិញ​ក្រោយពី​មាន​ព័ត៌មាន​លេច​ឮថា កែវ នីសា មាន​អ្នកមាន​ឋានៈ​បុណ្យ​សក្ដិ​ក្នុង​ជួរ​រដ្ឋាភិបាល​តាម​សុំ​ស្នេហ៍​។​

​តែ​ក៏មាន​ព័ត៌មាន​មួយចំនួន​បានចេញ​ផ្សាយ​ថា ការបែកបាក់​ស្នេហ៍​នេះ​មកពី លឹម ជា​ឡាយ ប្រច័ណ្ឌ​ខ្លាំងពេក​ក្រោយពី​លោក បានឃើញ​ព័ត៌មាន នីសា មាន​មន្ត្រី​ធំ​តាម​សុំ​ស្នេហ៍​។​

​ចំណែកឯ​អ្នក​មេម៉ាយ កែវ នីសា វិញ​កន្លងមក​ធ្លាប់​ប្រាប់ Sabay ថា ទំនាក់ទំនង​នាង និង លឹម ជា​ឡាយ ក្នុងនាម​ជា​មិត្ត​ភ័ក្ដិ​រួម​អាជីព​ប៉ុណ្ណោះ គ្មានអ្វី​លើសពី​ហ្នឹង​នោះទេ​៕​អត្ថបទ​៖ ឆុង ស៊ីណាន​/sn​