ឥណ្ឌា​និង​ចិន​យល់ព្រម​បញ្ចប់​ការប្រឈមមុខ​ដាក់គ្នា​នៅតាម​ព្រំដែន​

487

​ក្រសួងការបរទេស​ឥណ្ឌា​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៨​សីហា​ថា ឥណ្ឌា​និង​ចិន​បាន​ព្រមព្រៀងគ្នា​ក្នុង “​ការដក​ទ័ព​ចេញ​ភ្លាមៗ​” នៅក្នុង​តំបន់​ព្រំដែន​ជម្លោះ កន្លែង​ដែល​ទាហាន​ប្រទេស​ទាំងពីរ ប្រឈមមុខគ្នា​អស់​រយៈពេល​ជាង​ពីរ​ខែ​។​

​ការសម្រេចចិត្ត​នេះ​ធ្វើឡើង​នៅមុន​កិច្ចប្រជុំ​កំពូល​នៃ​បណ្តា​ប្រទេស​សមាជិក BRICS ដែល​រួមមាន​ប្រទេស​ប្រេ​ស៊ី​ល រុស្ស៊ី និង​អាហ្វ្រិក​ខាងត្បូង នៅក្នុង​ប្រទេស​ចិន​នៅ​ខែក្រោយ ដែល​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក​ណារិន​ដ្រា ម៉ូ​ឌី ត្រូវបាន​រំពឹងថា​នឹងចូលរួម​ផងដែរ​។​

​កងទ័ព​ឥណ្ឌា​និង​ចិន​បាន​ប្រឈមមុខគ្នា​នៅ​តំបន់​ខ្ពង់រាប​ដូ​ក្លាំ (Doklam) ជិត​ព្រំប្រទល់​នៃ​ប្រទេស​ឥណ្ឌា សម្ព័ន្ធមិត្ត​របស់ខ្លួន គឺ​ប៊ូ​តង់ និង​ប្រទេស​ចិន ក្នុងការ​ប្រឈមមុខគ្នា​ដ៏​តានតឹង​និង​យូរ​បំផុត​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​មកនេះ នៅតាម​បណ្តោយ​ព្រំដែន​នៃ​តំបន់ភ្នំ​ហេមពាន្ត​នេះ​។​

​ក្រសួងការបរទេស​ឥណ្ឌា​បាន​និយាយថា​ភាគី​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​បញ្ចប់​វិបត្តិ​នេះ​បន្ទាប់ពី​កិច្ចចរចា​ការទូត​។​

​ក្រសួង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​នៅក្នុង​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ឥណ្ឌា​និង​ចិន​បាន​រក្សា​ទំនាក់ទំនង​ការទូត ទាក់ទង​នឹង​ឧបទ្ទវហេតុ​នៅឯ​តំបន់​ដូ​ក្លាំ​”​។​

​ក្រសួង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ឈរលើ​មូលដ្ឋាន​នេះ ការ​ដកទ័ព​ឱ្យបាន​ឆាប់រហ័ស​ពី​ព្រំដែន​នៅ​តំបន់​ដែល​ប្រឈមមុខគ្នា​នៅ​ដូ​ក្លាំ ត្រូវបាន​ព្រមព្រៀង ហើយ​កំពុងតែ​ដំណើរការ​” ។​

​ក្រសួង​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែមទៀត​អំពី​លក្ខខណ្ឌ​នៃ​ការ​ដកទ័ព​ចេញពី​តំបន់​ទេ ដែលនាំឱ្យ​មានការ​ព្រួយបារម្ភ​ថា ជម្លោះ​អាច​នឹង​កាន់តែ​ធំ​រវាង​ប្រទេស​យក្ស​អាស៊ី​ទាំងពីរ​នេះ ដែល​បាន​ប្រយុទ្ធ​គ្នា​តាម​ព្រំដែន​មួយរយៈ​ខ្លី កាលពី​ឆ្នាំ ១៩៦២៕ ដោយ៖ កញ្ញាដាលីស

កងទ័ព​ឥណ្ឌា​និង​ចិន​ប្រឈមមុខគ្នា​កាលពីពេល​ថ្មីៗ​នេះ​នៅ​តំបន់​ខ្ពង់រាប ដូ​ក្លាំ