ឥណទាន​មីក្រូហិរញ្ញវត្ថុ​នៅតែ​រក្សា​កំនើន​ខ្ពស់​ក្នុង​ឆមាស​ទី​១

1127
ចែករម្លែក

(​ភ្នំពេញ)៖ ការផ្តល់​ឥណទាន​រប​ស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា​នៅតែ​រក្សាបាន​កំនើន​ល្អប្រសើរ ក្នុង​ដំណាច់​ឆមាស​ទី​១​ឆ្នាំនេះ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អ​ម្រិ​ត​លោក​ជា ផល្លា​រិ​ន​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី​២៧ កក្កដា​នេះ​ថា ស្ថានភាព​នៃ​ឥណទាន​របស់​យើង​នៅ​ឆ្នាំនេះ នៅតែ​រក្សាបាន​កំនើន​ល្អ ដោយ​ទំហំ​ទឹកប្រាក់​បាន​កើន​ពី​៥៩៤​លាន​ដុល្លារ កាលពី​ដំណាច់​ឆ្នាំមុន​ដល់​៦៣០​លាន​ដុល្លារ​នៅ​ដំណាច់ត្រីមាស​ទី​២​ឆ្នាំនេះ ស្មើនឹង​កំនើន​១១​ភាគរយ និង​ប្រាក់​បញ្ញើរ​បាន​កើន​ពី​២៨៣​លាន​ដុល្លារ កាលពី​ដំណាច់​ឆ្នាំមុន មកដល់​៣៣០​លាន​ដុល្លារ​នៅ​ដំណាច់​ឆមាស​ទី​១​ឆ្នាំនេះ​។​

​លោក​បន្តថា កម្រិត​នៃ​ឥណ​ទាំ​ន​របស់​យើង មិនមាន​បញ្ហា​នោះទេ​ទោះបីជា​ដ្ឋា​ភិ​បាល​កំណត់​ពិ​ដាន​ការប្រាក់ ប៉ុន្តែ​យ៉ាងណាក៏ដោយ​សម្រាប់​ស្ថាប័ន​របស់លោក មិន​ប្រឈមមុខ​នឹង​កង្វះ​ទុន​សម្រាប់ធ្វើ​ប្រតិបត្តិការ​នោះទេ​។​

​លោក​ជា ផល្លា​រិ​ន​បាន​បន្តថា “​ទោះ​ជាមាន​បញ្ហា​ខ្លះ ប៉ុន្តែ​យើង​អាច​យកប្រាក់​ចំណេញ ពី​ផ្នែក​ផ្សេងទៀត​យកមក​ប៉ះប៉ូវ​បាន ហើយ​យើង​កំពុង​ពង្រឹង បុគ្គលិក​របស់​យើង​ឲ្យ​កាន់​តែមាន​សមត្ថភាព ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា​ឥណទាន ដែល​យើង​បាន​បញ្ចេញ​ទៅជា​ឥណទាន​មានគុណ​ភាព​។ សម្រាប់​អ​ម្រិ​ត​មិនមាន​បញ្ហា​ទេ ប្រសិនជា​ស្ថានភាព​ដូច​សព្វថ្ងៃនេះ​”​។​



​លោក​សាយ សូ​នី​នាយក​ប្រតិបត្តិ​ផ្នែក​ទីផ្សារ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា ឥណទាន​របស់​ប្រា​សាក់​សម្រេចបាន​កំនើន​២១​ភាគរយ ដោយ​ទំហំ​ទឹកប្រាក់​បាន​កើន​ពី​១.០៣០​លាន​ដុល្លារ​កាលពី​ដំណាច់​ឆ្នាំមុន ដល់​១.២២៧​លាន​ដុល្លារ​នៅ​ដំណាច់​ឆមាស​ទី​១​ឆ្នាំនេះ​។​លោក​បន្តថា ចំណែក​ការដាក់​ប្រាក់​បញ្ញើរ​ក៏មាន​កំនើន​ខ្ពស់​ផងដែរ ដោយ​ទំហំ​ទឹកប្រាក់​បាន​កើន​ពី​៦១៩​លាន​ដុល្លារ កាលពី​ដំណាច់​ឆ្នាំមុន ដល់​៧៨៤​លាន​ដុល្លារ​នៅ​ដំ​ណាត់​ឆមាស​ទី​១​ឆ្នាំនេះ​។​

​លោក​បន្តថា​“​យើង​មានការ​ប្រុងប្រយ័ត្ន​ក្នុងការ​ផ្តល់​ឥណទាន​នៅ​ត្រីមាស​ទី​១​ដើមឆ្នាំ​នេះ ដែល​ធ្វើ​ឲ្យ​លំហូរ​ឥណទាន​មាន​កំនើន​យឺត ប៉ុន្តែ​ចូលដល់​ត្រីមាស​ទី​២ តម្រូវការ​ឥណទាន​មាន​កំនើន​ខ្ពស់ ដោយសារ​តម្រូវ​ការប្រើ​ប្រាស់​បាន​កើនឡើង​”​។ លោក​បន្តថា “​ជាមួយគ្នានេះ អតិថិជន​ក៏បាន​ពង្រីក​អាជីវកម្ម​របស់ខ្លួន​ផងដែរ ដែល​ធ្វើ​ឲ្យ​ប្រា​សាក់​សម្រេច​ពង្រីក​ទំហំ​ឥណទាន​រហូតដល់​២០​ម៉ឺន​ដុល្លារ និង​រយៈពេល​សង​ត្រលប់​វែង​ជាង​មុន​ផងដែរ​”​។​

​ប្រា​សាក់​បច្ចុប្បន្ន​មាន​សាខា​រហូតដល់​១៨០​សាខា​ទូទាំងប្រទេស និង​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​ផងដែរ​។​

​លោក​ឧកញ៉ា​ហួត អេង​តុង​នាយក​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​ថ្លែងថា រហូតមកទល់​ពេលនេះ សុខភាព​ឥណទាន​នៅតែមាន​ភាពល្អប្រសើរ ទោះបីជា​ធនាគារជាតិ​នៃ​កម្ពុជា បានដាក់​របា​ការប្រាក់​ពី​ជាង​៣០​ភាគរយ មក​នៅត្រឹម​១៨​ភាគរយ​យ៉ាងណាក៏ដោយ​។ លោក​បន្តថា ទោះជា​យ៉ាងណា​រហូតមកទល់​ពេលនេះ ទិន្នន័យ​នៃ​ការផ្តល់​ឥណទាន​ទូទាំង​វិស័យនេះ មិនទាន់​ប្រមូលបាន​នៅឡើយ​៕ដោយ​ច្រាយ ចំណាន​