អ្នក​រើស​អេតចាយ​នៅ​ជើងឯក​ត្អូញត្អែរ​ពី​តម្លៃ​អេតចាយ​ធ្លាក់ចុះ​រកប្រាក់​ចិញ្ចឹមជីវិត​យ៉ាង​លំបាក​

659
ចែករម្លែក
  • 31
    Shares

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​ក្រុម​ពលរដ្ឋ​ក្រីក្រ​ដែល​ប្រកប​របរ​រើស​អេតចាយ​នៅលើ​គំនរ​សំរាម​ជើងឯក​គ្រាន់​លក់​យកលុយ​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃនោះ​ត្អូញត្អែរថា​ពួកគាត់​បាន​ជួប​ស្ថាន​ភាពលំបាក​បន្តបន្ទាប់​ក្រោយពី​រយៈពេល​ជាង​មួយខែ​មកនេះ​តម្លៃ​អេតចាយ​បាន​ធ្លាក់ចុះ​ធ្វើឱ្យ​ប្រាក់កាស​រកបាន​ប​ន្តិ​ច​បន្តួច​មិនអាច​ដោះស្រាយ​ជីវភាព​បាន​ដូច​មុន​។​

​ក្រុម​ពលរដ្ឋ​ដែល​បាន​ប្រកាន់​របរ​រើស​អេតចាយ​ដែលជា​មុខរបរ​មួយ​មិន​ត្រូវការ​ដើមទុន​ជាច្រើន​នាក់​នេះ​សព្វថ្ងៃ​ស្ថិតនៅលើ​គំនរ​សំរាម​ជើងឯក​ក្នុង​សង្កាត់​ជើងឯក​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។​បើតាម​បងប្អូន​អ្នក​រើស​អេតចាយ​នៅទីនេះ​បាន​និយាយថា​ក្រៅពី​តម្លៃ​អេតចាយ​ធ្លាក់ចុះ​ហើយ​ចំពោះ​ចំនួន​អេតចាយ​ដែល​ពួកគាត់​រកបាន​ប្រចាំថ្ងៃ​ក៏បាន​ធ្លាក់ចុះ​ផងដែរ​។​ដោយសារតែ​ចំនួន​អ្នក​រើស​អេតចាយ​នៅ​តំបន់​នេះ​កាន់​តែមាន​ចំនួន​ច្រើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

​កំពុង​ម្នីម្នា​ចាត់ចែង​អេតចាយ ដាក់​បាវ​ដែល​រើស​បាន​កាលពី​ព្រឹក​សម្រាប់​យកទៅលក់​ឱ្យ​ឈ្នួ​ញ អ្នកស្រី ស៊ីថា​ដែលជា​ស្ត្រី​មេម៉ាយ​កូន​៣​នាក់ មួយរូប​បានឱ្យដឹងថា ដោយ​ទីទាល់ក្រ ក្រោយពី​ស្វាមី​បាន​បាត់បង់​ជីវិត​ទៅនោះ​អ្នកស្រី​បាន​នាំ​កូនៗ​មក​រើស​អេតចាយ​នៅលើ​គំនរ​សំរាម​ជើងឯក​នេះ​អស់​រយៈពេល​ជិត​មួយឆ្នាំ​មកហើយ​។

ស្ត្រី​វ័យ​៣៨​ឆ្នាំ​ដែល​រស់នៅ​ខេត្តកណ្តាល​រូបនេះ​បានឱ្យដឹង​បន្តថា​កាលពីមុន​បុណ្យចូលឆ្នាំ​ចិន​អ្នកស្រី​អា​ចរក​ចំណូល​ពី​ការ​រើស​អេតចាយ​ក្នុង​គំនរ​សំរាម​ក្នុង​មួយថ្ងៃ​បាន​ចាប់ពី​៣​ម៉ឺន​ដល់​៦​ម៉ឺន​រៀល គ្រាន់​ចិញ្ចឹម​កូនតូចៗ​ប៉ុន្តែ​ក្រោយ​បុណ្យចូលឆ្នាំ​ចិន​រួច​តម្លៃ​អេតចាយ​បាន​ធ្លាក់ចុះ​ធ្វើឱ្យ​គាត់​រកចំណូលបាន​ត្រឹមតែ​២​ម៉ឺន​ទៅ​៤​ម៉ឺន​រៀល​ធ្វើឱ្យ​ពិបាក​រកប្រាក់​កាស​បង់​ថ្លៃ​ផ្ទះជួល ទឹក​ភ្លើង​និង​ការហូបចុក​ប្រចាំថ្ងៃ​។​

បើតាម​ការលើកឡើង​ស្រី្ត​អ្នក​រើស​អេតចាយ​រូបនេះ​បានឱ្យដឹង​បន្ថែមថា​កាលពីមុន​អេតចាយ​ប្រភេទ​ជ័រ ដែល​រើស​បាន​គេ​ទិញ​ក្នុង​មួយ​គីឡូក្រាម​ថ្លៃ​៩០០​រៀល​។​ប៉ុន្តែ​បច្ចុប្បន្ន​លក់បាន​ត្រឹមតែ​៤០០​ទៅ​៥០០​រៀល​ប៉ុណ្ណោះ​។​

ឱ្យដឹង​ដូចគ្នានេះ​លោក​អ៊ឹម​រុំ​វ័យ​៤១​ឆ្នាំ​មកពី​ខេត្តព្រៃវែង​ដែល​បានជ្រើសរើស​ប្រក​បរបរ​រើស​អេតចាយ​នេះ​រយៈពេល​៧​ឆ្នាំ​មកហើយ​បានឱ្យដឹងថា​ពេលនេះ​ស្ថានភាព​អ្នក​រើស​អេតចាយ​ជួប​ការលំបាក​កាន់តែ​ច្រើនជាង​មុន​ដោយសារតែ​ចំនួន​អ្នក​រើស​អេតចាយ​ថ្មីៗ​បាន​ចូលមក​កាន់​ទីនេះ​ច្រើនឡើង​។​

លោ​កថា​កាលពីមុន​គាត់​អាច​រក​ប្រាក់កាស​តាមរយៈ​រើស​អេតចាយ​លើ​គំនរ​សំរាម​ជើងឯក​នេះ​បាន​ចាប់ពី​១​ប៉ាវ​ទៅ​២​ប៉ាវ​ធំៗ​ហើយ​អាច​លក់បាន​ថវិការ​ប្រមាណ​៤​ម៉ឺន​ដល់​៦​ម៉ឺន​រៀល​។​ប៉ុន្តែ​បច្ចុប្បន្ន​រកប្រាក់​ចំណូល​បាន​ត្រឹម​២​ម៉ឺន​ដល់​៤​ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​។​បុរស​វ័យ​៤១​ឆ្នាំ​ដែល​ប្រកប​របរ​រើស​អេតចាយ​ជាមួយ​ប្រពន្ធ​រូបនេះ​បានឱ្យដឹង​បន្ថែមថា​បច្ចុប្បន្ននេះ​អ្នក​រើស​អេតចាយ​មាន​ទាំង​អ្នក​រើស​ពេលយប់​និង​ពេល​ថ្ងៃ ហើយ​មាន​គ្នា​ប្រមាណ​ជិត​១​ពាន់​នាក់​។​

ដោយឡែក​លោក​ផាន​ផៃ​ដែល​កំពុង​អង្គុយ​ចាត់ចែង​អេតចាយ​រើស​បាន​កាលពី​ព្រឹក​សម្រាប់​យកទៅលក់​ឱ្យ​ឈ្មួញ​បន្តបាន​ឱ្យដឹង​ដូចគ្នា​ថាបើ​ប្រៀបធៀប​កាលពីមុន​អេតចាយ​មានតម្លៃ​ខ្ពស់​គាត់​អា​ចរក​ប្រាក់កាស​គ្រាន់​ចិញ្ចឹម​កូនៗ​បាន​គ្រាន់បើ​។​ប៉ុន្តែ​ក្រោយពេល​តម្លៃ​អេតចាយ​ធ្លាក់ចុះ​ធ្វើឱ្យ​ម្នាក់ៗ​ស្ថិត​តែ​ជួប​ក្នុងស្ថានភាព​លំបាក​ដូចគ្នា​។​

បុរស​រូបនេះ​បាន​ត្អូញត្អែរថា មុខរបរ​រើស​អេតចាយ​ជាការ​ងារ​លំបាក ប្រឈមមុខ​នឹង​ជំងឺឆ្លង​ទទួល​កម្រៃ​ទាប​។​ប៉ុន្តែ​ពួកគាត់​គ្មាន​ការជ្រើសរើស​ឡើយ​ដោយសារ​ជីវភាព​ទីទាល់ក្រ​នេះ​។​

គួរ​បញ្ជាក់ថា​ពលរដ្ឋ​ប្រកាន់​មុខរបរ​អ្នក​រើស​អេតចាយ​ភាគច្រើន​ជា មនុស្ស​ចាស់​គ្មាន​ទីពឹង យុវជន​ដែល​គ្មាន​ចំណេះដឹង​និង​អ្នក​អត់​ការងារ​ធ្វើ​ក្មេងៗ​ដែល​គ្មាន​ទី​អាស្រ័យ​និង​ប្រជាពលរដ្ឋ​ដែល​គ្មាន​ទីលំនៅ​ពិតប្រាកដ​ហើយ​នាំគ្នា​ទៅ​តាំង​ទីលំនៅ​នៅក្បែរ​និង​នៅលើ​គំនរ​សំរាម​ជើងឯក​នេះ​ជាច្រើន​នាក់​អស់​ជាច្រើន​ឆ្នាំ​មកហើយ​.

​គួរ​រំលឹក​ដែរ​ថាបើ​តាម​លោក​សាយ​សំ​អាល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បានចាត់ទុក​ថា​អ្នក​ប្រកបរ​បរជា​អ្នក​រើស​អេតចាយ​ឬក៏​ដូចជា​អ្នកទទួល​ទិញ​អេតចាយ​សព្វថ្ងៃ​គឺជា​ដៃគូរ​ដ៏​ខាន់​មួយ​ក្នុង​ការប្រមូល​កាកសំណល់​មួយចំនួន​ទៅធ្វើ​ការកែច្នៃ​។​ដើម្បី​ប្រើប្រាស់​ឡើងវិញ​ដែលជា​ផ្នែក​មួយ​រួមចំណែក​ដោះស្រាយ​បញ្ហា​បរិស្ថាន​យ៉ាង​ល្អ​។​

​ជាមួយ​ការចាត់ទុក​អេតចាយ​ជា​ដៃគូ​ដ៏​ល្អ​និង​មានការ​លើកទឹកចិត្ត​ដល់​អ្នក​ប្រក​បរបរ​នេះ លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​នៅបាន​ជំរុញឱ្យមាន​ការកែច្នៃ​អេតចាយ​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ពី​សិប្បកម្ម​ដូច​សព្វថ្ងៃ​ឱ្យទៅជា​ឧស្សាហ​កម្មនា​ថ្ងៃ​ខាងមុខ​ដោយសារតែ​ក្រៅពី​ជួយ​ដល់​បរិស្ថាន​ហើយ​វិស័យនេះ​ក៏​នៅ​ជួយ​បង្កើត​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​ថែមទៀត​៕S/

​ក្រុម​ពលរដ្ឋ​ក្រីក្រ​រើស​អេតចាយ​នៅលើ​គំនរ​សំរាម​ជើងឯក ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​(​រូប​៖​ដេប៉ូ​)​