ឥណ្ឌា​ដាក់ពង្រាយ​ទ័ព​ដើម្បី​ទប់ស្កាត់​ការតវ៉ា​ហិង្សា​ជុំវិញ​ច្បាប់​សញ្ជាតិ​

202
ចែករម្លែក

​ឥណ្ឌា​បាន​បញ្ជូន​កងទ័ព​រាប់​ពាន់​នាក់​ចូលទៅ​រដ្ឋ​អាស​សាម​នៅ​ភាគ​ឦសាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​ធ្នូ​បន្ទាប់ពី​មាន​បាតុកម្មហិង្សា​ពេញ​មួយ​យប់​ប្រឆាំងនឹង​ច្បាប់​ថ្មី​ដែល​នឹង​ផ្តល់​ភាពងាយស្រួល​ដល់​ជនជាតិភាគតិច​មិនមែន​មូស្លីម​មកពី​ប្រទេសជិតខាង​មួយចំនួន​ក្នុងការ​ស្វែងរក​សញ្ជាតិ​ឥណ្ឌា​។​

​រដ្ឋាភិបាល​ជាតិនិយម​ហិណ្ឌូ​របស់​នាយករដ្ឋមន្ត្រី​ណារិន​ដ្រា ម៉ូ​ឌី​បាន​និយាយថា​ច្បាប់​វិសោធនកម្ម​សញ្ជាតិ ដែល​ត្រូវ​បានអនុម័ត​ដោយ​សភា​កាលពី​ថ្ងៃ​ពុធ គឺ ដើម្បី​ការពារ​ជនជាតិភាគតិច​មកពី​បង់​ក្លា​ដែ​ស ប៉ា​គី​ស្ថាន និង អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​ក្រុម​អ្នក​រិះគន់​និយាយថា​ច្បាប់​នេះ​ធ្វើឱ្យប៉ះពាល់​ដល់​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ព្រោះ​មិន​ផ្តល់​ការការពារ​ដល់​ប្រជាជន​មូស្លីម​ខណៈ​អ្នក​ផ្សេងទៀត​អះអាងថា​ច្បាប់​នេះ​នឹងធ្វើ​ឱ្យ​រដ្ឋ​ភាគ​ខាងជើង​ឥណ្ឌា​ជោរជន់​ដោយ​ជនបរទេស​។​

​ការជំទាស់​នឹង​ច្បាប់​នេះ​គឺ​កើតឡើង​ខ្លាំងក្លា​បំផុត​នៅក្នុង​រដ្ឋ​អាស​សាម ដែលជា​កន្លែង​ដាំ​តែ​ដ៏​ធំ​របស់​ប្រទេស និង​ជា​កន្លែង​នៃ​ចលនា​ប្រឆាំងនឹង​ជនអន្តោប្រវេសន៍​ខុសច្បាប់​មកពី​ប្រទេសជិតខាង​បង់​ក្លា​ដែ​ស​ជាច្រើន​ទសវត្សរ៍​មកហើយ​។​

​នៅពេលដែល​សភា​ជាន់ខ្ពស់​របស់​ឥណ្ឌា​អនុម័ត​ច្បាប់​នេះ ការតវ៉ា​បានកើត​ឡើង​នៅ​ទូទាំង​ភាគ​ឦសាន​ប្រទេស​ឥណ្ឌា​។ ក្នុង​រដ្ឋ​អាស​សាម ក្រុមអ្នកតវ៉ា​បាន​ផ្គើន​នឹង​បម្រាម​គោចរ ដោយ​នាំគ្នា​ដុត​រថយន្ត​និង​សំបក​កង់​ហើយ​ស្រែក​ពាក្យស្លោក​ប្រឆាំងនឹង​លោក​ម៉ូ​ឌី​។​

​ក្រុមមន្ត្រី​បាន​និយាយថា​កងទ័ព​ត្រូវបាន​ចល័ត​ចេញពី​តំបន់​ផ្សេងទៀត​នៃ​ប្រទេស​ឥណ្ឌា​ក្នុងនោះ​រួមទាំង​តំបន់​កា​ស្មៀ​រ​នៃ​ភ្នំ​ហេមពាន្ត​ដើម្បី​ស្តារឡើងវិញ​នូវ​ភាពស្ងប់ស្ងាត់​ដល់​រដ្ឋធានី​គូ​វ៉ា​ហា​ទី​របស់​រដ្ឋ​អាស​សាម បើទោះបីជា​ក្រុមអ្នកតវ៉ា​បាន​វិល​ត្រឡប់មក​តាមផ្លូវ​នៅតាម​តំបន់​ផ្សេងទៀត​ដូចជា​ទីក្រុង​ម៉ូ​រី​ហ្គូ​ន កន្លែង​ដែល​ពួកគេ​បាន​ដុត​កង់ឡាន​ក៏ដោយ​។​

​រដ្ឋាភិបាល​និយាយ​ក្នុង​បទបញ្ជា​មួយ​ថា ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​តាម​ទូរស័ព្ទ​ចល័ត​ត្រូវបាន​ផ្អាក​នៅ​ស្រុក​ចំនួន ១០ ក្នុង​រដ្ឋ​អាសា​ម​ក្នុង​រយៈពេល ២៤ ម៉ោង​រហូតដល់​ម៉ោង ៧ យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​បន្ថែមថា​បណ្តាញ​សង្គម​អាច​ត្រូវបាន​ប្រើ​ដើម្បី “​ដុត​បញ្ឆេះ​កំហឹង ហើយ​ដូច្នេះ​វា​នឹង​ធ្វើឱ្យ​ស្ថានភាព​ច្បាប់​និង​សណ្តាប់ធ្នាប់​កាន់តែ​ធ្ងន់ធ្ងរ​”៕ ដោយ៖កញ្ញាដាលីស

ទាហាន​រាប់ពាន់នាក់​ត្រូវបាន​បញ្ជូនទៅ​រក្សា​សន្តិសុខ​នៅ​រដ្ឋ​អាស​សាម