ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​ប៉ះទង្គិច​សម្តី​គ្នា​នៅ​អង្គការសហប្រជាជាតិ​អំពី​ការគាំទ្រ​ភេរវកម្ម​

2904
ចែករម្លែក

រដ្ឋមន្រ្តីការបរទេសឥណ្ឌា បានចោទប្រកាន់ប្រទេសក្បែរខាងប៉ាគីស្ថានថា​ ផ្តល់ជម្រកដល់ភេរវករនៅក្នុងសុន្ទរកថាដោយកំហឹងមួយកាលពីថ្ងៃសៅរិ៍ នៅមុខមហាសន្និបាតអង្គការសហប្រជាជាតិ និងបានច្រានចោលការលើកឡើងមួយថា ឥណ្ឌាបំផ្លាញកិច្ចពិភាក្សាសន្តិភាពជាមួយប៉ាគីស្ថាន ដោយហៅវាថា”ការកុហកទាំងស្រុង”។

នៅប៉ុន្មានម៉ោងក្រោយ ប៉ាគីស្ថានបានវាយបកនៅក្នុងសុន្ទរកថាផ្ទាល់របស់ខ្លួន ដោយចោទប្រកាន់ឥណ្ឌាថាផ្តល់ហិរញ្ញវត្ថុដល់ភេវរករនិងប្រកាសថា រដ្ឋាភិបាលក្រុងញូវដេល្លី “ចង់បាននយោបាយជាងសន្តិភាព”។

លោកស្រីការបរទេសឥណ្ឌាបានចង្អុលទៅកាន់ការពិតមួយដែលប៉ាគីស្ថានបានផ្តល់ជម្រកដល់មេភេរវករអូសាម៉ា ប៊ីន ឡាដេន អោយរស់នៅដោយស្ងៀមស្ងាត់នៅក្នុងប៉ាគីស្ថានមុនពេលត្រូវបានរកឃើញនិងសម្លាប់ដោយកងកម្លាំងអាមេរិក។លោកស្រីក៏បាននិយាយថា មេក្លោងនៃការវាយប្រហារនៅក្រុងមុំបៃកាលពីឆ្នាំ២០០៨ដែលបានសម្លាប់មនុស្ស១៦៨នាក់ នៅអាចដើរហើរក្នុងប៉ាគីស្ថានដោយគ្មានទោស។

តែប៉ាគីស្ថានបាននិយាយថា មិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីចាប់ខ្លួនបុរសនេះទេ។

រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន បាននិយាយថា “ប៉ាគីស្ថានបន្តប្រឈមនឹងភេរវកម្មដែលមានការផ្គត់ផ្គង់ថវិកា ជួយសម្រួលនិងដឹកនាំធ្វើដោយប្រទេសជិតខាងភាគខាងកើតរបស់យើង”។លោកចង់និយាយសំដៅការវាយប្រហារភេរវកម្មនៅក្នុងប្រទេសលោក រួមមានការវាយប្រហារមួយលើសាលាយោធានៅក្នុងរដ្ឋប៉េសសាវ៉ានៅឆ្នាំ២០១៤ដែលបានសម្លាប់មនុស្ស១៥០នាក់ ដែលលោកចោទលើពួកភេរវករដែលគាំទ្រដោយឥណ្ឌា។

សូមបញ្ជាក់ថា ចាប់តាំងពីទទួលបានឯករាជ្យពីអង់គ្លេសនៅឆ្នាំ១៩៤៧ ប៉ាគីស្ថាននិងឥណ្ឌាបានប្រយុទ្ធគ្នា២លើកក្នុងចំណោមសង្រ្គាម៣លើករបស់ពួកគេដោយសារតែបញ្ហាតំបន់កាស្មៀ ដែលខណ្ឌចែកប្រទេសទាំងពីរ៕ដោយ៖វាសនា

រដ្ឋមន្រ្តីការបរទេសឥណ្ឌាSushma Swaraj និងប៉ាគីស្ថានលោក Makhdoom Shah Mahmood Qureshi ថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃ២៩កញ្ញា