ឥណ្ឌាទិញដ្រូននិងឧបករណ៍ឯកទេសដើម្បីបញ្ចៀសការវាយប្រហារថ្មីពីសត្វកណ្តូប

141
ចែករម្លែក

ក្រុមមន្ត្រីរដ្ឋាភិបាលបាននិយាយថាឥណ្ឌាកំពុងទិញដ្រូននិងឧបករណ៍ឯកទេសដើម្បីតាមដានចលនារបស់សត្វកណ្តូបនិងបាញ់ថ្នាំសម្លាប់សត្វល្អិតដើម្បីទប់ស្កាត់ការផ្ទុះឡើងជាថ្មីនៃហ្វូងសត្វកណ្តូប ដែលអាចបំផ្លាញដំណាំ។

កាលពីដើមឆ្នាំនេះអាជ្ញាធរឥណ្ឌាអាចគ្រប់គ្រងបាននូវហ្វូងសត្វកណ្តូបពីតំបន់វាលខ្សាច់ ប៉ុន្តែការផ្ទុះឡើងជាថ្មីនៃសត្វកណ្តូបនៅប្រទេសជិតខាងប៉ាគីស្ថានបានធ្វើឱ្យមានការព្រួយបារម្ភជាថ្មីម្តងទៀតអំពីសុវត្ថិភាពនៃដំណាំដូចជាស្រូវសាលីនិងគ្រាប់ផ្លែឈើដែលអាចចម្រាញ់ជាប្រេងនៅក្នុងប្រទេសឥណ្ឌា។

ប្រភពមួយបាននិយាយថា “ក្រៅពីការធានាឱ្យមានបរិមាណដ៏ច្រើននៃថ្នាំសម្លាប់សត្វល្អិត យើងក៏កំពុងទិញដ្រូននិងបាញ់ថ្នាំបន្ថែមទៀតដែរដើម្បីបង្កើនការត្រៀមខ្លួនរបស់យើងដើម្បីទប់ទល់នឹងការវាយប្រហារពីកណ្តូប”។

សត្វកណ្តូបអាចហោះបានចម្ងាយ ១៥០ គីឡូម៉ែត្រក្នុងមួយថ្ងៃដោយមានខ្យល់ជួយ ហើយសត្វកណ្តូបពេញវ័យអាចស៊ីអាហារស្រស់ក្នុងទម្ងន់ប៉ុនខ្លួនវាក្នុងមួយថ្ងៃ។

សត្វកណ្តូបមួយហ្វូងតូចអាចស៊ីចំណីក្នុងមួយថ្ងៃស្មើនឹងមនុស្ស ៣៥.០០០ នាក់។

គ្រោះមហន្តរាយសត្វកណ្តូបនេះបានបង្កការខូចខាតដល់វាលស្មៅនិងដំណាំជាច្រើនរួចទៅហើយ ហើយបានគំរាមកំហែងដល់សន្តិសុខស្បៀងអាហារនៅក្នុងប្រទេសមួយចំនួននៅតាមមហាសមុទ្រឥណ្ឌាក្នុងទ្វីបអាហ្វ្រិកប៉ែកខាងកើត រួមមានប្រទេសសូម៉ាលី អេត្យូពី កេនយ៉ា អេរីទ្រា និង ជីប៊ូទី។

ហ្វូងកណ្តូបក៏បានរាលដាលដល់ប្រទេសតង់ហ្សានី អ៊ូហ្គង់ដា និង ឥឡូវនេះដល់ប្រទេសស៊ូដង់ខាងត្បូងផងដែរ៕ ដោយ៖ កញ្ញាដាលីស

ឥណ្ឌាត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវាយប្រហារពីសត្វកណ្តូប