ឥណ្ឌា​ដកហូត​សញ្ជាតិ​ពី​មនុស្ស​ជាង ៤ លាន​នាក់​

661
ចែករម្លែក

​ក្រុម​អ្នកធ្វើ​យុទ្ធនាការ​បាន​និយាយថា មនុស្ស​ជាង ៤ លាន​នាក់ ដែល​នៅក្រៅ​បញ្ជី​ព្រាង​អំពី​សិទ្ធិ​ជា​ពលរដ្ឋ​នៅ​ភាគ​ឦសាន​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​ចន្ទ​ទី​៣០​កក្កដា ត្រូវបានធ្វើ​ឱ្យក្លាយ​ជាម​នុស្ស​គ្មាន​ប្រទេស​ជា​ផ្លូវការ ដោយ​ប្រដូច​ពួកគេ​ទៅនឹង​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ដែល​គេ​បណ្តេញ​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​ការភ័យខ្លាច​កំពុង​គ្របដណ្ដប់​នៅ​ព្រំដែន​រដ្ឋ​អាស​សាម​របស់​ឥណ្ឌា ខណៈដែល​ប្រធាន​ជំរឿន​របស់​ឥណ្ឌា​បានចេញ​បញ្ជី​ឈ្មោះ​ប្រជាពលរដ្ឋនៅក្នុង​រដ្ឋ​នេះ ដោយ​មិន​រាប់បញ្ចូល មនុស្ស​ដែល​មិនអាច​បញ្ជាក់ថា ពួកគេ​ឬ​ឪពុកម្តាយ​របស់​ពួកគេ​បានមក​ដល់​ឥណ្ឌា​នៅមុន​ខែមីនា ឆ្នាំ ១៩៧១ នៅពេល​ប្រទេសជិតខាង​បង់​ក្លា​ដែ​ស​ត្រូវបាន​បង្កើតឡើង​។​

​រដ្ឋ​អាស​សាម​មាន​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​បង់​ក្លា​ដេ​ស​ដែល​កាន់សាសនា​អ៊ីស្លាម​ភាគច្រើន និង​កំពុង​ជាប់​ក្នុង​ភាព​តានតឹង​ផ្នែក​សង្គម​និង​សហគមន៍ ខណៈ​អ្នកស្រុក​កំពុង​ធ្វើ​យុទ្ធនាការ​ប្រឆាំងនឹង​ជនអន្តោប្រវេសន៍​ខុសច្បាប់ ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ជាតិនិយម​ហិណ្ឌូ​របស់​នាយករដ្ឋមន្ត្រី លោក ណារិន​ដ្រា ម៉ូ​ឌី​។​

​លោកស្រី មី​ណាក់​ស៊ី ហ្គា​ន​ហ្គូ​លី នាយក​អង្គការ​ឃ្លាំមើល​សិ​ទិ្ធ​មនុស្ស​ប្រចាំ​អាស៊ី​ខាងត្បូង​បាន​ប្រាប់​មូលនិធិ​ថម​សុន​រ៉​យ​ទ័​រថា “​មនុស្ស​រាប់លាន​នាក់​ឥឡូវ​ត្រូវបាន​គេ​ចាត់ទុកថា​គ្មាន​ប្រទេស​”​។

​លោកស្រី​បាន​និយាយថា “​មាន​ហេតុផល​គួរឱ្យ​បារម្ភ​ជាច្រើន​ដែលថា អ្នក​ដែល​គ្មាន​ឯកសារ​ត្រឹមត្រូវ​នឹង​ក្លាយជា​គោលដៅ​” ដោយ​ព្រមាន​ថា “​ឥណ្ឌា​មិនគួរ​ក្លាយជា​ប្រទេស​មី​យ៉ាន់​ម៉ា ឬ សហរដ្ឋអាមេរិក​មួយ​ទៀត​នោះទេ​”​។​

​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​រាប់សែន​នាក់ ដែលជា​ជនជាតិភាគតិច​មូស្លីម​គ្មាន​រដ្ឋ ត្រូវបាន​បណ្តេញ​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា​កាលពី​ឆ្នាំមុន ហើយ​ឥឡូវនេះ​កំពុងស្ថិត​នៅក្នុង​ជំរំ​ជនភៀសខ្លួន​នៅ​បង់​ក្លា​ដែ​ស​។​

​សន្តិសុខ​ត្រូវបាន​ពង្រឹង​នៅ​ទូទាំង​រដ្ឋ​អាស​សាម ខណៈ​ប្រជាជន​មូស្លីម​រាប់ពាន់នាក់​ដែល​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​ពលរដ្ឋ ព្រួយបារម្ភ​អំពី​ការ​បញ្ជូនទៅ​មណ្ឌល​ឃុំឃាំង ឬ ត្រូវ​និរទេស​ចេញពី​ប្រទេស​។​

​ក្រុម​អ្នក​រិះគន់​មើលឃើញថា ការដកហូត​សិទ្ធិ​ជា​ពលរដ្ឋ​នេះ​គឺជា​មធ្យោបាយ​មួយ​ដើម្បី​កំណត់​គោលដៅ​ទៅលើ​ជនជាតិភាគតិច​មូស្លីម​នៅ​រដ្ឋ​អាស​សាម តែ​បក្ស​កាន់អំណាច BJP បាន​ច្រានចោល​ទាំងស្រុង​នូវ​ការចោទប្រកាន់​នេះ​៕ ដោយ៖ កញ្ញាដាលីស

ប្រជាជន​ជាង ៤ លាន​នាក់​ត្រូវបាន​ដកហូត​សិទ្ធិ​ជា​ពលរដ្ឋ​នៅ​រដ្ឋ​អាស​សាម