ឥណ្ឌា​ចុះ​កិច្ចព្រមព្រៀង​ជួល​នាវាមុជទឹក​តម្លៃ​៣​ពាន់​លាន​ដុល្លារ​ជាមួយ​រុស្ស៊ី​

376
ចែករម្លែក
  • 68
    Shares

​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​និយាយថា ឥណ្ឌា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​តម្លៃ ៣ ពាន់​លាន​ដុល្លារ​ដើម្បី​ជួល​នាវាមុជទឹក​ដើរ​ដោយ​ថា​ម​នុយក្លេអ៊ែរ​ទី ៣ របស់​រុស្ស៊ី​សម្រាប់​រយៈពេល ១០ ឆ្នាំ ដោយ​ផ្តល់ឱ្យ​រដ្ឋាភិបាល​ក្រុង​ញូវដែលី​នូវ​កម្លាំង​ជំរុញ​មួយ​នៅ​មហាសមុទ្រ​ឥណ្ឌា​ប្រឆាំងនឹង​គូប្រជែង​សំខាន់ៗ​របស់ខ្លួន​ដូចជា​ប៉ា​គី​ស្ថាន​និង​ចិន​។​

​កិច្ចព្រមព្រៀង ដែល​យោងតាម​របាយការណ៍​គឺ​បាន​ចំណាយពេល​ជាច្រើន​ខែ​ដើម្បី​ចរចា​នោះ បានកើត​ឡើង ចំពេល​ភាព​តានតឹង​បាន​កើនឡើង​ខ្លាំង​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន បន្ទាប់ពី​ការប្រឈមមុខគ្នា​ដ៏​ធំ​បំផុត​របស់ខ្លួន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ និង​ខណៈដែល​ឥទ្ធិពល​របស់​ចិន​បាន​កើនឡើង​ខ្លាំង​នៅក្នុង​តំបន់​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​មួយរូប​បាន​បដិសេធ​មិន​ព្រម​បញ្ជាក់​ពី​កិច្ចព្រមព្រៀង​នេះនោះ​ទេ ប៉ុន្តែ​របាយការណ៍​នានា​បាន​និយាយថា នាវាមុជទឹក​ទី ៣ ដែល​ឥណ្ឌា​ជួល​ពី​រុស្ស៊ី​នឹងត្រូវ​ប្រគល់​ឱ្យនៅ​ឆ្នាំ ២០២៥​។​

​រុស្ស៊ី​ដែលជា​សម្ព័ន្ធមិត្ត​សង្គ្រាមត្រជាក់​របស់​ឥណ្ឌា​នៅតែ​ជា​អ្នកផ្គត់ផ្គង់​អាវុធ​ដ៏​សំខាន់​មួយ​ទៅកាន់​ប្រទេស​ឥណ្ឌា ដោយ​ធ្វើឱ្យ​ខឹងសម្បារ​ដល់​សហរដ្ឋអាមេរិក​ដែល​បានដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ណា​ដែល​ទិញ​យោ​ធូប​ករ​ណ៍​ពី​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​។​

​កាលពី​ខែតុលា​ឆ្នាំមុន​ប្រធានាធិបតី​រុស្ស៊ី​វ្ល៉ា​ឌី​មៀរ ពូ​ទីន​និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ណារិន​ដ្រា ម៉ូ​ឌី​បាន​ជួបគ្នា​និង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បីឱ្យ​រដ្ឋាភិបាល​ក្រុង​ញូ​វ​ដេលី​ទិញ​ប្រព័ន្ធ​ការពារ​អាកាស S-400 របស់​រុស្ស៊ី​ក្នុងតម្លៃ ៥,២ ពាន់​លាន​ដុល្លារ​។​

​ក៏ប៉ុន្តែ​ឥណ្ឌា​ក៏មាន​ការព្រួយបារម្ភ​ដូចគ្នា​ជាមួយ​អាមេរិក​ដែរ​អំពី​ការកើនឡើង​ឥទ្ធិពល​របស់​ចិន​នៅក្នុង​មហាសមុទ្រ​ឥណ្ឌា កន្លែង​ដែល​រដ្ឋាភិបាល​ក្រុង​ញូវដែលី​គ្រប់គ្រង​ជា​ប្រពៃណី​។​

​នៅ​ឆ្នាំ ២០១៧ ឥណ្ឌា​និង​ចិន​បាន​ប្រឈមមុខ​ដាក់គ្នា​ខាង​យោធា​នៅ​តំបន់​ខ្ពង់រាប​ភ្នំ​ហេមពាន្ត ដែល​ទាមទារ​កាន់កាប់​ដោយ​ចិន​និង​ប៊ូ​តង់ ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​ឥណ្ឌា​៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​រុស្ស៊ី​វ្ល៉ា​ឌី​មៀរ ពូ​ទីន​និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ណារិន​ដ្រា ម៉ូ​ឌី​បាន​ជួបគ្នា​កាលពី​ខែតុលា​ឆ្នាំមុន