អ្វី​នៅ​ពីក្រោយ​វិបត្តិ​សេដ្ឋកិច្ច​វេ​នេ​ស៊ុយ​អេ​ឡា​?

3752
ចែករម្លែក

វិបត្តិសេដ្ឋកិច្ចវេនេស៊ុយអេឡា ដែលពីដំបូងបង្កឡើងដោយការធ្លាក់ថ្លៃប្រេង កំពុងរាលដាលហួសព្រំដែនរបស់ប្រទេសនេះ ខណៈមនុស្សរាប់ម៉ឺននាក់ភៀសខ្លួនទៅកាន់ប្រទេសជិតខាង។ប្រធានាធិបតី វេនេស៊ុយអេឡា លោកនីកូឡាស ម៉ាឌូរ៉ូ បន្ទោសសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបចំពោះអ្វីដែលលោកហៅថា”សង្រ្គាមសេដ្ឋកិច្ច”មួយនិងទណ្ឌកម្មមកលើប្រទេសរបស់លោក។

ប្រជាជនវេនេស៊ុយអេឡា ភៀសខ្លួនចូលប្រទេសជិតខាងខណៈនៅក្នុងប្រទេសមនុស្សជាច្រើនជួបការខ្វះខាតស្បៀងនិងសេវា

ការហូរចេញនៃជនអន្តោប្រវេសន៍វេនេស៊ុយអេឡា ទៅកាន់ប្រទេសក្បែរខាងបានបង្កការលំបាកខាងសេវាសាធារណៈនិងបានបង្ខំអោយរដ្ឋមន្រ្តីនៃប្រទេសអាមេរិកឡាទីន អំពាវនាវអោយមានវិធានការតំបន់ដើម្បីដោះស្រាយបញ្ហា។

មតិអំពីមូលហេតុនៃវិបត្តិសេដ្ឋកិច្ចនេះត្រូវបានបែងចែកជាពីរបក្ខ។មួយបន្ទោសវេនេស៊ុយអេឡាដឹកនាំខុសទៅលើទ្រព្យធនធម្មជាតិរបស់ខ្លួន និងមួយបក្ខទៀតមើលឃើញវិបត្តិនេះថាមកពីការជ្រៀតជ្រែកពីបរទេស។

អែឌូអាដូ ហ្កាម៉ារ៉ា សាស្រ្តាចារ្យនៅនាយកដ្ឋាននយោបាយនិងទំនាក់ទំនងអន្តរជាតិនៅសកលវិទ្យាល័យអន្តរជាតិផ្លរីដា បាននិយាយថា ការធ្លាក់ចុះសេដ្ឋកិច្ចដោយសេរីនេះ”បណ្តាលមកពីភាគច្រើនដឹកនាំសេដ្ឋកិច្ចខុស”នៅ២ទសវត្សរ៍មកនេះ។

លោកថា” នេះជាប្រទេសមានបំផុតនៅលើលោកជាមួយនឹងធនធានប្រេងដ៏ច្រើនមិនគួរអោយជឿ តែត្រូវបានដឹកនាំខុស។ការឆ្លើយតបចំពោះវិបត្តិនេះ មិនមានការទទួលខុសត្រូវ”។

ក្លូរៀ ឡា រីវ៉ា អ្នកសម្របសម្រួលសំរាប់គណៈកម្មាធិការសាមគ្គីភាពគុយបានិងវេនេស៊ុយអេឡា បានយល់ស្របជាមួយនឹងគំនិតដែលគាំទ្រដោយប្រធានាធិបតីម៉ាឌូរ៉ូគឺថា វាបណ្តាលមកពីសង្រ្គាមសេដ្ឋកិច្ចមួយ។លោកស្រីបាននិយាយយោងដល់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកថាជាការប៉ុនប៉ងមួយដើម្បីត្រួតត្រាឧស្សាហកម្មប្រេងរបស់វេនេស៊ុយអេឡា។

ឡា រីវ៉ា បាននិយាយថា”អាមេរិកបានវាយប្រហាររដ្ឋាភិបាលស្របច្បាប់ដើម្បីគ្រប់គ្រងប្រេង ជាអ្វីដែលគេបានធ្វើនៅអ៊ីរ៉ាក់និងអ៊ីរ៉ង់។ការផ្តួលរំលំរដ្ឋាភិបាលមួយបន្ទាប់ពីគេបានដាក់វិស័យប្រេងជារបស់ជាតិមក។វាជាគំរោងរបស់ក្រសួងការពារជាតិអាមេរិក”។

ស្ថានភាពអាចកាន់តែអាក្រក់ឡើងនៅពេលអាមេរិកបានចាប់ផ្តើមធ្វើសមយុទ្ធយោធាជាមួយប្រទេសជាច្រើននៅអាមេរិកឡាទីន។

ទោះជាយ៉ាងណា ឆាល សាពីរ៉ូ ប្រធាក្រុមប្រឹក្សាកិច្ចការពិភពលោកនិងជាអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវេនេស៊ុយអេឡា បាននិយាយថា”សមយុទ្ធនេះទំនងជាមិនសំដៅវេនេស៊ុយអេឡាទេ។វាត្រូវបានធ្វើរាប់ទសវត្សរ៍មកហើយ”។

ផ្អែកលើបទពិសោធន៍ជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសនេះ លោកមិនយល់ស្របចំពោះការគ្រប់គ្រងរបស់រដ្ឋាភិបាលបច្ចុប្បន្ន។លោកថា”វាជាការគ្រប់គ្រងខុសទាំងស្រុងដែលញាំញីដោយបក្ខពួកនិយម និងការជួញដូរថ្នាំញៀន។ផលិតកម្មប្រេងរបស់វេនេស៊ុយអេឡាធ្លាក់ចុះដល់កំរិតឆ្នាំ១៩៤៧ ដែលនាំដល់អ្វីដែលគេហៅថា វិបត្តិមនុស្សធម៌”។

រដ្ឋាភិបាលក៏គួរត្រូវបន្ទោសផងដែរចំពោះការបដិសេធជំនួយពីសហគមន៍អន្តរជាតិ និងព្យាយាមបង្កើតការសង្ស័យអំពីការសមគំនិតបរទេស។ប្រជាជនវេនេស៊ុយអេឡា១០ភាគរយបានភៀសខ្លួនទៅកាន់ប្រទេសក្បែរខាង ដែលនាំដល់ជម្លោះតំបន់។នៅពេលកំពុងតែមានការជជែកពិភាក្សាគ្នាថាតើការហូរចេញនេះវាគ្រាន់តែបណ្តោះអាសន្នឬ ជាការចំណាកស្រុកអចិន្រ្តៃយ៍នោះ វិធានការសេដ្ឋកិច្ចបញ្ចេញដោយរដ្ឋាភិបាលក្រុងការ៉ាកាសមានផលវិជ្ជមានតិចតួចណាស់និងវាត្រូវការពេលរាប់ឆ្នាំទើបសេដ្ឋកិច្ចក្នុងស្រុករើបឡើងវិញ។

ផល ដូបសុន អ្នកកាសែតនៅក្រុង មេរីដា ប្រទេសវេនេស៊ុយអេឡា បានស្រង់របាយការណ៍អង្កេតរបស់រដ្ឋាភិបាលប៉េរូនិងប្រេស៊ីល ដែលបង្ហាញថា ជនចំណាកស្រុកនៅទីបំផុតនឹងវិលទៅកាន់មាតុភូមិរបស់គេវិញ។”ប្រជាជនទាំងនេះគ្រាន់តែចង់រកលុយកាក់ខ្លះនៅក្នុងប្រទេសក្បែរខាងនិងផ្ញើវាទៅទ្រទ្រង់គ្រួសាររបស់គេនៅឯផ្ទះ។ពួកគេមិនមានផែនការរស់នៅទីនោះទេ និងក៏មិនបានបញ្ជូនកូនៗរបស់គេទៅរៀននៅក្នុងប្រទេសណាមួយផ្សេងដែរ”។

ទោះជាយ៉ាងណា សាស្រ្តាចារ្យ ហ្កាម៉ារ៉ាមិនយល់ស្របទេ ដោយហៅការវិនិច្ឆយនេះថាជា”ការមើលឃើញខ្លី” ។

តាមពិតបរិបទនៃការចំណាកស្រុកបច្ចុប្បន្នបានចាប់ផ្តើមតាំងពី២ទសវត្សរ៍មុន ដោយវណ្ណៈអ្នកមានបំផុតរបស់វេនេស៊ុយអេឡា បានចាប់ផ្តើមចាកចេញពីប្រទេស បន្ទាប់មកវណ្ណៈកណ្តាលហើយឥឡូវចូលដល់វណ្ណៈកម្មករពលករ។បង្ខំដោយបរាជ័យនៃសេដ្ឋកិច្ច បណ្តាប្រទេសមកពីជុំវិញពិភពលោកកំពុងតាមដានមើលជនចំណាកស្រុកទៅពីវេនេស៊ុយអេឡា។ការហូរចេញអ្នកចេះដឹង ក៏រឹតតែធ្វើអោយស្ថានភាពសេដ្ឋកិច្ចដុនដាបឡើង។

កាលពីពេលថ្មីៗប្រធានាធិបតីម៉ាឌីរ៉ូ បានបញ្ជូនយន្តហោះមួយទៅប្រមូលមកជនជាតិវេនេស៊ុយអេឡានៅបរទេស ដោយថា”ការអនុញ្ញាតអោយពលរដ្ឋយើងលាងបង្គន់នៅក្នុងប្រទេសបរទេសជាការមិនអាចទទួលយកបាន”។

ទោះយ៉ាងណា ប្រទេសផ្សេងមើលឃើញចំណាត់ការនេះជាការគំរាមសន្តិសុខនិងសេដ្ឋកិច្ចដល់ប្រទេសរបស់គេ។

រដ្ឋមន្រ្តីមកពីប្រទេសអាមេរិកឡាទីនជាច្រើនចាប់ផ្តើមជួបប្រជុំរយៈពេល២ថ្ងៃកាលពីថ្ងៃ៣កញ្ញានៅក្រុងគ្វីតូ ដើម្បីរកវិធីបញ្ចប់វិបត្តិជនចំណាកស្រុកវេនេស៊ុយអេឡា

រដ្ឋាភិបាលប្រេស៊ីលបានបញ្ជូនទាហានទៅកាន់ព្រំដែនដើម្បីការពារជនចំណាកស្រុក បន្ទាប់ពីពួកគេត្រូវអ្នកមូលដ្ឋានដេញវាយចេញពីទីប្រជុំជនរបស់គេ។

រដ្ឋាភិបាលវេនេស៊ុយអេឡា ទំនងជាត្រូវការការគាំទ្រអន្តរជាតិ ។

បើតាមអ្នកកាសែតដូបសុន “វេនេស៊ុយអេឡា ត្រូវជ្រើសផ្លូវផ្ទាល់របស់ខ្លួននិងសង្រ្គោះខ្លួនឯងចេញពីការវាយប្រហាររបស់អាមេរិក។រដ្ឋាភិបាលនឹងទទួលការគាំទ្រហិរញ្ញវត្ថុ តែមិនមែនមកពីExxonMobil ឬ ប៉ង់តាហ្គោន (ក្រសួងការពារជាតិអាមេរិក)ទេ៕ប្រែសម្រួលដោយ៖វាសនា