ខ្យល់ព្យុះស៊ីក្លូនដ៏ខ្លាំងក្លាឈ្មោះថា ហ្វានី (Fani) ដែលបក់បោកមកលើដីគោកកាលពីថ្ងៃសុក្រទី ៣ ឧសភានៅប្រទេសឥណ្ឌា ត្រូវគេរំពឹងថានឹងដាក់ការគំរាមកំហែងដ៏សាហាវមួយទៀត ដែលគេហៅថា បាតុភូតរលកយក្សបង្កដោយព្យុះ។
បាតុភូតរបៀបនេះកើតឡើងនៅពេលកម្រិតទឹកសមុទ្រកើនឡើងយ៉ាងខ្លាំងក្នុងអំឡុងពេលខ្យល់ព្យុះ ដោយបញ្ជូនរលកធំៗដ៏បំផ្លិចបំផ្លាញបោកបក់មកលើមនុស្សនិងផ្ទះសម្បែងនៅលើដីគោក។
ខាងក្រោមនេះគឺជាសំណួរនិងចម្លើយសំខាន់ៗអំពីបាតុភូតនេះ ៖
- តើបាតុភូតនេះដំណើរការយ៉ាងដូចម្តេច?
បាតុភូតរលកយក្សបង្កដោយព្យុះមិនមែនជាលទ្ធផលនៃទឹកភ្លៀងឬទឹកជំនន់ទេ តែវាកើតឡើងនៅពេលដែលខ្យល់ដ៏ខ្លាំងក្លារុញទឹកសមុទ្រឆ្ពោះមកដីគោក។
បាតុភូតនេះ គឺជា “ការកើនឡើងមិនធម្មតានៃទឹកសមុទ្រដែលបង្កឡើងដោយខ្យល់ព្យុះ និងជំនោរកើនឡើងខ្ពស់ហួសពីការព្យាករណ៍”។ នេះបើយោងតាមរដ្ឋបាលមហាសមុទ្រនិងបរិយាកាសជាតិរបស់អាមេរិក (NOAA)។
អ្នកព្យាករណ៍នៅឥណ្ឌានិយាយថា ការកើនឡើងកម្ពស់ទឹកសមុទ្រ ១,៥ ម៉ែត្រអាចនឹងវាយប្រហាររដ្ឋអូឌីសា ភាគខាងកើត កន្លែងដែលព្យុះសង្ឃរានេះត្រូវបានព្យាករណ៍ថានឹងបោកបក់មកលើដីគោក។
- ហេតុអ្វីបានជាវាមានគ្រោះថ្នាក់?
នៅក្នុងព្យុះពីមុនៗ មនុស្សមិនបានចាប់អារម្មណ៍ភៀសខ្លួនទេ ពីព្រោះពួកគេមិនដឹងអំពីការគំរាមកំហែងដ៏គ្រោះថ្នាក់នេះ។
ជាក់ស្តែង គឺករណីព្យុះទីហ្វុងហៃយ៉ានឆ្នាំ ២០១៣ ដែលបានសម្លាប់មនុស្ស ៧.៣៥០ នាក់ នៅកណ្តាលប្រទេសហ្វីលីពីន ដោយសារតែការកើនឡើងទឹកសមុទ្រ។
រលកសមុទ្រកម្ពស់ប្រមាណ ៧,៥ ម៉ែត្របានបោកបក់មកលើទីក្រុងតាមឆ្នេរសមុទ្រដូចជាទីក្រុងតាក្លូបាន់ ដែលមានប្រជាជន ២៤០.០០០ នាក់។
លើសពីនេះទៅទៀត រលកទឹកសមុទ្រអាចហូរចូលដីគោកបានចម្ងាយរាប់សិបគីឡូម៉ែត្រ ដោយពន្លិចអគារនិងកាត់ផ្តាច់ផ្លូវថ្នល់យ៉ាងរហ័ស។ មនុស្សអាចនឹងលង់ទឹកស្លាប់នៅក្នុងរថយន្តឬផ្ទះរបស់ពួកគេ។
រលកធំៗអាចនឹងចាប់ផ្តើមកើតឡើងមុនពេលខ្យល់ព្យុះបក់បោកមកលើដីគោកទៅទៀត ដោយធ្វើឱ្យមានការលំបាកក្នុងការបញ្ចេញសំឡេងប្រកាសអាសន្នឱ្យទាន់ពេលវេលាដើម្បីសង្គ្រោះជីវិតមនុស្ស៕ ដោយ៖ កញ្ញាដាលីស