ឥណ្ឌា​និង​អាម៉េរិក​បន្ត​ការចរចា​ពាណិជ្ជកម្ម ខណៈ​សង្គ្រាម​ពន្ធ​កំពុង​ក្តៅគគុក​

366
ចែករម្លែក

​ក្រុម​ចរចា​ពាណិជ្ជកម្ម​របស់​អាម៉េរិក​និង​ឥណ្ឌា​បានចាប់ផ្តើម​ការចរចា​កាលពី​ថ្ងៃ​សុក្រ​ទី​១២​កក្កដា ខណៈ​ភាព​តានតឹង​បាន​កើនឡើង​ដោយសារ​វិធានការ​គាំពារ​និយម ដែល​បាន​អនុវត្ត​ដោយ​ភាគី​ទាំងពីរ​។​

​ខណៈដែល​ឥណ្ឌា​និង​សហរដ្ឋ​អាម៉េរិក​កាន់​តែមាន​ភាពជិតស្និទ្ធ​នឹង​គ្នា​ខ្លាំង​ឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ប្រធានាធិបតី​អាម៉េរិក​លោក ដូ​ណា​ល់ ត្រាំ បាន​រិះគន់​ទៅលើ​ប្រទេស​អាស៊ី​ខាងត្បូង​ដ៏​ធំ​មួយ​នេះ​នៅលើ​បណ្តាញ​សង្គម Twitter នៅ​សប្តាហ៍​នេះ​ដោយ​និយាយថា ពន្ធគយ​របស់​ឥណ្ឌា “​មិនអាច​ទទួលយកបាន​តទៅទៀត​ឡើយ​” ។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ដក​ប្រទេស​ឥណ្ឌា​ចេញពី​បញ្ជី​ប្រទេស​ដែល​ទទួលបាន​ការលើក​លែង​ពន្ធ​លើ​ការ​នាំចូល​តម្លៃ​ជាង ៦ ពាន់​លាន​ដុល្លារ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​កាលពីដើម​ឆ្នាំនេះ​។ ចំណាត់ការ​នេះ​បាន​កើតមានឡើង បន្ទាប់ពី​អាម៉េរិក​ទារពន្ធ​ដ៏​ខ្ពស់​លើ​ការ​នាំចូល​ដែកថែប​និង​អាលុយមីញ៉ូម​ពី​ឥណ្ឌា​។​

​ជាការ​ឆ្លើយតប រដ្ឋាភិបាល​ក្រុង​ញូ​វ​ដេលី​ដែល​ខឹងសម្បារ​ខ្លាំង បាន​ដំឡើង​ពន្ធ​លើ​ផលិតផល​អាម៉េរិក​២៨​មុខ រួមទាំង​គ្រាប់​អាល់​ម៉ុង ផ្លែ​ប៉ោម និង​គ្រាប់​វ៉​ល់​ណាត់ កាលពី​ខែ​មុន​។​

​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អាម៉េរិក លោក វី​ល​បួ រ៉ូ​ស មុននេះ​បាន​រិះគន់​គោលនយោបាយ​ពាណិជ្ជកម្ម​និង​ច្បាប់​ពន្ធ​របស់​ឥណ្ឌា ដោយ​និយាយថា ពួកគេ​បាន​បង្ក​ឧបសគ្គ​ធំ​ចំពោះ​ការទាក់ទាញ​វិនិយោគ​បរទេស​។​

​ខណៈដែល​ជម្លោះ​រវាង​ភាគី​ទាំង​ពីរបាន​កើនឡើង​យ៉ាងខ្លាំង​នោះ លោក​ត្រាំ​និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក​ណារិន​ដ្រា ម៉ូ​ឌី បាន​បញ្ជា​ឱ្យមាន​កិច្ចចរចា នៅពេល​ពួកគេ​បាន​ជួបគ្នា​នៅ​ទីក្រុង​អូ​សា​កា​ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល G20 កាលពី​ខែមិថុនា​។​

​ប្រភព​នៅ​ក្រសួងពាណិជ្ជកម្ម​ឥណ្ឌា​បានឱ្យដឹងថា ជំនួយការ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាម៉េរិក​លោក​គ្រី​ស្តូ​ហ្វើ វី​ល​សុន (Christopher Wilson) បាន​ជួប​ជាមួយ​មន្ត្រី​ឧស្សាហកម្ម​ពាណិជ្ជកម្ម​ឥណ្ឌា​នៅ​ក្រុង​ញូវដែលី​កាលពី​ថ្ងៃ​សុក្រ​ទី​១២​កក្កដា នៅមុន​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ឥណ្ឌា​លោក ពី​យូ​ស ហ្គូ​យ៉ា​ល់ (Piyush Goyal) ។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ឥណ្ឌា លោក​រ៉ាវី​ស កុមារ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា រាល់​ការសម្រេចចិត្ត​នៅក្នុង​កិច្ចពិភាក្សា​នេះ​គឺមាន​បំណង​រក្សា​ទំនាក់​ទំនងជា​វិជ្ជមាន​។​

​លោក​កុមារ​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​យើង​ត្រូវ​ចងចាំ​នូវ​រូបភាព​ធំ​ជាង​នេះ ហើយ​នៅក្នុង​រូបភាព​ធំ​ជាង​នេះ ត្រូវ​ព្យាយាម​ដោះស្រាយ​បញ្ហា​ទាំងអស់​ដែលមាន​នៅលើ​តុ​”​។​

​ពាណិជ្ជកម្ម​រវាង​ឥណ្ឌា​និង​អាម៉េរិក​មានតម្លៃ ១៤២,១ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៨ ដោយ​សហរដ្ឋ​អាម៉េរិក​មាន​ឱនភាព ២៤,២ ពាន់​លាន​ដុល្លារ​។ វេទិកា​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​អាម៉េរិក​និង​ឥណ្ឌា​បាន​ព្យាករណ៍​ថា​ពាណិជ្ជកម្ម​នឹង​កើន​ដល់ ២៣៨ ពាន់​លាន​ដុល្លារ​នៅត្រឹម​ឆ្នាំ ២០២៥៕ ដោយ៖ កញ្ញាដាលីស

ឥណ្ឌា​និង​សហរដ្ឋ​អាម៉េរិក​កាន់​តែមាន​ភាពជិតស្និទ្ធ​នឹង​គ្នា​ខ្លាំង​ឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ប៉ុន្តែ​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម​កំពុង​កើនឡើង​ខ្លាំង