ឥណ្ឌា​និង​រុស្ស៊ី​ប្រើ​រូបិយវត្ថុ​ជាតិ​ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​របស់​អា​ម៉េ​រិ​កលើ​កិច្ចព្រមព្រៀង​ទិញ​លក់​អាវុធ​

326
ចែករម្លែក

​សារព័ត៌មាន Bloomberg បាន​រាយការណ៍​ថា រុស្ស៊ី​បាន​លក់​នាវាមុជទឹក នាវាចម្បាំង រថក្រោះ​ឱ្យទៅ​ឥណ្ឌា​និង​គ្រោង​ផ្គត់ផ្គង់​ប្រព័ន្ធ​កាំជ្រួច​ការពារ​ដែនអាកាស​ទៅ​ឥណ្ឌា​នាពេលខាងមុខ ហើយ​ការទូទាត់​សម្រាប់​កិច្ចព្រមព្រៀង​លក់​អាវុធ​ដ៏​ធំ​នេះ ត្រូវបានធ្វើ​ឡើងជា​ប្រា​ក់រូ​ប៊​ល​និង​រូពី​។ ទោះយ៉ាងណា វិធីសាស្ត្រ​ទូទាត់​ថ្មី​នេះ​នៅតែ​ពឹង​ផ្អែកលើ​ឥណ្ឌា​ដើម្បី​ទទួលបាន​ការយល់ព្រម​ពី​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​សិន ដោយ​ធ្វើយ៉ាងណា​កុំឱ្យ​គាត់​ពង្រឹង​ការដាក់ទណ្ឌកម្ម​ណាមួយ​ជាការ​សងសឹក​។ កិច្ចព្រមព្រៀង​អាវុធ​នេះ​អាចដាក់​ប្រទេស​ឥណ្ឌា​ប្រឈម​នឹង​ការដាក់ទណ្ឌកម្ម​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ី​ង​តោន​ដោយ​ប្រើ​ច្បាប់​ដាក់ទណ្ឌកម្ម​ទប់ទល់​នឹង​សត្រូវ​របស់​អាម៉េរិក (CAATSA)​។​

​ថ្វីបើ​មានការ​គំរាម​ដាក់ទណ្ឌកម្ម​ពី​អាម៉េរិក​ក៏ដោយ ក៏​ឥណ្ឌា​នៅតែ​បញ្ជាក់​ច្បាស់​ថា​ខ្លួន​នឹងមិន​ដើរ​ចេញពី​កិច្ចព្រមព្រៀង​ទិញ​ខែល S-400 ជាមួយ​ក្រុមហ៊ុន Almaz-Antey របស់​រុស្ស៊ី​នោះឡើយ​។​

S-400 គឺជា​ប្រព័ន្ធ​កាំជ្រួច​ការពារ​អាកាសច​ល័ត​ទី​ដ៏​ទំនើប​បំផុត ដែល​អាច​ដឹក​មី​ស៊ី​លបី​ប្រភេទ​ផ្សេងគ្នា​ដើម្បី​បំផ្លាញ​គោលដៅ​នៅលើ​មេឃ​។​

​កាលពី​សប្ដាហ៍​មុន​អនុប្រធាន​នៃ​សេវាកម្ម​សហព័ន្ធ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស​យោធា លោក​វ្ល៉ា​ឌី​មៀរ ដ្រូ​ស​ហ្សូ​វ បាន​និយាយ​ទៅកាន់​កាសែត Economic Times ថា “​ចំពោះ​កិច្ចសន្យា​ធំៗ ដូចជា S400 ចឹ​ង យើង​បាន​រកឃើញ​ដំណោះស្រាយ​អចិន្ត្រៃយ៍​សម្រាប់​ការទូទាត់​។ ព័ត៌មាន​លម្អិត​គឺមាន​លក្ខណៈ​រក្សា​ការសម្ងាត់ ហើយ​នឹងមាន​ភាពខុស​ប្លែក​គ្នា​នៅក្នុង​កិច្ចសន្យា​ផ្សេង ប៉ុន្តែ​ការពិត​គឺថា​ដំណោះស្រាយ​គឺមាន​លក្ខណៈ​អចិន្ត្រៃយ៍​”​។​

​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​សង្ឃឹមថានឹង​ទទួលបាន​ការទូទាត់​ជាមុន​សម្រាប់​ប្រព័ន្ធ​កាំជ្រួច​ការពារ​អាកាស S-400 ពី​ឥណ្ឌា​នៅ​ចុងឆ្នាំ ២០១៩ ដូច្នេះ​ការដឹកជញ្ជូន​អាច​ធ្វើឡើង​រួចរាល់​នៅត្រឹម​ឆ្នាំ ២០២៥​។​

​លោក​រូ​ស្លា​ន់ ភូ​កូវ ប្រធាន​មជ្ឈមណ្ឌល​វិភាគ​យុទ្ធសាស្ត្រ​និង​បច្ចេកវិជ្ជា បាន​និយាយថា “​វា​ច្បាស់​ណាស់​តាំងពីដើម​រៀងមក​ថា​វា​នឹងមិន​ដំណើរការ​បានទេ​ទាំង​រូបិយវត្ថុ​អឺរ៉ូ ពីព្រោះ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សកល​គឺ​ពឹងផ្អែក​ខ្លាំង​លើ​សហរដ្ឋ​អាម៉េរិក​ដល់​ថ្នាក់​គ្មាន​នរណាម្នាក់​ហ៊ាន​ធ្វើបែបនេះ​។ រុស្ស៊ី​កំពុង​ព្យាយាម​យកមកប្រើ​ឡើងវិញ​នូវ​ការអនុវត្ត​ដែល​យើង​ធ្លាប់​បានធ្វើ​ក្នុងសម័យ​សូ​វៀត​ដោយ​ទូទាត់​គ្នា​គិត​ជា​លុយ​រូ​ប៊​ល​និង​រូពី​”៕ ដោយ៖ កញ្ញាដាលីស