ឥណ្ឌា​នឹង​ជំនួស​ចិន ជា​អ្នក​ផលិត​iPhones​ធំ​បំផុត​ក្នុង​លោក​

234
ចែករម្លែក
  • 33
    Shares

​ខណៈ​ឥណ្ឌា​កំពុង​ធ្វើ​ការបោះឆ្នោត​ជាតិ​ដ៏​តានតឹង ក្រុមហ៊ុន​Foxconn Technology​ដែល​ផលិត​ទូរស័ព្ទ​iPhones​របស់​Apple​ធំ​បំផុត បានប្រកាសថា ខ្លួន​នឹង​រើ​មូលដ្ឋាន​ផលិត​​របស់​ខ្លួន​ចេញពី​ចិន​ទៅ​ឥណ្ឌា​។​ការប្រកាស​នេះ​នឹង​ជួយ​បង្កើន​សម្លេង​គាំទ្រ​រដ្ឋាភិបាល​របស់​គណបក្ស​Bharatiya Janata Party (BJP)​ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​​ណា​រេ​នដ្រា ម៉ូ​ឌី​។​

​គណបក្ស​នេះ​កំពុង​ប្រឈម​ការ​ប្រជែង​អួតអាង​អំពី​ការ​រក​ការងារ​អោយ​ធ្វើ​ពី​បណ្តា​បក្សប្រឆាំង ខណៈ​តួលេខ​រដ្ឋាភិបាល​បង្ហាញ​ថា​អត្រា​អត់​ការងារ​ធ្វើ​ស្ថិតក្នុង​កំរិត​៦,១​ភាគរយ​​នៅ​ឆ្នាំ​២០១៧ ជា​កំរិត​ខ្ពស់​បំផុត​ចាប់តាំងពី​ឆ្នាំ​១៩៧២-៧៣​។​

​តែ​លោក​ធឺ​រី ហ្គោ ប្រធាន​Foxconn Technology​បាន​និយាយ​នៅក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​តៃវ៉ាន់​ថា​« នៅពេល​ខាងមុខ យើង​នឹង​ដើរ​តួនាទី​សំខាន់​មួយ​ក្នុង​ឧស្សាហកម្ម​ស្មា​ត​ហ្វូន​​របស់​ឥណ្ឌា​។​យើង​បាន​រើ​ខ្សែសង្វាក់​ផលិតកម្ម​របស់​យើង​ទៅ​ទីនោះ​»​។​

​សូមបញ្ជាក់​ថា មាន​អ្នក​ស៊ីប្រាក់ខែ​របស់​Foxconn​ចំនួន​១,៣​លាន​នាក់​នៅក្នុង​ប្រទេស​ចិន​តែមួយ​។​និយោជក​ប្រើ​កម្មករ​ច្រើន​បំផុត​នៅ​ចិន​នេះ បានប្រកាសថា​iPhones​នឹង​​ត្រូវ​ផលិត​ជា​ទ្រង់ទ្រាយ​ធំ​នៅ​ឥណ្ឌា​នៅ​ឆ្នាំនេះ​។​លោក​ហ្គោ បានបញ្ជាក់​ថា នាយករដ្ឋមន្ត្រី ម៉ូ​ឌី បាន​ឈោង​ដៃ​ទាំង​២​ស្វាគមន៍​ក្រុមហ៊ុន​តៃវ៉ាន់​របស់លោក​ក្នុង​ការបង្កើត​រោងចក្រ​​ផលិត បន្ថែម​លើ​រោងចក្រ​២​ដែល​បាន​ដំណើរការ​ផលិត​ហើយ​នៅ​រដ្ឋ​អាន់​ដ្រា ប្រា​ដែស និង​តាមឹ​ល ណា​ឌូ កន្លែង​ដែល​ខ្លួន​ធ្វើ​ឧបករណ៍​សំរាប់​ក្រុមហ៊ុន​ទូរស័ព្ទ​Xiaomi និង​Nokia​។​

​ព័ត៌មាន​អំពី​ការ​រើ​មូលដ្ឋាន​ផលិត​នេះ​កើតឡើង​ក្រោយ​ពី​ការលក់ iPhones​នៅ​ចិន​ធ្លាក់ចុះ ដោយ​បង្ខំ​អោយ​ទូរស័ព្ទ​ប្រ៊ែន​ពិភពលោក​នេះ​បន្ទាប់ថ្លៃ​លក់​៕​ដោយ​៖​វាសនា​