ឥណ្ឌា​កំពុង​ពិចារណា​ដាក់ទោស​ពន្ធនាគារ​សម្រាប់ “​ការ​លែងលះ​ភ្លាមៗ​”

237

​យោងតាម ប៊ី​ប៊ី​ស៊ី ញូ​វ ( BBC News) ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​០២ ខែធ្នូ បានឱ្យដឹងថា ស្វាមី​ដែល ព្យាយាម​“​លែងលះ​ភរិយា​ភ្លាមៗ​” អាច​នឹងត្រូវ​ទទួលទោស​ជាប់ពន្ធនាគារ​រយៈពេល ៣ ឆ្នាំ​ក្រោម​សេចក្តី ព្រាង​ច្បាប់​ថ្មី​ដែល​កំពុងស្ថិត​ក្នុងដំណាក់កាល​ពិចារណា​នៅ​ប្រទេស​ឥណ្ឌា​។​

​ក្រុម​បុរស​មូស្លីម អះអាងថា បុរស​ម្នាក់​មាន​សិទ្ធិ​អាច​លែងលះ​ប្រពន្ធ​ភ្លាមៗ​បាន​ចំនួន ៣ ដង​រួមទាំង ការ​លែងលះ​តាមរយៈ​ការផ្ញើ “​អ៊ីម៉េល​” ឬ “​សារ​ជា​អក្សរ​” ផងដែរ ហើយ​ថា ទាល់តែ​លើសពី ៣ ដង​ទើប​ខុសច្បាប់​។

​ទោះជា​យ៉ាងណា តុលាការ​កំពូល​របស់​ឥណ្ឌា​បានប្រកាស​កាលពី​ខែសីហា ថា ធ្វើបែបនេះ​មិន​ស្របតាម រដ្ឋធម្មនុញ្ញ​ឡើយ ប៉ុន្តែ​ក្រុមមន្ត្រី​និយាយថា ការអនុវត្ត​ខាងលើ​នៅតែ​បន្ត​កើតមាន​ចាប់តាំងពី​ពេល​នោះមក​។​

​សូមបញ្ជាក់ថា ច្បាប់​ដែល​ត្រូវបាន​ស្នើឡើង​នេះ​ក៏​ផ្តល់ប្រាក់​ពិន័យ​និង​ការឧបត្ថម្ភ​គាំទ្រ​សម្រាប់​ស្ត្រី​ដែល​រង គ្រោះ​ផងដែរ​។​សេចក្តីព្រាងច្បាប់​ដែលមាន​ឈ្មោះថា “​សេចក្តីព្រាងច្បាប់​ស្តីពី​ការការពារ​សិទ្ធិ​ស្ត្រី​មូស្លីម ក្នុង​ចំណងអាពាហ៍ពិពាហ៍​” (Muslim Women Protection of Rights on Marriage Bill) ខាងលើនេះ​ត្រូវបាន​បញ្ជូនទៅ​រដ្ឋាភិបាល​តំបន់​ហើយ​ដើម្បី​ធ្វើការ​ពិគ្រោះ​យោបល់​៕ ប្រែ​សម្រួល​: ខុម​