អ​.​ស​.​ប ៖ ការផ្គត់ផ្គង់​គ្រឿងញៀន​ច្រើន​លើសលប់​នៅ​តំបន់​ទន្លេមេគង្គ និង អាស៊ី​បូព៌ា​ធ្វើឱ្យ​អ្នកប្រើប្រាស់​វ័យក្មេង​ជួប​ហានិភ័យ​

803
ចែករម្លែក

​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២​តុលា​ថា​ការផលិត​និង​ការជួញដូរ​គ្រឿងញៀន​ខុសច្បាប់​បាន​ឈានដល់​កម្រិត​ដែល​មិន​ធ្លាប់មាន​ពីមុនមក​នៅក្នុង​តំបន់​ទន្លេមេគង្គ​របស់​អាស៊ីអាគ្នេយ៍​និង​អាស៊ី​បូព៌ា ដោយ​ព្រមាន​ថា​ថ្នាំញៀន​ច្រើន​ហួសប្រមាណ​នេះ​បង្កើន​ហានិភ័យ​ដល់​អ្នកប្រើប្រាស់​វ័យក្មេង​។​

​មន្ត្រី​នៃ​ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម (UNODC) បាន​និយាយថា​ទោះបីជា​អាជ្ញាធរ​បាន​រឹបអូស​គ្រឿងញៀន​ខុសច្បាប់​យ៉ាងច្រើន​ក៏ដោយ ក៏ប៉ុន្តែ​ការផ្គត់ផ្គង់​គ្រឿងញៀន​លើស​តម្រូវការ​បាន​ទាញ​ឱ្យ​តម្លៃ​ធ្លាក់ចុះ នាំ​គ្រឿងញៀន​មួយចំនួន ដូចជា​មេ​តំ​ហ្វេ​តា​មីន អាច​ទៅ​ដល់ដៃ​អ្នកប្រើប្រាស់​បាន​ស្រួល​។​

​លោក ជេ​រ៉េមី ឌូ​ក្លាស តំណាង​ប្រចាំ​តំបន់​របស់​អ​.​ស​.​ប​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ នៅមុន​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​បាងកក​ដើម្បី​វាយតម្លៃ​ពី​និន្នាការ​នេះ​ថា “​ការផ្គត់ផ្គង់​គឺ​កាន់តែ​កើនឡើង ព្រោះ​ក្រុម​ឧក្រិដ្ឋកម្ម​ចាត់តាំង​កំពុង​បង្កើន​ការផ្គត់ផ្គង់​និង​ពន្លិច​តំបន់​នេះ​ជាមួយ​គ្រឿងញៀន​”​។​

​ទិន្នន័យ​របស់​អ​.​ស​.​ប​នៅ​ឆ្នាំនេះ​បានបង្ហាញ​ថា ជាក់ស្តែង​នៅក្នុង​ប្រទេស​ថៃ ថ្នាំ​គ្រាប់​មេ​តំ​ហ្វេ​តា​មីន​មានតម្លៃ​ចន្លោះ​ពី ១,៥ ដុល្លារ​ទៅ ៤,៥ ដុល្លារ​នៅ​ឆ្នាំ ២០១៧ ពោលគឺ​ធ្លាក់ចុះ​ពី ៤ ទៅ ៧ ដុល្លារ​ធៀប​នឹង​ឆ្នាំ ២០១៤​។​

​នៅក្នុង​ប្រទេស​សិង្ហ​បុរី​ដែលមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ តម្លៃ​ថ្នាំញៀន​បាន​ធ្លាក់​ចុះក្រោម ៦ ដុល្លារ​ក្នុង​ឆ្នាំ ២០១៧ ដោយ​កាលពី​ឆ្នាំ ២០១៤ គឺមាន​តម្លៃ ២០ ដុល្លារ​។​

​លោក​ឌូ​ក្លាស​និយាយថា “​ការកើនឡើង​ថ្នាំ​គ្រាប់​យ៉ាម៉ា​បាន​ទាញ​តម្លៃ​តាមផ្លូវ​ឱ្យ​ធ្លាក់ចុះ​នៅ​ទូទាំង​តំបន់ ដោយ​ធ្វើឱ្យ​ថ្នាំ​ទាំងនោះ​អាច​លៃលក​ទិញ​បាន​សម្រាប់​អ្នកប្រើប្រាស់​វ័យក្មេង ដែល​កំពុង​ត្រូវគេ​អូសទាញ​ឱ្យ​ស្គាល់​ថ្នាំញៀន​ប្រភេទ​នេះ​”៕ ដោយ៖ កញ្ញាដាលីស

ទេសភាព​ជារួម​នៃ​ទន្លេមេគង្គ​ក្បែរ​ព្រំដែន​ថៃ​និង​ឡាវ