អ​.​ស​.​ប ៖ ក្រុម​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ចាត់តាំង​ធ្វើ​សកម្មភាព​ខ្លាំងក្លា​ហួស​ពី​សមត្ថភាព​របស់​អាជ្ញា​ធរ​នៅ​អាស៊ីអាគ្នេយ៍​

743
ចែករម្លែក

អង្គការសហប្រជាជាតិ​(អ.ស.ប)បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​កក្កដា​នេះ​ថា ក្រុម​ឧក្រិដ្ឋកម្ម​ឆ្លងដែន​កំពុង​កើន​ឥទ្ធិពល​ខ្លាំង​ឡើង​នៅ​អាស៊ីអាគ្នេយ៍ និង​ទទួលបាន​ផលចំណេញ​កប់​ក្តោង​ដោយ​ការកេងប្រវ័ញ្ច​លើ​អំពើពុករលួយ​ដែល​កំពុង​រីក​រាលដាល ការអនុវត្ត​ច្បាប់​ដ៏​កម្សោយ និង ការត្រួតពិនិត្យ​ព្រំដែន​ធូររលុង​។​

​អ​.​ស​.​ប បាន​បន្ថែមថា ក្រុម​ឧក្រិដ្ឋជន​ទាំង​នោះបាន​បង្កើត​ប្រាក់ចំណេញ​រាប់សិប​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​ពី​កំណើន​នៃ​ការជួញដូរ​គ្រឿងញៀន ទំនិញ​និង​ឱសថ​ក្លែងក្លាយ ការរត់ពន្ធ​មនុស្ស និង​ការជួញដូរ​សត្វព្រៃ​និង​ឈើ​។​

​ការិយាល័យ​ទទួលបន្ទុក​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម​របស់​អង្គការសហប្រជាជាតិ (UNODC) បាន​និយាយ​នៅក្នុង​របាយការណ៍​មួយ​ថា “​នៅ​តំបន់​ជាច្រើន​នៃ​អាស៊ីអាគ្នេយ៍ ការបង់ប្រាក់​សំណូក​ជា​ប្រព័ន្ធ​នៅតាម​ព្រំដែន​គឺ​ត្រូវបាន​កំណត់​យក​ដូច​ការបង់ថ្លៃ​ផ្សេងៗ​ក្នុង​ប្រព័ន្ធ​ការិយាធិបតេយ្យ​ទៅហើយ​”​។​

​ការិយាល័យ​នេះ​បាន​ព្រមាន​ថា ក្រុម​ឧក្រិដ្ឋជន​ភាគច្រើន ដែលមាន​មូលដ្ឋាន​នៅ​ហុងកុង ម៉ា​កាវ តៃវ៉ាន់ និង ថៃ កំពុង “​ធ្វើ​សកម្ម​ភាពខ្លាំង​ហួស​ពី​សមត្ថភាព​នៃ​ការអនុវត្ត​ច្បាប់​ដើម្បី​ឆ្លើយតប​ទៅហើយ ខណៈ​បង្ក​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សាធារណៈ​និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​”​។​

​កាស៊ីណូ​ដែលមាន​ច្បាប់​គ្រប់គ្រង​អន់​និង​រីកដុះដាល​ដូច​ផ្សិត​យ៉ាង​រហ័ស ក៏​ផ្តល់ឱ្យ​ក្រុម​ឧក្រិដ្ឋកម្ម​ទាំងនោះ​នូវ​វិធី​ងាយស្រួល​ក្នុងការ​លាងលុយកខ្វក់​របស់​ពួកគេ​ផងដែរ​។ ការិយាល័យ​នេះ​បន្ថែមថា ប្រាក់ចំណូល​ពី​ឧក្រិដ្ឋកម្ម​ក៏ត្រូវ​បាន​លាង​តាមរយៈ​ប្រព័ន្ធ​ធនាគារ​ផ្លូវការ​នៅ​សិង្ហ​បុរី​និង​ហុងកុង​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

អ​.​ស​.​ប និយាយថា ក្រុម​ឧក្រិដ្ឋជន​បាន​បង្កើត​ប្រាក់ចំណេញ​រាប់សិប​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​ពី​កំណើន​នៃ​ការជួញដូរ​គ្រឿងញៀន ទំនិញ​និង​ឱសថ​ក្លែងក្លាយ ការរត់ពន្ធ​មនុស្ស និង​ការជួញដូរ​សត្វព្រៃ​និង​ឈើ