ឥណ្ឌា​និង​ស្រីលង្កា​ព្រមព្រៀង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ប្រឆាំង​ភេរវកម្ម​

256
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិ​នដ្រា ម៉ូ​ឌី​(Narendra Modi)​បាន​គោរព​វិញ្ញាណក្ខន្ធ​ប្រជាពលរដ្ឋ​ស្រីលង្កា​ជាង​២៥០​នាក់​ដែល​ត្រូវបាន​សម្លាប់​នៅ​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​​អត្តឃាត​កាល​ពី​ថ្ងៃបុណ្យ​គ្រិស្តសាសនា​Easter ហើយ​បាន​ព្រមព្រៀង​ជាមួយ​ក្រុម​មេដឹកនាំ​ស្រីលង្កា​ថា​នឹង​រួម​គ្នា​បង្កើន​កិច្ចសហប្រតិបត្តិការ​ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម​។​

​លោក ណារិ​នដ្រា ម៉ូ​ឌី ដែល​ធ្វើ​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​លើកដំបូង​របស់​លោក​ចាប់តាំងពី​លោក​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ជា​ថ្មី នៅ​និទាឃ​រដូវ​នេះ បាន​សង្កត់ធ្ងន់​លើ​​គោលនយោបាយ ” ប្រទេសជិតខាង​មុនគេ ” របស់​ឥណ្ឌា​នៅក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ចុង​សប្តាហ៍​នៅ​ប្រទេស​ម៉ាល់​ឌី​វ និង ស្រីលង្កា​។​

​នៅ​មុនពេល​ចាប់ផ្តើម​ជំនួប​ពិភាក្សា​ផ្លូវការ​នៅ​ប្រទេស​ស្រីលង្កា លោក ណារិ​នដ្រា ម៉ូ​ឌី​បាន​ទៅ​មើល​ព្រះវិហារ​ដែល​ត្រូវ​បាន​វាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​កូឡុំបូ​ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​នៅក្នុង​ការវាយប្រហារ​នោះ​។​

​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ស្រីលង្កា លោក ម៉ា​យ​ស្រ៊ី​ប៉ា​ឡា ស៊ី​រី​សេណា លោក ណារិ​នដ្រា ម៉ូ​ឌី បាន​ធ្វើ​កិច្ច​ពិភាក្សា​អំពី​ទំនាក់ទំនង​ទ្វេភាគី សន្តិសុខ សន្តិភាព​និង​​ស្ថិរភាព​តំបន់ ។​

​ការិយាល័យ​ប្រធានាធិបតី​ស្រីលង្កា បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ចាប់តាំងពី​ប្រទេស​ស្រីលង្កា​និង​ឥណ្ឌា​ជា​ជនរងគ្រោះ​នៃ​អំពើ​ភេរវកម្ម​មក​នោះ មេដឹកនាំ​​ទាំង​២​បាន​ថ្កោលទោស​អំពើ​ភេរវកម្ម​និង​បាន​សម្រេចចិត្ត​បង្កើន​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម​។​

​លោក ណារិ​នដ្រា ម៉ូ​ឌី ក៏​បាន​ធ្វើ​កិច្ច​ពិភាក្សា​ផង​ដែរ​ជាមួយ​មេដឹកនាំ​បក្សប្រឆាំង លោក ម៉ា​ហ៊ី​ន​ដា រ៉ា​ចា​ប៉ាក​សា និង​ក្រុម​មេដឹកនាំ​ជនជាតិភាគតិច​តា​មី​ល​នៅ​មុនពេល​​ត្រឡប់​មក​ទៅ​ប្រទេស​របស់​លោក​វិញ​កាលពី​ថ្ងៃអាទិត្យ​។​

​ចាប់តាំងពី​បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ជា​លើកដំបូង​នៅ​ឆ្នាំ​២០១៤​មក​នោះ លោក ណារិ​នដ្រា ម៉ូ​ឌី បាន​សង្កត់ធ្ងន់​លើ​គោលនយោបាយ ” ប្រទេសជិតខាង​មុនគេ ” ​សម្រាប់​តំបន់​អាស៊ី​ខាងត្បូង ដោយ​សន្យា​ថា​ប្រទេស​ជិតខាង​នឹង​ទទួល​ប្រយោជន៍​ពី​កំណើន​សេដ្ឋកិច្ច​របស់​ឥណ្ឌា​៕ដោយ៖សុខា/sn

លោក ណារិ​នដ្រា ម៉ូ​ឌី (​រូប​ស្តាំ) ត្រូវបាន​ទទួល​ស្វាគមន៍​ដោយ​លោក ម៉ា​យ​ស្រ៊ី​ប៉ា​ឡា ស៊ី​រី​សេណា (​រូប​​ឆ្វេង) នៅ​វិមាន​ប្រធានាធិបតី​នៅ​ទីក្រុង​កូឡុំបូ កាលពី​ថ្ងៃអាទិត្យ​