ឥណ្ឌា​ដក​ច្បាប់​ស្តីពី​ព័ត៌មាន​ក្លែងក្លាយ នៅ​មិន​ដល់​២៤​ម៉ោង​ផង​ក្រោយ​ការប្រកាស​

976
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណា​រេ​នដ្រា ម៉ូ​ឌី កាលពី​ថ្ងៃ​អង្គារ​ទី​៣​មេសា បាន​បញ្ជា​អោយ​ដក​ចេញ​ច្បាប់​ដាក់ទោស​អ្នកកាសែត​ដែល​ទទួលខុសត្រូវ​ចំពោះ​ការផ្សព្វផ្សាយ​​ព័ត៌មាន​ក្លែងក្លាយ នៅ​មិន​ដល់​២៤​ម៉ោង​ផង​ក្រោយ​ការប្រកាស​ប្រើ​វា​។​

​ចំណាត់ការ​ដកចេញ​វិញ​នេះ​ធ្វើឡើង​បន្ទាប់​ពី​ផ្ទុះ​កំហឹង​និង​ការរិះគន់​ពី​អ្នកកាសែត​និង​អ្នក​នយោបាយ​ប្រឆាំង ដែល​ថា​ច្បាប់​នេះ​តំណាង​អោយ​ការវាយប្រហារ​លើ​សេរី​​ភាព​សារព័ត៌មាន និង​ជា​កិច្ច​ខិតខំ​មួយ​ដោយ​រដ្ឋាភិបាល​របស់​លោក​ម៉ូ​ឌី​ដើម្បី​ខ្ទប់​ការបញ្ចេញមតិ​ដោយ​សេរី​នៅ​មុន​ការបោះឆ្នោត​សកល​មួយ​នៅ​ឆ្នាំក្រោយ​។​

​កាលពី​យប់​ថ្ងៃ​ចន្ទ ក្រសួង​ព័ត៌មាន​និង​ការផ្សព្វផ្សាយ​បាន​និយាយថា រដ្ឋាភិបាល​នឹង​លុបចោល​សិទ្ធិ​អនុញ្ញាត​សំរាប់​អ្នកកាសែត​ណា​ដែល​ផ្សព្វផ្សាយ​«​ព័ត៌មាន​ក្លែងក្លាយ​»​ដូចជា​មិន​អនុញ្ញាត​អោយ​ចូល​ជួប​សម្ភាសន៍​មន្ត្រី​រដ្ឋាភិបាល ឬ​មិន​អនុញ្ញាត​អោយ​ចូលរួម​ក្នុង​សន្និសីទ​កាសែត​និង​សិក្ខាសាលា​ដែល​រៀបចំឡើង​ដោយ​ស្ថាប័នរដ្ឋ តែ​មិន​​បាន​និយាយ​ដល់​ទោស​ព្រហ្មទណ្ឌ​ដាក់គុក​ដាក់​ច្រវាក់​ទេ​។ តែ​ក្រោយ​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី ក្រសួង​បាន​ប្រកាស​លុបចោល​វិញ​។​

​ពួក​អ្នកកាសែត​បាន​ស្វាគមន៍​ការដកចេញ​វិញ​នេះ តែ​ថា​វា​អាច​ជា​ធ្វើតេស្តិ៍​មួយដើម្បី​ដាក់​ការកំហិត​បន្ថែមទៀ​ត​លើ​សារព័ត៌មាន​។​

​ត្រូវបាន​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​យក​មក​វាយប្រហារ​ផងដែរ «​ព័ត៌មាន​ក្លែងក្លាយ​»​បាន​ក្លាយ​ជា​ផ្នែក​នៃ​បញ្ជី​រឿង​របស់​ពួក​មេដឹកនាំ​ផ្តាច់ការ​សំរាប់​ពណ៌នា​​របាយការណ៍​ព័ត៌មាន​និង​អង្គការ​សារព័ត៌មាន​ណា​ដែល​រិះគន់​ពួកគេ​។​

​ទោះជា​ស្វាគមន៍​ការផ្លាស់ប្តូរ​នេះ ក៏​បណ្តា​ក្រុម​សារព័ត៌មាន​ឥណ្ឌា​មាន​ការប្រយ័ត្នប្រយែង​ខ្លាចក្រែង​រដ្ឋាភិបាល​ផ្លាស់​ចិត្ត​វិញ​។​ប្រធាន​ក្លឹប​អ្នកសារព័ត៌មាន​ឥណ្ឌា​លោក​​ហ្គោ​តាម ឡា​ហិរី បាន​និយាយថា​«​រដ្ឋាភិបាល​មិន​មាន​អាណត្តិ​ត្រួតត្រា​លើ​សារព័ត៌មាន​ទេ​»​។​

​ហេតុការណ៍​នៅ​ឥណ្ឌា​កើតមាន​បន្ទាប់​ពី​ម៉ាឡេស៊ី​អនុម័ត​ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ដោយ​អ្នក​រំលោភ​អាច​ជាប់គុក​៦​ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់ ឬ​ទាំង​ពីរ​។​

​ប្រទេស​ផ្សេង​ទៀត​នៅ​អាស៊ី​អាគ្នេយ៍ មាន​សិង្ហ​បុរី​និង​ហ្វីលីពីន ក៏​កំពុង​ពិចារណា រក​វិធី​ដោះស្រាយ​ព័ត៌មាន​ក្លែងក្លាយ​នេះដែរ តែ​ពួក​សកម្មជន​សិទ្ធិមនុស្ស​ខ្លាចក្រែង​​ច្បាប់​នេះ​ត្រូវ​គេ​យក​ទៅប្រើ​ដើម្បី​ខ្ទប់​ការបញ្ចេញមតិ​ដោយ​សេរី​៕​ដោយ​៖​វាសនា​