អ្វី​ទៅជា​កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​?

503
ចែករម្លែក

​កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម (IRGC) ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា Islamic Revolutionary Guard Corps គឺជា​មែកធាង​មួយ​នៃ​កងកម្លាំងប្រដាប់អាវុធ​អ៊ីរ៉ង់ ដែល​បាន​បង្កើតឡើង​បន្ទាប់ពី​បដិវត្តន៍​អ៊ីរ៉ង់​នៅ​ថ្ងៃទី ២២ ខែមេសា​ឆ្នាំ ១៩៧៩ ដឹកនាំ​ដោយ​លោក​អា​យ៉ា​តូ​ឡា ខា​មេ​នី​។ យោងតាម​រដ្ឋធម្មនុញ្ញ​អ៊ីរ៉ង់ ខណៈដែល​កងទ័ពជើងគោក​អ៊ីរ៉ង់​ការពារ​ព្រំដែន​ប្រទេស​និង​ថែរក្សា​សណ្តាប់ធ្នាប់​ផ្ទៃក្នុង​របស់​អ៊ីរ៉ង់​នោះ កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​គឺ​ការពារ​ប្រព័ន្ធ​នយោបាយ​របស់​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​។ កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​បាន​លើកឡើងថា តួនាទី​របស់​ពួកគេ​ក្នុងការ​ការពារ​ប្រព័ន្ធ​នយោបាយ​អ៊ីស្លាម​អ៊ីរ៉ង់ គឺ​រារាំង​ការជ្រៀតជ្រែក​ពី​បរទេស​និង​ការរៀបចំ​រដ្ឋប្រហារ​ដោយ​ពួកយោធា ឬ “​ចលនា​ក្បាលរឹង​ណាមួយ​”​។​

​កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​មាន​បុគ្គលិក​យោធា​ប្រហែល ១២៥.០០០ នាក់ រួមទាំង​ឆ្មាំ​ជើងគោក ឆ្មាំ​ជើង​អាកាស និង​ឆ្មាំ​ជើង​ទឹក​។ កងកម្លាំង​ជើង​ទឹក​របស់ខ្លួន​ឥឡូវនេះ​គឺជា​កងកម្លាំង​ចម្បង​ដែលមាន​ភារកិច្ច​ត្រួតត្រា​ប្រតិបត្តិការ​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​។ ឆ្មាំ​ជើង​ទឹក​ក៏​គ្រប់គ្រង​កងជីវពល​បា​ស៊ី​ច (Basij) ផងដែរ ដែលមាន​បុគ្គលិក​យោធា​សកម្ម​ប្រហែល ៩០.០០០ នាក់​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​គឺ​កាសែត Sepah News​។​

​ចាប់តាំងពី​ដើមកំណើត​ដំបូង​របស់ខ្លួន​ក្នុងនាម​ជា​កងជីវពល​មនោគមវិជ្ជា​មួយ កង​ឆ្មាំ​បដិវត្តន៍​បាន​ដើរតួនាទី​កាន់តែ​ធំ​ឡើង​ស្ទើរតែ​គ្រប់​ទិដ្ឋភាព​ទាំង​អស់នៃ​សង្គម​អ៊ីរ៉ង់​។ តួនាទី​នយោបាយ​សង្គម​យោធា​និង​សេដ្ឋកិច្ច​កាន់តែ​ធំ​ឡើង​របស់​ឆ្មាំ​បដិវត្តន៍​ក្រោម​ការដឹកនាំ​របស់លោក​ប្រធានាធិបតី​ម៉ា​ម៉ូដ អា​ម៉ា​ឌី​ណេ​ចា​ត ជាពិសេស​ក្នុងអំឡុង​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០០៩​និង​ការបង្ក្រាប​ការតវ៉ា​នៅក្រោយ​ការបោះឆ្នោត បាន​នាំឱ្យ​ក្រុមអ្នកវិភាគ​លោកខាងលិច​ជាច្រើន​លើកឡើងថា អំណាច​នយោបាយ​របស់​កង​ឆ្មាំ​បដិវត្តន៍​គឺ​ខ្លាំងក្លា​ហួស​សូម្បី​ប្រព័ន្ធ​ច្បាប់​បុព្វ​ជិត Shia ដ៏​មានអំណាច​របស់​ប្រទេស​នេះ​ទៅទៀត​។​

​អគ្គមេបញ្ជាការ​នៃ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​ចាប់តាំងពី​ឆ្នាំ ២០១៩ គឺ​លោក ហូ​ស​សេន សាឡា​មី ខណៈដែល​អគ្គ​មុនៗ​គឺ​ដឹកនាំ​ដោយ​លោក​ម៉ូ​ហា​ម៉ាត់ អា​លី ចា​ហ្វា​រី (​ពី​ឆ្នាំ ២០០៧) និង លោក យ៉ា​យ៉ា រ៉ា​ហ៊ីម សា​ហ្វា​វី (​ពី​ឆ្នាំ ១៩៩៧)​។​

​កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​ត្រូវបាន​ចាត់ទុកជា​អង្គការ​ភេរវកម្ម​ដោយ​រដ្ឋាភិបាល​បា​រ៉ែ​ន អា​រ៉ា​ប៊ី​សា​អូឌីត និង សហរដ្ឋអាមេរិក​៕ ដោយ៖ កញ្ញាដាលីស

កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់