អ្នក​សារព័ត៌មាន​អាស៊ាន ទៅស្វែងយល់​ពី​ទឹកដី​ត្រាស់ដឹង​របស់​ព្រះពុទ្ធ

496

​(​ញូ​វ​ដេលី)៖ អ្នក​សារព័ត៌មាន​ជាន់ខ្ពស់​មកពី​បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០​ដែល​រួមមាន​អ្នកសារពត៌មាន​រស្មី​កម្ពុជា​និង​កម្ពុ​ជាថ្មី​បាន​ត្រូវ​រដ្ឋាភិបាល​នៃ​ប្រទេស​ឥណ្ឌា អញ្ជើញ​មក​ទស្សនកិច្ច​ស្វែងយល់​ពី​វប្បធម៌​និង​សាសនា នៅ​រដ្ឋ​ប៊ី​ហារ (Bihar State) ដែល​ការធ្វើដំណើរ​តាម​យន្តហោះ​ពី​ទីក្រុង ញូ​វ​ដេល្លី ប្រហែល​ជាង​១​ម៉ោង​។​
​ ​
ក្នុង​ដំណើរ​ទស្សនកិច្ច​រដ្ឋ​ប៊ី​ហារ​ដែលជា​ផ្នែក​មួយ​នៃ​កម្មវិធី​វេទិកា​ជំនួប​កំពូល​អាស៊ាន​-​ឥណ្ឌា ទើបនឹង​បញ្ចប់​ថ្មីៗ​នេះ ក្រុម​អ្នក​ពត៌មានមាន បាន​ទស្សនា​ទីកន្លែង​ជាច្រើន ដូចជា រូបសំណាក​ព្រះពុទ្ធ​(Great Bodha), ប្រាសាទ​មហា​ប៊ូ​ឌី​(Mahabodhi Temple) ,​ដើម​ពោធិ៍​ដែល​ព្រះពុទ្ធ​ទេសនា និង​វត្ត​ព្រះពុទ្ធសាសនា​មួយចំណួនទៀត​។​
​ ​
ទីតាំង​ទាំងនេះ ស្ថិតនៅ​ក្នុងភូមិ បុ​ត​ហ្គា​យ៉ា​(Bodh Gaya) ដែលជា​កន្លែង​ធម្ម​យាត្រា​ព្រះពុទ្ធសាសនា​ដ៍​សំខាន់​មួយ​ដែល​ព្រះសង្ឃ​ពុទ្ធសាសនា​និង​ពុទ្ធបរិស័ទ មកជួប​ជុំគ្នា ដើម្បី​គោរព​ប្រ​ណិ​ប​ត្រ​ធម៌​។​

​បើតាម​ព្រះ​តេជគុណ​តំណាង​គណៈកម្មការ​គ្រប់គ្រង​ប្រាសាទ​មហា​ប៊ូ​ឌី បាន​មាន​សង្ឃ ដីកា​ថា​៖ Bodh Gaya ជា​កន្លែង​នៃ​ការ​ត្រាស់ដឹង​របស់​ព្រះពុទ្ធ​។ នៅ​សតវត្សរ៍​ទី​៦​មុន​គ្រឺ​ស្ត​សក រាជ ព្រះ​អម្ចាស់ ស៊ី​ដា​ថា ហ្គោ​តា​ម៉ាក់​(Prince Siddartha Gautama)​បាន​ត្រាស់ដឹង​នៅ​កន្លែង​ដ៍ពិសិដ្ឋ នេះ​នៅក្រោម​ដើម​ពោធិ៍ ហើយ​បាន​ក្លាយជា​ព្រះពុទ្ធ​។​ដើម្បី​រម្លឹក​ដល់​ព្រះពុទ្ធ ព្រះ​អ​ធិ រាជ​អា​សោកា​(Emperer Asoka) បាន​សាង​សង់ប​ល្ល័​ង្គ​ធ្វើ​ពី​ពេជ្រ​នៅ​កន្លែង​ព្រះពុទ្ធ​ត្រាស់ដឹង​ព្រមទាំង​សាងសង់​ចេតិយ៍​ដំបូង​គេ​នៅ​សតវត្សរ៍​ទី​៣​មុន​គ្រិស្តសករាជ​។​ក្រោយមក​សាងសង់​ប្រាសាទ​មហា​ប៊ូ​ឌី នៅ​សតវត្សរ៍​ទី​៧​ក្រោយ​គ្រិស្តសករាជ​។​នៅក្នុង​ប្រាសាទ មាន​ដើម​ពោ​ធ៍​ធំ​ដែល​ព្រះពុទ្ធ​សម្មាធិ និង​ធ្វើ​ធម្មទេសនា​។​ពុទ្ធបរិស័ទ តែងតែ​សំពះ​សុំ​ស្លឹកពោធិ៍​តែ​មិន​បេះ​ទេ​បើ​មាន​និស្ស័យ​ស្លឹកពោធិ៍​នឹង​ធ្លាក់​មក​ដោយ​ឯកឯង​។​

​ប្រាសាទ Mahabodhi Temple បាន​ត្រូវ​អង្គការ​យូណេស្កូ​ប្រកាស​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​នៅ​ថ្ងៃទី​២៧ ខែ មិថុនា ឆ្នាំ​២០០២​។​សម្តេច​សង្ឃ ដា​ឡៃ ឡា​ម៉ា ក៏​ធ្លាប់​បានមក​បង្រៀន​ខាង​វិស័យ​សាសនា​នៅទីនេះ​ដែរ​។
​ ​
គួរ​កត់សម្គាល់ថា​ប្រាសាទ Mahabodhi Temple មាន​ព្រះសង្ឃ ពុទ្ធសាសនិក និង​ទេសចរ មកពី​គ្រប់ទិសទី​ក្នុង​ពិភពលោក មក​បន់ស្រន់ សមាធិ សូត្រធម៌ និង​ទស្សនា ក្នុង​មួយថ្ងៃ​ប្រមាណ​៣​ម៉ឺន​អង្គ នាក់​នៅក្នុង​រដូវ​បុណ្យ​សាសនា និង​ប្រមាណ​ជាង​១​ម៉ឺន​នាក់ សម្រាប់​ថ្ងៃ​ធម្មតា​។​

​គួរ​បញ្ជាក់ថា ការចូល​មកកាន់​ប្រាសាទ​ដ៏​ពិសិដ្ឋ​នេះ ត្រូវ​តម្រង់​ជួរ​តាំងពីព្រឹក​ព្រលឹម ហើយ​មានការ​ត្រួតពិនិត្យ​សន្តិសុខ​និង​ឆែក​យ៉ាង​តឹងរឹង​បំផុត ហើយ​មាន​កងកម្លាំងប្រដាប់អាវុធ​យាមកាម​ទាំង​នៅក្នុង​និង​ក្រៅ​តំបន់​ប្រាសាទ​៕​ដោយៈ​សុផល​/sn

​បុ​ត​ហ្គា​យ៉ា​(Bodh Gaya) ដែលជា​កន្លែង​ធម្ម​យាត្រា​ព្រះពុទ្ធសាសនា​ដ៍​សំខាន់​មួយ​ដែល​ព្រះសង្ឃ​ពុទ្ធសាសនា​និង​ពុទ្ធបរិស័ទ មកជួប​ជុំគ្នា ដើម្បី​គោរព​ប្រ​ណិ​ប​ត្រ​ធម៌​។ (​រូប សុផល​)

​ ​