ឥណ្ឌា​កំពុង​ផលិត​មី​ស៊ី​លបាញ់​ចំ​គោលដៅ​ទាំងអស់​ក្នុងប្រទេស​ចិន​?

1056
ចែករម្លែក

របាយការណ៍​ដែលថា​ឥណ្ឌា​មាន​ផែនការ​ផលិត​មី​ស៊ី​ល​ដើម្បី​ផ្តោតលើ​គោលដៅ​គ្រប់​គោលដៅ​ទាំងអស់​ក្នុងប្រទេស​ចិន គឺ​មិនមាន​វិជ្ជាជីវៈ​ខាង​សារព័ត៌មាន​ទេ​។ វា​ជា​អត្ថបទ​បច្ចេកទេស សរសេរ​ដោយ​អ្នកវិទ្យាសាស្ត្រ​នុយក្លេអ៊ែរ​ពីរ​នាក់ ហើយ​គេ​មិនត្រូវ​ច្បិច​យក​ផ្នែក​នៃ​ព័ត៌មាន​នេះ​មក​ដុត​បញ្ឆេះ​អារម្មណ៍​ជាតិនិយម​ជ្រុល​នោះទេ​។​

បណ្តាញ​ផ្សព្វផ្សាយ​ឥណ្ឌា​មាន​អារម្មណ៍​អណ្ដែតអណ្ដូង​ពេក​ហើយ​ជុំវិញ​ដំណឹង​ថា រដ្ឋាភិបាល​ក្រុង​ដេលី កំពុង​ធ្វើ​ទំនើបកម្ម​សព្វាវុធ​ខ្លួន​ជាមួយ​កែវភ្នែក​សម្លឹង​លើ​គូប្រជែង​ចិន ដែល​កំពុងមាន​ការប្រឈមមុខ​ធ្ងន់ធ្ងរ​ក្នុង​តំបន់​ដូ​កាឡា (Doka La) នៃ​រដ្ឋ​ស៊ី​ក​គីម​។​

​វេ​ប​សាយ Press Trust of India រាយការណ៍​ថា ព្រឹត្តិបត្រ​ព័ត៌មាន​ឌីជីថល After Midnight ដែល​ចេញផ្សាយ​សម្រាប់​ខែកក្កដា​-​សីហា បាន​និយាយថា ឥឡូវនេះ ឥណ្ឌា​កំពុង​អភិវឌ្ឍ​មី​ស៊ី​ល ដែល​អាច​ផ្តោត​គោលដៅ​លើដី​ចិន​ទាំងអស់ ចេញពី​មូលដ្ឋានទ័ព​ភាគខាងត្បូង​របស់ខ្លួន​។

ដំណឹង​នេះ​បាន​នាំ​ឱ្យគេ​យល់ច្រឡំ​តាំងពី​ដើមទី ពោលគឺ​មិនមែនជា​ព្រឹត្តិបត្រ​ព័ត៌មាន​ឈ្មោះ “After Midnight” ទេ​។ វា​ជា​ចំណងជើង​អត្ថបទ​របស់​ព្រឹត្តិប័ត្រ​ព័ត៌មាន​ឈ្មោះ Bulletin of Nuclear Scientists សម្រាប់​លេខ​ចេញផ្សាយ​ខែកក្កដា​-​សីហា ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឈី​កា​ហ្គោ សហរដ្ឋអាមេរិក ហើយ​លេខ​ថ្មី​ចុង​ក្រោយនេះ គឺ​និយាយ​ពាក់ព័ន្ធ​នឹង​សង្គ្រាម​នុយក្លេអ៊ែរ​ច្រើន​ចំណុច​ផ្សេងៗ​គ្នា និង មានកូន​សៀវភៅ​កំណត់ចំណាំ​អំពី​នុយក្លេអ៊ែរ​មួយ​នៅក្នុង​លេខ​នេះដែរ ដែល​សរសេរ​ដោយ​លោក ហាន អេ​ម គ្រី​ស្ទិ​ន​សិន និង លោក​រ៉ូបឺត អេ​ម ន័​រ​រី​ស ដែលមាន​ចំណងជើង​ថា “​កងកម្លាំង​នុយក្លេអ៊ែរ​ឥណ្ឌា​ឆ្នាំ ២០១៧”​។ កូនសៀវភៅ​កំណត់ចំណាំ​នេះ​និយាយ​ស៊ីជម្រៅ​អំពី​កម្មវិធី​អភិវឌ្ឍ​នុយក្លេអ៊ែរ​បច្ចុប្បន្ន​របស់​ឥណ្ឌា ហើយ​នោះ​ជា​ដំណើរការ​កំពុង​អភិវឌ្ឍ​មី​ស៊ី​ល ដែល​អាច​បាញ់​ចំ​គោលដៅ​ទាំងអស់​របស់​ចិន ចេញពី​មូលដ្ឋានទ័ព​ភាគខាងត្បូង​របស់​ឥណ្ឌា​។

អត្ថបទ​នោះ​ក៏បាន​ចង្អុលបង្ហាញ​ផងដែរ​ថា ទោះបី​ការ​កំញើញ​ដោយ​អាវុធ​នុយក្លេអ៊ែរ​របស់​ឥណ្ឌា​ផ្តោត​គោលដៅ​ភាគច្រើន​ទៅលើ​ប៉ា​គី​ស្ថាន ប៉ុន្តែ​ដំណើរ​ការធ្វើ​ទំនើបកម្ម​សព្វាវុធ​ឥណ្ឌា​គឺ​ផ្តោតលើ​ការ​ងាក​ទៅរក​ទំនាក់ទំនង​យុទ្ធសាស្ត្រ​ពេលអនាគត​ជាមួយ​ចិន​ទៅវិញ​ទេ​។ ជា​សង្ខេប អត្ថបទ​នេះ​បកស្រាយ​បែប​បច្ចេកទេស​ដោយ​អ្នកវិទ្យាសាស្ត្រ​នុយក្លេអ៊ែរ​ពីរ​នាក់ និង​ពុំ​មានន័យថា ឥណ្ឌា ​ត្រៀមខ្លួន​វាយប្រហារ​ចិន​ជាមួយ​មី​ស៊ី​ល​នោះទេ​។​

​គ្មានអ្វី​ចាំបាច់​ត្រូវ​បន្ថែម​ភ្លើង លើ​ភាព​តានតឹង​ដែល​កំពុង​កើតឡើង​រវាង​ឥណ្ឌា​ និង​ចិនតាមរយៈ ​មធ្យោបាយ​ចេញផ្សាយ​អត្ថបទ​ទាំងអស់នេះ​ទេ​។ វា​មិន​បម្រើ​ដល់​ចំណី​អារម្មណ៍​សាធារណជន​ទេ​៕ ​ដោយ ៖កញ្ញាដាលីស

#