អ្នក​រៃអង្គាស​មូលនិធិ​របស់លោក​ត្រាំ​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​រឿង​ទារលុយ ៧៥ លាន​ដុល្លារ​ពី​អ្នកជំនួញ​ម៉ាឡេស៊ី​ជុំវិញ​ករណី​ធនាគារ​វិនិយោគ 1MDB

629
ចែករម្លែក

​យោងតាម​មនុស្ស​បីនាក់​ដែល​ដឹង​អំពី​ការស៊ើបអង្កេត​នេះ​បានឱ្យដឹងថា ក្រសួងយុត្តិធម៌​អាមេរិក​កំពុង​ស៊ើបអង្កេត​ថា​តើ​អ្នក​រៃអង្គាស​មូលនិធិ​ចាស់វស្សា​របស់​គណបក្ស​សាធារណរដ្ឋ លោក អែល​ឡត ប្រ​យ​ឌី (Elliott Broidy) បាន​ព្យាយាម​លក់​ឥទ្ធិពល​របស់គាត់​ជាមួយ​រដ្ឋបាល​ត្រាំ​តាមរយៈ​ការផ្តល់ជូន​នូវ​ចំណាត់ការ​របស់​រដ្ឋាភិបាល​អាមេរិក​សម្រាប់​ក្រុមមន្ត្រី​ការបរទេស​ដើម្បី​ជា​ថ្នូរ​នឹង​ប្រាក់​រាប់សិប​លាន​ដុល្លារ​ឬក៏​អត់​។​

​យោងតាម​មនុស្ស ២ នាក់​ក្នុងចំណោម​៣​នាក់​ខាងលើ​បានឱ្យដឹងថា ជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​នោះ ក្រុម​រដ្ឋអាជ្ញា​បាន​កំពុង​ពិនិត្យមើល​ផែនការ​មួយ​ដែល​លោក​ប្រ​យ​ឌី​បាន​បង្កើតឡើង​ដើម្បី​ព្យាយាម​បញ្ចុះបញ្ចូល​រដ្ឋាភិបាលរ​បស់​ត្រាំ​ដើម្បី​ធ្វើ​បត្យាប័ន​អ្នកប្រឆាំង​ជនជាតិ​ចិន​ម្នាក់​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ដែលជា​ចំណាត់ការ​មួយ​ត្រូវបាន​ស្វែងរក​ដោយ​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង​។​

​ពួកគេ​ក៏​កំពុងធ្វើការ​ស៊ើបអង្កេត​ផងដែរ​លើ​ការ​អះអាងថា លោក​ប្រ​យ​ឌី​ស្វះស្វែង​ទារប្រាក់ ៧៥ លាន​ដុល្លារ​ពី​អ្នកជំនួញ​ជនជាតិ​ម៉ាឡេស៊ី ឈ្មោះ ចូ ឡ ប្រសិនបើ​ក្រសួងយុត្តិធម៌​អាមេរិក​បញ្ចប់​ការស៊ើបអង្កេត​របស់ខ្លួន​មកលើ​ធនាគារ​វិនិយោគ​របស់​ម៉ាឡេស៊ី 1MDB ដែលជា​មូលនិធិ​វិនិយោគ​របស់​រដ្ឋ​។​

​ការស៊ើបអង្កេត​របស់​ម៉ាឡេស៊ី​បាន​ពិនិត្យមើល​តួនាទី​របស់​អតីត​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ នៅក្នុង​ការកេងប្រវ័ញ្ច​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ពី 1MDB ។​

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​អាមេរិក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​រឿងនេះ​ទេ​។ លោក គ្រី​ស្តូ​ហ្វើ ក្លាក មេធាវី​របស់លោក​ប្រ​យ​ឌី បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​អែល​ឡត ប្រ​យ​ឌី មិនដែល​បាន​យល់ព្រម​ធ្វើការ​ឱ្យ​ឬ​បានទទួល​ការទូទាត់​ពី​រដ្ឋាភិបាល​បរទេស​ណា​មួយ​នោះទេ​សម្រាប់​រាល់​ទំនាក់ទំនង​ជាមួយ​រដ្ឋា​ភិ​បាល​អាមេរិក គឺ​មិន​ធ្លាប់មាន​នោះឡើយ​។ ការអះអាង​ណាមួយ​ដែល​ផ្ទុយ​ពី​ការលើកឡើង​នេះ គឺជា​ការ​កុហក​”៕ ដោយ៖ កញ្ញាដាលីស

អ្នក​រៃអង្គាស​មូលនិធិ​ចាស់វស្សា​របស់​គណបក្ស​សាធារណរដ្ឋ លោក អែល​ឡត ប្រ​យ​ឌី
#