ឥណ្ឌា​និង​កូរ៉េខាងត្បូង​បង្កើន​ទំនាក់ទំនង​យោធា​

870
ចែករម្លែក

​ឥណ្ឌា​និង​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​អង្គារ​ទី​១០​កក្កដា​បាន​ព្រមព្រៀងគ្នា​បង្កើន​ទំនាក់ទំនង​យោធា​តាមរយៈ​ការធ្វើ​សមយុទ្ធ​យោធា​បន្ថែម​និង​ការបណ្តុះបណ្តាល​ដែលជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ពង្រីក​ទំនាក់ទំនង​លើសពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​។​

​ការពង្រឹង​ចំណងទាក់ទង​នេះ​បាន​កើតឡើង​ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក ម៉ូ​ន ជែ អ៊ី​ន នៅ​ឥណ្ឌា​។​

​ប្រទេស​ទាំង​២​នេះ​បានធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ជាច្រើនលើក​រួចហើយ​ប៉ុន្តែ​កំពុង​ស្វែងរក​មធ្យោបាយ​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​។ ក្រៅពី​ការធ្វើ​សមយុទ្ធ​រួមគ្នា​បន្ថែមទៀត​នោះ​រដ្ឋាភិបាល​ក្រុង​ញូ​វ​ដេលី កំពុង​សម្លឹងមើល​ការទាក់ទាញ​ក្រុមហ៊ុន​កូរ៉េខាងត្បូង​ដើម្បី​វិនិយោគ​នៅ​ឥណ្ឌា​។​

​បន្ទាប់ពី​ជំនួប​ពិភាក្សា​រវាង​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិន​ដ្រា ម៉ូ​ឌី និង លោក ម៉ូ​ន ជែ អ៊ី​ន សេចក្តីថ្លែងការណ៍​បាន​និយាយថា “​កូរ៉េខាងត្បូង​និង​ឥណ្ឌា​នឹង​បង្កើន​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​យោធា ការបណ្តុះបណ្តាល ការចែករំលែក​បទពិសោធ​ន៍​និង ការស្រាវជ្រាវ ព្រមទាំង ការអភិវឌ្ឍន៍ ដោយ​រួមទាំង​បច្ចេកវិជ្ជា​ថ្មីៗ​សម្រាប់​ផលប្រយោជន៍​ទៅវិញទៅមក​”​។​

​កូរ៉េខាងត្បូង​ក៏​កំពុង​សម្លឹងមើល​ការពង្រីក​ទំនាក់ទំនង​ជាមួយ​ឥណ្ឌា​ផងដែរ​ក្រៅពី​បណ្តា​ប្រទេស​អាស៊ាន ដែលជា​ផ្នែក​មួយ​នៃ “​គោលនយោបាយ​ភាគខាងត្បូង​ថ្មី​” របស់ខ្លួន ដែល​បាន​បង្កើតឡើង កាលពី​ឆ្នាំមុន បន្ទាប់ពី​មាន​ជម្លោះ​ការទូត​ជាមួយ​ប្រទេស​ចិន​។​

​ជម្លោះ​ជាមួយ​ចិន​បាន​បង្កឡើង​បន្ទាប់ពី​សហរដ្ឋអាមេរិក​បានដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល (Thaad) នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​ដែលនាំឱ្យ​មានការ​តវ៉ា​ពី​ចិន ដោយ​និយាយថា ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ ជាការ​គំរាមកំហែង​ដល់​សន្តិសុខ​របស់ខ្លួន​។​

​ជាមួយគ្នានេះដែរ ឥណ្ឌា​ក៏មាន​ការព្រួយបារម្ភ​ផងដែរ​ចំពោះ​ការរីកចម្រើន​របស់​ចិន​ហើយ​បាន​កំពុង​ស្វែងរក​ការបង្កើន​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​របស់ខ្លួន​ជាមួយ​បណ្តា​ប្រទេស​នៅ​ភាគ​ខាងកើត​របស់ខ្លួន តាមរយៈ “​គោលនយោបាយ​ភាគ​ខាងកើត​របស់ខ្លួន​”៕ ដោយ៖ សុខា

លោក ណារិន​ដ្រា ម៉ូ​ឌី (​រូប​ឆ្វេង​) ចាប់ដៃ លោក ម៉ូ​ន ជែ អ៊ី​ន ក្នុងអំឡុង​ជំនួប​ពិភាក្សា​នៅ​វិមាន​រដ្ឋ​ហាយ​ដេ​រ៉ា​បាត នៅ​ទីក្រុង​ញូវដែលី កាលពី​ថ្ងៃ​អង្គារ