ឥណ្ឌា​និង​វៀតណាម​ទទួលផល​ចំណេញ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​រុញច្រាន​ផលិតកម្ម​ចេញពី​ចិន​

346
ចែករម្លែក

ការស្រាវជ្រាវ​ដោយ​ធនាគារ Goldman Sachs បាន​រកឃើញថា វៀតណាម​និង​ឥណ្ឌា​បានឃើញ​ការកើនឡើង​នៃ​ការវិនិយោគទុន​ពី​ក្រុមហ៊ុន​ចិន​ដែល​កំពុង​លើក​សមត្ថភាព​ផលិតកម្ម​របស់ខ្លួន​ចេញទៅ​បរទេស ខណៈ​ពួកគេ​ព្យាយាម​កាត់បន្ថយ​ផលប៉ះពាល់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​។​

​របាយការណ៍​របស់​ធ​នាគារ​វិនិយោគ​នេះ ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​បានឱ្យដឹងថា “​ពន្ធ​ពាណិជ្ជកម្ម​រវាង​អាម៉េរិក​និង​ចិន​ដើរតួនាទី​ជា​អ្នកជំរុញ​ឱ្យ​ក្រុមហ៊ុន​ជាច្រើន​រើ​ផ្នែក​ផលិតកម្ម​របស់ខ្លួន​ទៅ​ក្រៅប្រទេស​”​។​

​របាយការណ៍​នេះ​បានឱ្យដឹងថា ការចំណាយ​កម្លាំង​ពលកម្ម​ថោក​និង​តម្លៃ​ដី​ថោក​គឺជា​កត្តា​ជំរុញ​ដ៏​ចម្បង​នៅ​ពីក្រោយ​ការ​រើ​ទីតាំង​រោងចក្រ ប៉ុន្តែ​ការគំរាមកំហែង​នៃ​ការដំឡើង​ពន្ធ​ពាណិជ្ជ​កម្មបាន​ជំរុញឱ្យមាន​ការចាប់អារម្មណ៍​កាន់តែខ្លាំង​ឡើងលើ​ការ​រើ​រោងចក្រ​ចេញ​ក្រៅ​ស្រុក​។​

​ទិដ្ឋភាព​ខ្សែសង្វាក់​ផ្គត់ផ្គង់​បច្ចេកវិជ្ជា​នៅក្នុង​ប្រទេស​ចិន​កំពុង​ផ្លាស់ប្តូរ​ខណៈដែល​ក្រុមហ៊ុន​ដែល​បង្កើត​សមាសធាតុ​សម្រាប់​ស្មា​ត​ហ្វូ​ន​កុំព្យូទ័រ​និង​ផលិតផល​បច្ចេកវិជ្ជា​ខ្ពស់​ផ្សេងទៀត​បាន​រើ​រោងចក្រ​ផលិត​របស់ខ្លួន​ចេញពី​ប្រទេស​ចិន​។​

​យោងតាម​របាយការណ៍​ដែល​ផ្អែកលើ​បទសម្ភាសន៍​ជាមួយ​ក្រុមហ៊ុន​នានា​បានឱ្យដឹងថា ក្រុមហ៊ុន​ចុះបញ្ជី​នៅក្នុង​ខ្សែសង្វាក់​ផ្គត់ផ្គង់​ចំនួន ៣៤ បាន​បង្កើត​ឬ​កំពុង​កសាង​សមត្ថភាព​ផលិតកម្ម​នៅ​អាស៊ីអាគ្នេយ៍​។​

​ការស្ទង់មតិ​នេះ​បាន​រកឃើញថា វៀតណាម​និង​ឥណ្ឌា​បាន​ក្លាយជា​ទិសដៅ​ពេញនិយម​បំផុត​សម្រាប់​តំបន់​ផលិតកម្ម​ថ្មី​ក្នុងចំណោម​បណ្តា​ក្រុមហ៊ុន​នានា​នៅក្នុង​បណ្តាញ​ផ្គត់ផ្គង់​បច្ចេកវិជ្ជា​នៅ​ទូទាំងប្រទេស​ចិន​និង​កោះ​តៃវ៉ាន់​។​

​យោងតាម​ការិយាល័យ​ស្ថិតិ​វៀតណាម​បានឱ្យដឹងថា ដើមទុន​វិនិយោគ​ផ្ទា​ល់ពី​បរទេស (FDI) ពី​ប្រទេស​ចិន​បាន​កើនឡើង ៤,៦ ដង​ក្នុង​មួយឆ្នាំៗ គឺ​កើន​ដល់ ១,៥៦ ពាន់​លាន​ដុល្លារ​អាម៉េរិក​ក្នុង​រយៈពេល ៥ ខែ​ដំបូង​នៃ​ឆ្នាំ ២០១៩​។​

​យោងតាម​នាយកដ្ឋាន​គោលនយោបាយ​និង​ការជំរុញ​ឧស្សាហកម្ម​របស់​ឥណ្ឌា​បានឱ្យដឹងថា លំហូរ FDI របស់​ចិន​ចូលមក​ឥណ្ឌា​បាន​កើនឡើង ១៣៧ ភាគរយ​នៅ​ឆ្នាំ ២០១៨ ធៀប​នឹង​ឆ្នាំមុន ដោយមាន​ចំនួន​លើសពី ៣៩១ លាន​ដុល្លារ​អាម៉េរិក​។​

​ក្រុមហ៊ុន AAC Technology ជា​ក្រុមហ៊ុន​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ចុះបញ្ជី​នៅ​ហុងកុង​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សិន​ចិន នឹង​សង់​រោងចក្រ​ថ្មី​នៅ​វៀតណាម​និង​ហ្វីលីពីន​រួចរាល់​នៅ​ចុងឆ្នាំ ២០១៩​។​

​ក្រុមហ៊ុន​ផ្គត់ផ្គង់​សមាសធាតុ​សម្រាប់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​និង​កែវ​ថត​សម្រាប់​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​របស់​អាម៉េរិក Apple និង​គូប្រកួត​ប្រជែង​របស់ខ្លួន Huawei ភាគច្រើន​មាន​មូលដ្ឋាន​ផលិត​នៅ​ចិនដីគោក​៕ ដោយ៖ កញ្ញាដាលីស

ឥណ្ឌា​និង​វៀតណាម​កំពុង​ទទួលផល​ចំណេញ​ពី​ជម្លោះ​ពាណិជ្ជកម្ម
#