ឥណ្ឌា​ចាប់ផ្តើម​បង្ក្រាប​អ្នកកាសែត​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​

796
ចែករម្លែក
  • 17
    Shares

​រដ្ឋាភិបាល​ឥណ្ឌា​នឹង​ដកសិទ្ធិ​ខ្លះ​ដល់​អ្នកកាសែត​ណា​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ នេះ​បើ​តាម​ការប្រកាស​របស់​ក្រសួង​ព័ត៌មាន​ដែលនាំអោយ​មាន​ការរិះគន់​​ភ្លាម​ថា​នេះ​ជា​ការ​វាយប្រហារ​លើ​សេរីភាព​សារព័ត៌មាន​នៅ​ក្នុងប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ធំ​បំផុត​ក្នុង​លោក​មួយ​នេះ​។​

​ពួក​អ្នកកាសែត​និង​គណបក្ស​ប្រឆាំង​បាន​ពណ៌នា​ច្បាប់​ថ្មី​នេះ​ថា​ជា​កិច្ចខិតខំ​របស់​នាយក​រដ្ឋមន្ត្រី ណា​រេ​នដ្រា ម៉ូ​ឌី ដើម្បី​ត្រួតត្រា​លើ​សារព័ត៌មាន​នៅ​មុន​ការបោះឆ្នោត​​សកល​នៅ​ឆ្នាំក្រោយ​។​

​វា​ជា​ចំណាត់ការ​ចុងក្រោយ​បំផុត​មួយ​នៅ​អាស៊ី ដើម្បី​ដោះស្រាយ​ព័ត៌មាន​ក្លែងក្លាយ​បន្ទាប់ពី​សភា​ម៉ាឡេស៊ី​អនុម័ត​ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​មួយ​ដោយ​តំរូវអោយ​​ដាក់គុក​៦​ឆ្នាំ​ចំពោះ​អ្នករំលោភ​។​

​ក្រសួង​ព័ត៌មាន​និង​ការផ្សព្វផ្សាយ​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ទី​២​មេសា​ថា អ្នកកាសែត​ណា​ដែល​មាន​កំហុស​ចំពោះ​ការសរសេរ​ឬ​​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​នឹង​ត្រូវ​ដកសិទ្ធិ​អនុញ្ញាត​ពី​រដ្ឋាភិបាល​សម្រាប់​រយៈ​ពេល​កំណត់​ឬ​អចិន្ត្រៃយ៍ អាស្រ័យ​លើ​ការរំលោភ​ញឹកញាប់​ដែរ​ឬ​អត់​។​

​សិទ្ធិ​អនុញ្ញាត​ដូច្នេះ​មាន​ដូចជា​ចូលជួប​រដ្ឋមន្ត្រី ចូលរួម​ក្នុង​សន្និសីទកាសែត និង​សិក្ខាសាលា​ដែល​រៀបចំ​ដោយ​ស្ថាប័ន​រដ្ឋាភិបាល​។​

​ក្រសួង​មិន​បាន​កំណត់​ថា​តើ​ព័ត៌មាន​ក្លែងក្លាយ​ប្រភេទ​ណា​ទេ តែ​បាន​និយាយ​ថា​បណ្តឹង​អំពី​ព័ត៌មាន​បែបនេះ​នឹង​ត្រូវ​បញ្ជូនទៅ​ក្រុមប្រឹក្សា​សារព័ត៌មាន​ឥណ្ឌា​ជា​អ្នកសំរេច​​ហើយ​ករណី​ព័ត៌មាន​ក្លែងក្លាយ​តាម​ទូរទស្សន៍​ត្រូវ​អោយ​សមាគម​ផ្សព្វផ្សាយ​ជាតិ​ជា​អ្នកសំរេច​៕​ដោយ​៖​វាសនា​

#