ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​អះអាង​ផ្សេងគ្នា ក្រោយ​យន្តហោះ​ឥណ្ឌា​វាយប្រហារ​តំបន់​ព្រំដែន​ខាង​ប៉ា​គី​ស្ថាន​

421
ចែករម្លែក
  • 155
    Shares

​កងទ័ព​ប៉ា​គី​ស្ថាន​បាន​ចោទប្រកាន់​យន្តហោះ​ឥណ្ឌា​ថា​បាន​ឆ្លង​ចូល​ទឹកដី​របស់​ខ្លួន​និង​ធ្វើការ​វាយប្រហារ​តាម​អាកាស ប៉ុន្តែ​បាន​និយាយថា​មិន​មាន​អ្នក​ស្លាប់​និង​របួស ដោយសារ​ការវាយប្រហា​រ​នេះ​ទេ ទោះជា​យ៉ាងណា​ឥណ្ឌា​បាន​អះអាងថា យន្តហោះ​របស់​ខ្លួន​បាន​វាយប្រហារ​ជំរំ​ហ្វឹកហាត់​ភេរវកម្ម​មួយ​ដោយ​សម្លាប់ ជន​សកម្មប្រយុទ្ធ​មួយ​​ចំនួន​ធំ​។​

​ឧត្តមសេនីយ៍ប៉ា​គី​ស្ថាន​លោក Asif Ghafoor បាន​និយាយថា “​យន្ដហោះ​ច្រើន​គ្រឿង​របស់​ឥណ្ឌា​បាន​ហោះ​ឆ្លងកាត់​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​២៦​កុម្ភៈ ទៅ​តំបន់​Muzafarabad នៃ​តំបន់​កា​ស្មៀរ​ដែល​គ្រប់គ្រង ដោយ​ប៉ា​គី​ស្ថាន​។ ប៉ា​គី​ស្ថាន​ក៏​បញ្ចេញ​យន្តហោះ​ចម្បាំង​ច្រើន​គ្រឿង​ទៅ​កាន់​ទីក្រុង​Balakot នៅ​ក្បែរ​តំបន់​កា​ស្មៀរ​ដែល​គ្រប់គ្រង​ដោយ​​ប៉ា​គី​ស្ថាន​។​

​ក្នុងពេល​ជាមួយគ្នា រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ក្រុង​ញូវដេល្លី​ថា យន្តហោះ​ឥណ្ឌា​បាន​វាយប្រហារ​ជំរំ​របស់​ក្រុម​Jaish-e-Mohammad នៅ​ក្នុងការ​​វាយប្រហារ​ការពារ​ទុកជា​មុន​មួយ ក្រោយ​ពី​ផ្នែក​ស៊ើបការណ៍​បង្ហាញថា​ការវាយប្រហារ​ភេរវកម្ម​មួយ​ទៀត​ត្រូវបាន​រៀបចំឡើង​។​

​លោក​បាន​និយាយថា​«​តាម​ព័ត៌មាន​ចារ​កម្ម ឥណ្ឌា​នៅថ្ងៃនេះ​បាន​វាយប្រហារ​ជំរំ​ហ្វឹកហាត់​ធំ​បំផុត​របស់​ក្រុម​Jaish-e-Mohammed​នៅ​ទីប្រជុំជន​Balakot​។​ក្នុង​ប្រតិបត្តិការ​​នេះ ពួក​Jaish-e-Mohammed​មួយចំនួន​ធំ​ត្រូវបាន​កំទេច​»​។​

​តែ​មេ​ប៉ូលិស​ក្រុង​Balakot​បាន​និយាយថា​លោក​បញ្ជូន​ក្រុម​អ្នក​ស៊ើបអង្កេត​ទៅកាន់​កន្លែងឥ​ណ្ឌា​ទម្លាក់គ្រាប់ ដែល​លោក​អះអាងថា​ជា​តំបន់​មាន​តែ​ព្រៃឈើ​។​

​ការវាយប្រហារ​នេះ​អាច​ជា​ការ​សងសឹក​ចំពោះ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​កាលពី​ថ្ងៃទី​១៤​ខែ​កុម្ភៈ​នៅ​តំបន់​កា​ស្មៀរ​ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា​ដែល​បានសម្លាប់​ទាហាន​ឥណ្ឌា​​យ៉ាងហោចណាស់​៤០​នាក់​។​

​ក្រុម​Jaish-e-Mohammad ដែល​ជា​ក្រុម​ជន​សកម្មប្រយុទ្ធ​ដែលមាន​មូលដ្ឋាន​នៅ​ប៉ា​គី​ស្ថាន បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នេះ​។ ​អ្នក​បំផ្ទុះ​គ្រាប់បែក​នេះ ដែល​បាន​បង្ហាញខ្លួន​នៅក្នុង​វីដេអូ​មួយ​នៅ​មុនពេល​ការវាយប្រហារ​នេះ គឺជា​អ្នកស្រុក​នៃ​តំបន់​កា​ស្មៀរ​ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា​។​

​ទាំង ប៉ា​គី​ស្ថាន​និង​ឥណ្ឌា អះអាង​សិទ្ធិ​កាន់កាប់​តែ​រៀងខ្លួន​លើ​តំបន់​កា​ស្មៀរ​ទាំងមូល​៕​ដោយ​៖​សុខា​/​វាសនា​

​ឥណ្ឌា​អះអាងថា​បាន​ទម្លាក់​គ្រាប់​លើ​ជំរំ​ហ្វឹកហាត់​របស់​ក្រុម​ភេរវកម្ម ដោយ​បាន​សម្លាប់​ពួក​ភេរ​វករ​មួយ​ចំនួន​ធំ​តែ​ប៉ា​គី​ស្ថាន​ថា​តំបន់​ទម្លាក់​គ្រាប់​នោះ​មានតៃ​ព្រៃឈើនិងមិនមានអ្នកស្លាប់ទេ