ឥណ្ឌា​ដាក់​ដំណើរការ​រោងចក្រ​សាកល្បង​ទីមួយ​ដើម្បី​បំ​លែង​កាកសំណល់​ប្លា​ស្ទិ​ក​ទៅ​ប្រេងម៉ាស៊ូត​

596
ចែករម្លែក

​កាកសំណល់​ប្លា​ស្ទិ​កបាន​ក្លាយជា​មហន្តរាយ​បរិស្ថាន​ដ៏​ធំ​។ យោងតាម​កម្មវិធី​បរិ​ស្ថាន​របស់​អង្គការសហប្រជាជាតិ (UNEP) ថង់​ប្លា​ស្ទិ​ក​ចំនួន ៥ លាន​លាន​ថង់ ត្រូវបាន​ប្រើប្រាស់​ទូទាំង​ពិភពលោក​ជា​រៀងរាល់ឆ្នាំ​។ ប្រមាណ ៦០ ភាគរយ​នៃ​ប្លា​ស្ទិ​ក​ទាំងនោះ​ត្រូវបាន​ចាក់ចោល​នៅ​កន្លែង​ចាក់សំរាម​ឬ​បោះ​ចូលទៅ​បរិស្ថាន​ធម្មជាតិ ដែល​ទីបំផុត​បាន​ត្រឡប់​ចូលក្នុង​វដ្ត​ស្បៀងអាហារ​វិញ ហើយ​បណ្តាលឱ្យមាន​ផលប៉ះពាល់​ដល់​បរិស្ថាន​និង​សុខភាព​យ៉ាងធ្ងន់ធ្ងរ​។​

​ឥណ្ឌា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩​សីហា​បានប្រកាសថា ប្លា​ស្ទិ​ក​ប្រើ​តែម្តង​បោះចោល​នឹងត្រូវ​បញ្ឈប់​ជា​ស្ថាពរ​នៅ​ឆ្នាំ ២០២២​។ ប្រទេស​នេះ​ក៏បាន​ប្រកាស​ផងដែរ​នូវ​គម្រោង​ស្រាវជ្រាវ​ជាច្រើន​ដើម្បី​កែច្នៃ​សំរាម​ប្លា​ស្ទិ​ក​ទៅជា​ការប្រើប្រាស់​ដែលមាន​ប្រយោជន៍​។​

​ជា​ប្រភេទ​កែច្នៃ​លើកទីមួយ​នៅក្នុង​ប្រទេស​ឥណ្ឌា វិទ្យាស្ថាន​ប្រេងឥន្ធនៈ​ឥណ្ឌា (IIP) ក្រោម​ក្រសួង​វិទ្យាសាស្ត្រ​និង​បច្ចេកវិជ្ជា បាន​បង្កើត​បច្ចេកវិជ្ជា​មួយ​ដើម្បី​បំ​លែង​កាកសំណល់​ប្លា​ស្ទិ​ក​ទៅជា​ប្រេងម៉ាស៊ូត​។​

​រោងចក្រ​សាកល្បង​លើកដំបូង​បង្អស់​នៅក្នុង​ប្រទេស​ដើម្បី​បំ​លែង​កាកសំណល់​ប្លា​ស្ទិ​ក​ទៅជា​ម៉ា​ស៊ូ​ត ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​នៅ​ទីក្រុង​ដេ​រ៉ា​ដាន់​ក្នុង​រដ្ឋ​អ៊ូ​ត​តា​រ៉ា​ខាន់​នៃ​តំបន់ភ្នំ​ហេមពាន្ត​។ រោងចក្រ​នេះ​អាច​បំ​លែង​កាកសំណល់​ប្លា​ស្ទិ​ក​ចំនួន ១០០០ គីឡូក្រាម​ទៅជា​ប្រេងម៉ាស៊ូត ៨០០ លីត្រ​ក្នុង​មួយថ្ងៃ​។ វិទ្យាស្ថាន IIP នឹង​ផលិត​ប្រេងម៉ាស៊ូត​នេះ​សម្រាប់​បណ្តា​ទីភ្នាក់ងារ​រដ្ឋាភិបាល​ជាប្រចាំ​។​

​លក្ខណៈពិសេស​នៃ​គម្រោង​កែច្នៃ​នេះ​គឺថា​វា​មាន​សមត្ថភាព​ផលិត​ប្រេងម៉ាស៊ូត ប្រេងសាំង ឬ​ប្រេង​ក្រអូប​រួមជាមួយ​ហ្គាស LPG តាមរយៈ​ដំណើរការ​បំ​លែង ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​ផ្តល់​ផលចំណេញ​ខាង​សេដ្ឋកិច្ច​យូរអង្វែង​៕ ដោយ៖ កញ្ញាដាលីស

រោងចក្រ​បំ​លែង​កាកសំណល់​ប្លា​ស្ទិ​ក​ទៅជា​ប្រេងម៉ាស៊ូត​ចាប់ផ្តើម​ដំណើរការ​នៅ​ឥណ្ឌា