អ្នក​រត់​ម៉ូតូ​ដុប រាប់សិប​នាក់​សម្រុកចូល​រំដោះ​សាកសព​ពី​មន្ទីរពេទ្យ​នៅ​ឥណ្ឌូនេស៊ី​

340
ចែករម្លែក

​ពួក​អ្នក​រត់​ម៉ូតូ​ដុប​រាប់សិប​នាក់​នៅ​សប្តាហ៍​នេះ​បាន​សម្រុង​ចូល​កន្លែង​ទុក​សាកសព​នៅក្នុង​មន្ទីរពេទ្យ​មួយ​នៅ​ឥណ្ឌូនេស៊ី​ដើម្បី​ទាមទារ​យក​សាកសព​ក្មេងប្រុស​ម្នាក់​ដែល​ត្រូវ​​មន្ទីរពេទ្យ​ឃាត់​ទុក​ដោយ​សារ​ឪពុកម្តាយ​មិន​មាន​ប្រាក់​បង់​វិក័យប័ត្រ​ពេទ្យ​។​

​ក្មេងប្រុស​ឈ្មោះ​អា​លី​ហ្វ ពុត អាយុ​៦​ខែ បាន​ស្លាប់​ក្នុងពេល​ការវះកាត់​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៩​វិច្ឆិកា​ប៉ុន្តែ​វា​ត្រូវ​បាន​រក្សាទុក​នៅ​មន្ទីរពេទ្យ M Djamil នៅ​ទីក្រុង ប៉ា​ដាង​ ប្រទេស​ឥណ្ឌូនេស៊ី រហូត​ទាល់តែ​ឪពុក​ម្តាយ​របស់​វា​យក​ប្រាក់​មក​បង់​គ្រប់​ចំនួន​២៥ លាន​រូពៀ (១.៧៧៤ ដុល្លារ​)​។​

​រហូតមក​ដល់​រសៀល​ថ្ងៃ​អង្គារ​សាកសព​នោះ​មិន​ត្រូវបាន​ប្រគល់​ឱ្យ​នោះ​ទេ​បើទោះបីជា​ឪពុក​ម្តាយ​របស់​វា បាន​ស្នើសុំ​បញ្ចុះសព​តាម​បែប​អ៊ីស្លាម​ក៏ដោយ ពីព្រោះ​នៅ​ក្នុង​សាសនា​​អ៊ីស្លាម​វា​ជា​ទម្លាប់​ធម្មតា​សម្រាប់​ការបញ្ចុះ​សាកសព​ឱ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើទៅបាន នៅ​ថ្ងៃ​តែ​មួយ​នៃ​ការស្លាប់​នោះ​។​

​ដោយ​ខឹងសម្បារ​ចំពោះ​ការបដិសេធ​បំណង​របស់​ឪពុកម្តាយ​ក្មេង​រងគ្រោះ ក្រុម​អ្នក​អ្នក​រត់​ម៉ូតូ​ដុប​ដែលជា​មិត្ត​រួម​ការងារ​របស់​ពូ​របស់​ក្មេង​នេះ​បាន​សម្រេចចិត្ត​ធ្វើ​សកម្ម​​ភាព​ដោយ​សម្រុកចូល​មន្ទីរពេទ្យ​នោះ​ជា​បន្ទាន់​ហើយ​នាំ​យក​សាកសព​ក្មេង​នោះ​ចេញមកក្រៅ តាម​សម្រួល​ដោយ​មិន​មាន​ការប៉ះទង្គិច​ជាមួយ​សន្តិសុខ​ពេទ្យ​ទេ​។​

​រូបភាព​តាម​ទូរស័ព្ទដៃ​ដែល​ថត​បាន បង្ហាញ​ក្រុម​អ្នក​រត់​ម៉ូតូ​ដុប​នោះ​ដែល​ស្លៀកពាក់​ឯកសណ្ឋាន​បៃតង​និង​មួកសុវត្ថិភាព​បាន​ប្រមូលផ្តុំ​គ្នា​ហើយ​សម្រុកចូល​មន្ទីរពេទ្យ​នោះ​ ដោយ​មិន​ខ្លាច​សន្តិសុខ​នៅ​មន្ទីរពេទ្យ​ឡើយ​។​

​នាង ម្តាយ​របស់​សព​ក្មេង​នេះ បាន​និយាយថា មន្ទីរពេទ្យ​ចង់ឱ្យ​យើង​បង់ប្រាក់ តែ​ដំណើរការ​រដ្ឋបាល​ត្រូវ​បាន​រង់ចាំ​យូរ​។​

​ក្រោយមក មន្ទីរពេទ្យ​នេះ បានធ្វើការ​សុំទោស​ចំពោះ​ការរក្សារ​ទុក​ក្មេង​ស្លាប់​នេះ ដោយ​អះអាង​ថា​ហេតុការណ៍​នេះ​ជា​ការយល់ច្រឡំ ហើយ​ពេលនេះ ក្រុមប្រឹក្សា​សុខាភិបាល​ បាន​រាប់​រង​លើ​ថ្លៃ​ពេទ្យ​នេះ​៕​ដោយ​៖​សុខា​/sn