អ្វី​គួរ​និង​មិនគួរ​ញ៊ាំ​ពេល​មាន​ជំងឺ​រលាក​ក្រពះ​រ៉ាំរ៉ៃ​?

147
ចែករម្លែក

​ការទទួល​ទាន​អាហារ​ផ្ដេសផ្ដាស​នៅពេល​មាន​បញ្ហា​ក្រពះ​អាច​បណ្ដាលឱ្យ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។ ហើយ​អ្នកនឹង​ទទួលរង​ការឈឺចាប់​ខ្លាំង​ពិបាក​ទ្រាំ​ក្នុង​ពោះ​ជាក់​ជាមិនខាន​! ដូច្នេះហើយ​ទើប​ការដឹង​ពីអ្វី​ដែល​អ្នក​គួរ​និង​មិនគួរ​ទទួលទាន​នៅពេល​ជួបប្រទះ​បញ្ហា​រលាក​ក្រពះ គឺ​ពិតជា​សំខាន់​ណាស់​។

១. ចៀសវាង​អាហារ​ហឹរ ម្ទេស និង​ម្រេច​
អ្នក​មិនគួរ​ទទួលទាន​អាហារ​អ្វីដែល​ក្ដៅ​ខ្លាំង​ឬ​ហឹរ​ឡើយ​ប្រសិន​ចង់​ចៀសផុត​អា​ការៈពិបាកទ្រាំ​ផ្សេងៗ​នៃ​ជំងឺ​រលាក​ក្រពះ​រ៉ាំរ៉ៃ​។ អាហារ​ប្រភេទ​នេះ​អាចធ្វើឱ្យ​រលាក ឬ​ជះ​ផលប៉ះពាល់ដល់​ស្រទាប់​ខាងក្នុង​នៃ​ក្រពះ​។​

២. ព្យាយាម​ទទួលទាន​យ៉ា​អួរ​
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ថា​យ៉ា​អួរ គឺ​ល្អ​សម្រាប់​ពោះវៀន​និង​ប្រព័ន្ធ​រំលាយអាហារ​ដោយ​ជួយ​បង្កើន​កម្រិត​នៃ​បាក់តេរី​ល្អ​។ ការទទួល​ទាន​យ៉ា​អួរ​ក៏​អាច ជួយ​ទប់ទល់បញ្ហា​រលាក​ក្រពះ​រ៉ាំរ៉ៃ​បាន​យ៉ាង​ប្រសើរ​ផងដែរ​។ ទោះជា​យ៉ាងណា​ត្រូវ​ប្រាកដថា​អ្នកបានជ្រើសរើស​យ៉ា​អួរ​សុទ្ធ​គ្មាន​ផ្ទុក​ជាតិ​ស្ករ​។​

៣. ចៀសវាង​ផ្លែឈើ​មាន​ផ្ទុក​ជាតិ​អាស៊ីត​ខ្ពស់​
ផ្លែឈើ គឺ​ល្អ​ចំពោះ​សុខភាព​រាងកាយ ប៉ុន្តែ​ទោះជា​យ៉ាងណា​អ្នក​មិនគួរ​ទទួលទាន​ផ្លែឈើដែលមាន​ផ្ទុក​ជាតិ​អាស៊ីត​ខ្ពស់​ឡើយ​ក៏​ព្រោះ​វា​អាច​បណ្ដាលឱ្យ​ស្ថាន ភាព​នៃ​បញ្ហា​រលាកក្រពះ​កាន់តែ​អាក្រក់​ឡើង​។​

៤. ចៀសវាង​ភេសជ្ជៈ​និង​អាហារ​ផ្អែម ឬ​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​
​ដើម្បី​ជាការ​ប្រសើរ​ចូរ​ចៀសវាង​ទទួល​អ្វី​ដែលមាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​។ នេះ​ក៏​ព្រោះតែ​បាក់តេរី ដែល​បង្កបញ្ហា​រលាក​ក្រពះ​រ៉ាំរ៉ៃ H. pylori ចូលចិត្ត​ស្ករ​។​

៥. ទទួលទាន​ត្រី​និង​សាច់មាន់​
រាងកាយ​ត្រូវការ​ប្រូតេអ៊ីន​ដើម្បី​អាចជា​សះស្បើយ​ឆាប់រហ័ស​។ ត្រី​សម្បូរ​ខ្លាញ់​និង​សាច់មាន់ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន ក៏ដូចជា​អាស៊ីត​ខ្លាញ់​ល្អ​ដែលមាន​លក្ខណៈ សម្បត្តិ​ប្រឆាំង ការ​រលាក​។​

៦. ចៀសវាង​ទទួលទាន​ប៉េងប៉ោះ​
ទោះជា​ប៉េងប៉ោះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែល​ល្អ​ចំពោះ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ ប៉ុន្តែ​ការទទួល​ទាន​ប៉េងប៉ោះ​អាច​បណ្ដាលឱ្យ​ស្ថានភាព​នៃ​បញ្ហា​រលាក​ក្រពះ​កាន់តែ​ធ្ងន់ធ្ងរ​។ ដូច្នេះ​កំឡុងពេល​មិនទាន់​ជាសះស្បើយ​ចូរ​បញ្ឈប់​ការទទួល​ទាន​សិន​៕ ដោយៈ health.com.kh​