អ្នក​វិនិយោគិន​កូរ៉េ​ចាប់អារម្មណ៍​ក្នុងការ​វិនិយោគ​លើ​រោងចក្រ​ផលិត​ចំណី​សត្វ​មាន់ ,​កសិដ្ឋាន​ចិញ្ចឹម​មាន់នៅ​កម្ពុជា​

751
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​លោក Yoon , Jun-hyun ប្រធាន​ក្រុមហ៊ុន ACE Food Co.,Ltd. បាន​លើកឡើងថា​៖​លោក​ពិត​មាន​ចំណាប់អារម្មណ៍​ជាមួយនឹង​ឱកាស​វិនិយោគ​នៅ​កម្ពុជា រួម​នឹង​សក្តានុពល​ទីផ្សារ​ដែល​កម្ពុ​ជាមាន លោ​កថា​នឹងធ្វើ​ការសិក្សា​បន្ថែម​ឱ្យបាន​ស៊ីជម្រៅ ដោយ​លោក​នឹងត្រូវ​ចុះទៅ​សិក្សា និង​ពិនិត្យ​ជាក់ស្ដែង​នៅពេល​ខាងមុខ​។​
​លោក Yoon , Jun-hyun​ថ្លែង​បែបនេះ​ក្នុងពេល លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​សាធារណកា​រដ្ឋ​កូរ៉េ និង​ទីប្រឹក្សា​ពាណិជ្ជកម្ម អម​ស្ថានទូត​កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៨ នេះ បាន​អញ្ជើញ​ធ្វើ​ទស្សនកិច្ច​នៅ​រោងចក្រ​កែច្នៃ​សាច់មាន់​មួយកន្លែង​នៅ​ទីក្រុង​ណាំ​យ៉ាង​ជូ របស់​ក្រុមហ៊ុន ACE Food Co.,Ltd. ដែលមាន​សមត្ថភាព​កែច្នៃ​មាន់បាន​ចំនួន ១២.០០០​ក្បាល​ក្នុង​មួយថ្ងៃ ដើម្បី​សិក្សា​ស្វែងយល់​ពី​បច្ចេកវិទ្យា និង​តម្រូវការ​ទីផ្សារ​សាច់មាន់​របស់​កូរ៉េ​។​
​យោងតាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយនឹង​លោក Yoon, Jun-hyun ប្រធាន​ក្រុមហ៊ុន ACE Food Co.,Ltd. លោក​ឯកអគ្គរាជទូត​បានបង្ហាញ​ពី​សក្ដានុពល​របស់​កម្ពុ​ជា​ដែល​រាជរដ្ឋាភិបាល​បាន​បង្កលក្ខណៈ​ងាយស្រួល​ដល់​វិនិយោគិន​បរទេស​ក្នុងការ​បណ្ដាក់ទុន​រក​ស៊ី​នៅ​កម្ពុជា ជាពិសេស​កម្ពុជា​សម្បូរ​វត្ថុធាតុដើម​សម្រាប់ធ្វើ​ការផលិត​ជា​ចំណី​សត្វ ដែលមាន​តម្លៃថោក​ប្រៀបធៀប​នឹង​ប្រទេសជិតខាង រួមជាមួយ​នឹង​ថ្លៃ​កម្លាំង​ពលកម្ម​សមរម្យ​ផងដែរ​។​
គួរ​បញ្ជាក់ថា​៖ បច្ចុប្បន្ននេះ​ប្រជាជន​កូរ៉េ​បាន​នឹង​កំពុង​ប្រើប្រាស់​សាច់មាន់​ប្រមាណ ៤​លាន​ក្បាល​ក្នុង​មួយថ្ងៃ ដែល​គិត​ជា​មធ្យម មនុស្ស​ម្នាក់​ទទួលទាន​សាច់មាន់​ប្រមាណ ១៥kg ក្នុង​មួយឆ្នាំ​។ ហើយ​កូរ៉េ​បច្ចុប្បន្ន​បាន​នាំយក​សាច់មាន់​៣០​ភាគរយ​នៃ​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​របស់​ខ្លូន​ពី​បរទេស​រួមមាន ប្រេ​ស៊ី​ល និង​អាមេរិក ជាដើម​៕