ឥណ្ឌា​គ្រោង​ដំឡើង​ពន្ធ​លើ​ទំនិញ​អាម៉េរិក​ខ្លះ​ដើម្បី​សងសឹក​

691
ចែករម្លែក

​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​រាយការណ៍​កាលពី​ថ្ងៃ​សៅរ៍​ទី​១៥​មិថុនា​ថា ឥណ្ឌា​បាន​សំរេច​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​អាម៉េរិក​ចំនួន​២៩​មុខ​ក្រោយ​ពី​ត្រូវបាន​ពន្យារពេល​ជា​​ច្រើន​លើក​ចាប់​តាំងពី​ប្រកាស​អនុវត្ត​វា​កាលពី​ឆ្នាំមុន​។​

​រដ្ឋាភិបាល​ឥណ្ឌា​បាន​ពី​ខែ​មិថុនា​ឆ្នាំ​មុន បាន​និយាយថា​ខ្លួន​នឹង​បង្កើន​ពន្ធ​នាំចូល​លើ​ទំនិញ​អាម៉េរិក​មួយចំនួន រួម​មាន​គ្រាប់​អាល់​ម៉ុន និង​ផ្លែ​ប៉​ម ដោយ​ទំនងជា​ខឹង​នឹង​ការ​​ដែល​អាម៉េរិក​មិន​ព្រម​លើកលែង​ការយកពន្ធ​ខ្ពស់​លើ​ដែកថែប​និង​អាលុយមីញ៉ូម​ឥណ្ឌា​។​

​តែ​រដ្ឋាភិបាល​ក្រុង​ញូវដេល្លី​បាន​ពន្យារ​អនុវត្តវា​ជាច្រើនលើក ខណៈ​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​រវាង​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ធំ​បំផុត​ទាំង​ពីរ រំពឹងថា​នឹង​មាន​ដំណោះស្រាយ​។​​តែ​ទោះជា​យ៉ាងណា ការសំរេចចិត្ត​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុង​ការដកចេញ​ឋានៈ​អនុគ្រោះ​ពាណិជ្ជកម្ម​ពី​ឥណ្ឌា​នៅ​ខែ​នេះ​ទំនង​ជា​បង្ក​អោយ​ឥណ្ឌា​ចាត់វិធានការ​តប​នេះ​។​

​ដោយ​ស្រង់​សម្តី​ពី​មន្ត្រី​រដ្ឋាភិបាល​ម្នាក់ កាសែត​Economic Times បាន​រាយការណ៍​ថា នឹង​មិន​មាន​ការពន្យា​រ​ពេល​តទៅ​ទៀត​ក្នុងការ​វាយ​ពន្ធ​សងសឹក ដោយ​ពន្ធ​ថ្មី​នឹង​ត្រូវ​អនុ​​វត្ត​នៅ​ថ្ងៃអាទិត្យ​ទី​១៦​មិថុនា​។​

​ចំណែក​ទីភ្នាក់ងារសារព័ត៌មាន​The Press Trust of India បាន​និយាយថា​ក្រសួង​ហិរញ្ញវត្ថុ​នឹង​ធ្វើ​ការប្រកាស​ផ្លូវការ​ក្នុងពេល​ឆាប់ៗ តែ​ទោះជា​យ៉ាងណា​ភាគី​ឥណ្ឌា​បាន​បញ្ជូន​​ព័ត៌មាន​អំពី​ការសំរេចចិត្ត​របស់​ខ្លួន​ទៅ​ភាគី​អាម៉េរិក​រួចហើយ​។​

​ភាព​តានតឹង​ពាណិជ្ជកម្ម​នេះ​បាន​កើតឡើង​ទោះជា​អាម៉េរិក​ខិតខំ​បង្កើន​ទំនាក់ទំនង​ជាមួយ​ឥណ្ឌា សំរាប់​ជាការ​ទប់ទល់​នឹង​ចិន ។​

​ត្រាំ​និង​ម៉ូ​ឌី គ្រោង​ជួប​គ្នា​នៅក្រៅ​ជំនួប​កំពូល​G20​ចាប់​នៅ​ថ្ងៃ​២៨-២៩​មិថុនា​នៅ​ជប៉ុន​។​

​ទំនិញ​និង​សេវា​អាម៉េរិក​ជាមួយ​ឥណ្ឌា មាន​តំលៃ​ប្រមាណ​១៤២,១​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨​។​ឱនភាព​ពាណិជ្ជកម្មរ​បស់​អាម៉េរិក​ជាមួយ​ឥណ្ឌា​មាន​ចំនួន​២៤,២​ពាន់​លាន​ដុល្លារ​៕​ប្រែ​សម្រួល​៖​វាសនា​

​ត្រាំ​និង​ម៉ូ​ឌី គ្រោង​ជួប​គ្នា​នៅក្រៅ​ជំនួប​កំពូល​G20​ចាប់​នៅ​ថ្ងៃ​២៨-២៩​មិថុនា​នៅ​ជប៉ុន​