ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​បាញ់​ផ្លោង​ដាក់គ្នា សម្លាប់​មនុស្ស​៧​នាក់​

248
ចែករម្លែក

​ពួក​មន្ត្រី​បាន​និយាយ​ថា​ទាហាន​ប៉ា​គី​ស្ថាន​និង​ឥណ្ឌា​បាន​បាញ់​ត​គ្នា​នៅ​រដ្ឋកា​ស្មៀរ​ដែល​មាន​ជម្លោះ​កាលពី​ថ្ងៃអាទិត្យ​ទី​២០​តុលា ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៧​នាក់​នៅ​សង​​ខាង​ព្រំដែន​កា​ស្មៀរ​។​

​យោធា​ឥណ្ឌា​បាន​និយាយថា​ទាហាន​ប៉ា​គី​ស្ថាន​បាន​ផ្តោត​ការវាយប្រហារ​លើ​ប៉ុស្តិ៍​ព្រំដែន​ឥណ្ធា​និង​តំបន់​ស៊ីវិល​នៅ​តាម​ព្រំដែន​ដែល​មាន​ដាក់​ទាហាន​ក្រាស់ក្រែល​នៅ​កា​ស្មៀរ ដោយ​បណ្តាល​អោយ​ទាហាន​ខ្លួន​២​នាក់​និង​ជន​ស៊ីវិល​ម្នាក់​បាត់បង់​ជីវិត​។​

​វរ​សេនីយ៍ រ៉ា​ចេស កាលៀ អ្នកនាំពាក្យ​យោធា​ឥណ្ឌា បាន​និយាយថា​ជន​ស៊ីវិល​ឥណ្ឌា​៣​នាក់​ក៏​រងរបួស​ដោយ​ការបាញ់​របស់​ប៉ា​គី​ស្ថាន​។​

​ក្រោយមក យោធា​ប៉ា​គី​ស្ថាន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការរំលោភ​បទ​ឈប់​បាញ់​ដោយ​ទាហាន​ឥណ្ឌា​បានសម្លាប់​ជន​ស៊ីវិល​៣​នាក់​និង​ទាហាន​ខ្លួន​ម្នាក់ ព្រមទាំង​បណ្តាលអោយ​របួស​ជន​ស៊ីវិល​៥​និង​ទាហាន​២​នាក់​ទៀត​។​

​សេចក្តីថ្លែងការណ៍​ក៏បាន​និយាយ​ថា​ទាហាន​ឥណ្ឌា​បាន​ផ្តោត​លើ​ជន​ស៊ីវិល​នៅ​តំបន់ ជូ​រ៉ា តំបន់​សាកុត​និង​ណូ​សេរី​។​កងកម្លាំង​ប៉ា​គី​ស្ថាន​បាន​ឆ្លើយតប​ដោយ​ការបាញ់​លើ​ទាហាន​​ឥណ្ឌា​។​

​សូមបញ្ជាក់​ថា ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​មាន​ប្រវត្តិ​នៃ​ទំនាក់ទំនង​ជូរចត់​ដ៏​យូរ​ដោយសារ​បញ្ហា​កា​ស្មៀរ ដែល​ត្រូវបាន​បែងចែក​ជា​កា​ស្មៀរ​របស់​ឥណ្ឌា​និង​ខាង​ប៉ា​គី​ស្ថាន តែ​គូប្រជែង​​ទាំងពីរ​អះអាង​កម្មសិទ្ធិ​លើ​កា​ស្មៀរ​ទាំងមូល​។​

​ការ​ប៉ះគ្នា​ដោយ​ប្រដាប់អាវុធ​ជា​ថ្មី​នេះ​កើតឡើង​ចំពេល​មាន​ការបិទ​ខ្ទប់​ជា​បន្ត​នៅ​កា​ស្មៀរ​ខាងឥ​ណ្ឌា ក្រោយ​ពី​រដ្ឋាភិបាល​ក្រុង​ញូវដេល្លី​ដក​ស្វ័យភា​ពពីកា​ស្មៀរ​ដែល​ខ្លួន​គ្រប់គ្រង​​កាលពី​ខែ​សីហា ដែល​បង្ក​ការប្រឆាំង​តវ៉ា​ពី​ប្រជាជន​មូលដ្ឋាន​និង​ពី​ប៉ា​គី​ស្ថាន​៕​ដោយ​៖​វាសនា​

ទាហាន​ឥណ្ឌា​ឈរ​យាម​នៅក្នុង​ក្រុង​ស្រ៊ី​ណាហ្គា រដ្ឋកា​ស្មៀរ កាលពី​ថ្ងៃ​១៧​តុលា​