ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​បាញ់​ផ្លោង​ដាក់គ្នា​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​

753
ចែករម្លែក

​ក្រោយ​ការ​គំរាម​និង​ជន្ល​ដាក់គ្នា​អស់​រាប់​ថ្ងៃ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២​ឧសភា​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​បាន​ធ្វើ​ការបាញ់​ផ្លោង​ដាក់​គ្នា​តាម​ខ្សែបន្ទាត់​ត្រួតត្រា​ដែល​ជា​ព្រំដែន​តាម​ការ​​ជាក់ស្តែង​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​។​

​ការបាញ់​ដាក់គ្នា​បាន​កើតឡើង​ក្រោយពី​ស្ងាត់​បាន​មួយ​សប្តាហ៍​។​ភាគី​ទាំងពីរ បាន​បាញ់​សំដៅ​ប៉ុស្តិ៍​សន្តិសុខ​ផង​គ្នា នៅ​តំបន់​Shahpur និង​Kerni តែ​នៅ​មិនទាន់​មាន​ការ​​ប្រកាស​អំពី​ការស្លាប់​ឬ​រងរបួស​មនុស្ស​នៅ​សងខាង​ខ្សែបន្ទាត់​ត្រួតត្រា​នេះ​ទេ​។​

​មន្ត្រី​ឥណ្ឌា​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា «​ការបាញ់​បានចាប់ផ្តើម​នៅ​ម៉ោង​១០ ពី​សំណាក់​កងទ័ព​ប៉ា​គី​ស្ថាន​។​យោធា​ឥណ្ឌា​បាន​តប​វិញ​យ៉ាង​ប្រសិទ្ធភាព​»​។​

​ភាព​តានតឹង​រវាង​ប្រទេសជិតខាង​ដែល​មាន​សព្វាវុធ​នុយក្លេអ៊ែ​រ​នេះ​កាន់តែ​កើន​ខ្លាំង​ឡើង​ក្រោយ​ពី​ពួក​ភេរ​វករ​ដែល​មាន​មូលដ្ឋាន​នៅ​ប៉ា​គី​ស្ថាន​បាន​បំផ្ទុះ​គ្រាប់បែក​​សម្លាប់​ទាហាន​ឥណ្ឌា​៤០​នាក់​កាលពី​ថ្ងៃ​១៤​កុម្ភៈ​។​

​ក្រុម​ជ្រុលនិយម​អ៊ីស្លាម Jaish-e-Mohammed (JeM)​ដែល​មាន​មូលដ្ឋាន​នៅ​ប៉ា​គី​ស្ថាន​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ ហើយ​រដ្ឋាភិបាល​ឥណ្ឌា​បាន​បន្ទោស​​រដ្ឋាភិបាល​ក្រុង​អ៊ី​ស្លា​ម៉ា​បាត​បានផ្តល់​ជម្រក​និង​គាំទ្រ​ក្រុម​នេះ ជា​ការចោទប្រកាន់​ដែល​ប៉ា​គី​ស្ថាន​បដិសេធ​៕​ប្រែ​សម្រួល​៖​វាសនា

ទាហាន​ព្រំដែន​ឥណ្ឌា​ដើរ​តាម​របង​ព្រំដែន​ឥណ្ឌា​ប៉ា​គី​ស្ថាន​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៩

#